ប្រណាំងកង់៖ ម៉ាស្សែល ឃីតថេល ឈ្នះក្នុងជុំទី២ ខណះម្ចាស់ជើងឯកបារាំងធ្លាក់
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: March 06, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កីឡាករប្រណាំងកង់របស់អាឡឺម៉ង់ ម៉ាស្សែល ឃីតថេល (Marcel Kittel) បានឈ្នះក្នុងជុំទី២ នៃកម្មវិធី ប៉ារីស-ណីស (Paris-Nice) ក្នុងការប្រកួតរយះចំងាយ ២០០,៥គីឡូម៉ែត្រ ដែលត្រូវធ្វើដំណើរពីតំបន់វីម៉ូរី (Vimory) ទៅកាន់ ស្សឺរីលី (Cerilly) កាលពីថ្ងៃអង្គារ៏កន្លងទៅ។
កីឡាករប្រណាំងកង់ ម៉ាស្សែល ឃីតថេល។
ទោះបីជាយ៉ាងណា ការនាំមុខសរុបគឺបានទៅលើកីឡាកររបស់អ៊ីតាលី អេលែ វីវ៊ែនី (Elia Viviani) ដែលបានទទួលផលចំណេញពីអ្នកនាំមុខចាស់ គឺម្ចាស់ជើងឯកកីឡាករបារាំង ណាសឺ បូហានី (Nacer Bouhanni) ដែលបានធ្លាក់ចេញពីការប្រកួតដោយសារតែគាត់ដួលក្នុងចំងាយ ៥៨គីឡូម៉ែត្រ ពីកន្លែងបញ្ចប់ ហើយរងការឈឺចាប់ដោយសាររបួសមាត់។
បន្ទាប់ពីគ្រូពេទ្យបានពិនិត្យរួចឃើញថា កីឡាករវ័យ ២២ឆ្នាំរូបនេះ បានបាក់ធ្មេញអស់ចំនួន២ ហើយត្រូវការដេរចំនួន ៨ថ្នេរ នៅលើបបូរមាត់របស់គាត់។
លោកវេជ្ជបណ្តិត ជឺរ៉ាត ក្វីលូមី (Gerard Guillaume) របស់ក្រុមអេហ្វឌីជេ (FDJ) បាននិយាយថា « តាមការឆ្លុះមើលកាំរស្មី អ៊ិចរ៉េ (x-rays) បានឲ្យដឹងថា គ្មានការបែកបាក់ឆ្អឹង ណាមួយផ្សេងទៀត ដែលគួរឲ្យបារម្មណ៏នោះទេ»។
កីឡាករវ័យ ២៤ឆ្នាំ ឃីតថេល ដែលបានឈ្នះការប្រណាំងក្នុងប្រទេសអេស្ប៉ាញកាលពីឆ្នាំ ២០១១នោះ បានវ៉ាផ្តាច់កីឡាករ ៤រូបផ្សេងទៀត ដោយរួមបញ្ចូលទាំងកីឡាករ វីវ៊ែនី ហើយទៅដល់ទីមុនគេបានសម្រេច។
កីឡាករ វីវ៊ែនី ទទួលបានចំណាត់ថ្នាក់លេខ២ ខណះដែលកីឡាករអូស្រ្តាលី លេក ហូវ៉ាដ (Leigh Howard) ទទួលបានចំណាត់ថ្នាក់លេខ៣ ហើយជាបេក្ខជនចុងក្រោយគេ ដែលឈរនៅលើវេទិកា។
កីឡាករ ឃីតថេល បាននិយាយថា «ខ្ញុំពិតជារីករាយខ្លាំងណាស់ ដែលមានឱកាសនេះ។ បន្ទាប់ពីជុំទី១ចប់ ខ្ញុំមានអារម្មណ៏ សោកស្តាយខ្លាំងណាស់ ដែលខ្ញុំគ្មានឱកាសដើម្បីឈ្នះ ពីព្រោះខ្ញុំនៅសល់ចំងាយ ១០គីឡូម៉ែត្រពីទីផ្ដាច់ព្រ័ត្រ»។
គាត់បានបន្តថា «វាសំខាន់ណាស់សំរាប់ខ្ញុំ ក្នុងការទទួលបានជ័យជំនះក្នុងការប្រណាំងកង់ពិភពលោក ហើយវាដូចជាឆាប់ពេកក្នុងរដូវកាលនេះ។ ប៉ុន្តែវាប្រហែលជាឱកាសចុងក្រោយសំរាប់ខ្ញុំក្នុងការឈ្នះក្នុងកម្មវិធី ប៉ារីសណៃ នាឆ្នាំនេះផងដែរ»។
កីឡាករ វីវ៊ែនី បាននាំមុខជាលើកទី២ ទៅលើកីឡាករបារាំង ស៊ីលវែន ឆាវ៉ាញ៉ែល (Sylvain Chavanel) ជាមួយនឹងជនរួមជាតិ ដាម៉ែន កូឌិន (Damien Gaudin) ដែលស្ថិតនៅចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតសរុប។
កីឡាកររូបនេះបាននិយាយទាំងរំភើបថា «វាធ្វើឲ្យខ្ញុំ មានក្តីសោមនស្ស និងរីករាយយ៉ាងខ្លាំង ដែលបានពាក់អាវពណ៌លឿង ព្រោះវាជាគោលបំណងរបស់ខ្ញុំ។ ខ្ញុំមិនបានឈ្នះក្នុងជុំ ប៉ុន្តែ កីឡាករ ឃីតថេល ពិតជាខ្លាំងណាស់សំរាប់រូបខ្ញុំនៅថ្ងៃនេះ»។
គាត់បានបន្តថា «ខ្ញុំកំពុងតែសម្លឹងមើលទៅជុំបន្ទាប់ ហើយវាពិតមានការលំបាក ដើម្បីការពារ ដំណែងមួយនេះ ប៉ុន្តែខ្ញុំមានក្រុមដ៏ល្អ ហើយខ្ញុំនឹងព្យាយាមឲ្យល្អជាទីបំផុត»។
ក្នុងការប្រណាំងជុំទី៣ មានចំងាយ ១៧០,៥ គីឡូម៉ែត្រ ដែលត្រូវចាប់ផ្តើមពីតំបន់ ឆាថេល កូយ៉ន (Chatel-Guyon) ទៅកាន់តំបន់ ប្រីអូដេ (Brioude) នៃប្រទេសបារាំង ហើយមានតំបន់ខ្ពស់ចំនួន ២កន្លែង ដែលស្ថិតនៅចម្ងាយ ១៥គីឡូម៉ែត្រពីទី៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ