ភ្នំពេញប៉ុស្ដ៍ ថា​ការ​ត្រួត​ពិនិត្យ​ផ្នែក​ពន្ធដារ មិន​ទាក់​ទង​នយោបាយ

ពាក្យចចាមអារាម នាប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្វើឲ្យគេជឿថា សារព័ត៌មានភ្នំពេញប៉ុស្ដិ៍ អាចនឹងទទួលវាសនា ដូចសារព័ត៌មាន ខេមបូឌៀដេល្លី ដែលត្រូវបានបង្ខំ​ឲ្យបិទទ្វា នៅដើមខែកញ្ញា កន្លងមកនោះដែរ។ ប៉ុន្តែសេចក្ដីថ្លែងការណ៍ របស់ស្ថាប័នផ្សព្វផ្សាយឯករាជ្យមួយនេះ នៅថ្ងៃទី២០ ខែមីនា បានប្រកាសច្រានចោល ពីដំណឹងនេះ និងបានជឿថា ការត្រួតពិនិត្យទៅលើការបង់ពន្ធ ជារឿងធម្មតា គ្មានពាក់ព័ន្ធដល់នយោបាយឡើយ។
ភ្នំពេញប៉ុស្ដ៍ ថា​ការ​ត្រួត​ពិនិត្យ​ផ្នែក​ពន្ធដារ មិន​ទាក់​ទង​នយោបាយ
ប្រិយមិត្តអ្នកអានការសែតភ្នំពេញប៉ុស្ដ៍។ (រូបថត សហការី)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២០ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 21, 2018
  • ប្រធានបទ: សេរីភាព​សារព័ត៌មាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សារព័ត៌មានភ្នំពេញប៉ុស្ដិ៍ (The Phnom Penh Post) ត្រូវទូទាត់បំណុលពន្ធ ក្នុងចំនួនទឹកប្រាក់ ប្រមាណជា ៣,៩លានដុល្លារ​អាមេរិក ក្នុងរយៈពេល៦០ថ្ងៃ។ ឬបើមិនដូច្នេះទេ សារព័ត៌មាននឹងប្រឈម នូវការបិទទ្វា មិនខុសណា ពីវាសនារបស់​សារព័ត៌មាន ខេបូឌៀដេល្លី (The Cambodia Daily) ដែលបានបិទទ្វា កាលពីដើមខែកញ្ញា កន្លងមកនោះទេ។

នេះ បើគេជឿតាមការទម្លាយឲ្យដឹង តាមរយៈក្រុមប្រមាញ់ព័ត៌មានមួយ នៅលើបណ្ដាញសង្គមទ្វីសធើរ មុននឹងត្រូវបានសារព័ត៌មាន «AEC News Today» យកទៅចុះផ្សាយបន្ត កាលពីថ្ងៃទី១៦ ខែមីនានេះ។ សារព័ត៌មាន សរសេរជាភាសាអង់គ្លេសមួយនេះ បានសរសេរថា កាសែតភ្នំពេញប៉ុស្ដិ៍ ដែលបានចេញផ្សាយ តាំងពី២៦ឆ្នាំមកនោះ នឹងក្លាយជា«ជនរងគ្រោះចុងក្រោយបំផុត» នៃ«ការអនុវត្តន៍ច្បាប់» តាមបែប«ប្រញាប់ប្រញាល»មួយ របស់ប្រទេសកម្ពុជា។

បន្ថែមពីលើនេះ សារព័ត៌មានបានស្រង់ព័ត៌មាន របស់​ក្រុមប្រមាញ់ព័ត៌មាននោះ មកផ្សាយទៀតថា ក្រុមហ៊ុន «Post Media Co., Ltd» ដែលជាម្ចាស់របស់កាសែត ភ្នំពេញប៉ុស្ដិ៍ ចេញផ្សាយ​ជាភាសា​អង់គ្លេស និង​ខេមរភាសា ត្រូវសាលាដំបូងរាជធានី កំណត់ឲ្យសងប្រាក់ ច្រើនជាង ២០០ ០០០ដុល្លា យ៉ាងឆាប់រហ័សជាទីបំផុត ទៅអតីតអគ្គនាយក របស់ខ្លួន។

សារព័ត៌មាន «AEC News» បានសរសេរថា៖ «អនាគតនៃសារព័ត៌មាន ផ្សាយជាភាសាអង់គ្លេស ដែលមានវ័យចំណាស់ជាងគេមួយនេះ ទំនងជាត្រូវជួបនឹងភាពខ្មៅងងឹត»។

នៅចំពោះដំណឹងខាងលើ លោក «Marcus Holmes» អគ្គនាយកក្រុមហ៊ុន «Post Media Co., Ltd» បានចេញសេចក្ដីថ្លែងការណ៍មួយ បដិសេធពីអនាគត «ខ្មៅងងឹត» និងអះអាងថា សារព័ត៌មាន ភ្នំពេញប៉ុស្ដ៍ មិនប្រឈម​នឹងការបិទទ្វានោះទេ។ ប៉ុន្តែសេចក្ដីថ្លែងការណ៍ ចេញផ្សាយ​នៅថ្ងៃទី២០ ខែមីនានេះ ហាក់បានទទួលស្គាល់ ពីការដាក់កំហិតឲ្យបង់ពន្ធ និងការពិន័យ ដែលមានចំនួនច្រើនលានដុល្លារ ដោយគ្រាន់តែបញ្ជាក់ថា ខ្លួនកំពុងសិក្សា ពិនិត្យឡើងវិញ ពីបញ្ហាទាក់ទងនឹងការបង់ពន្ធនេះ ជាមួយអគ្គនាយកដ្ឋានពន្ធដារកម្ពុជា។

សេចក្ដីថ្លែងការណ៍ ដែលសរសេរជាភាសាអង់គ្លេស បានឲ្យដឹងថា៖ «បញ្ហាបង់ពន្ធ និងការចុះធ្វើអធិការកិច្ច គឺជារឿងធម្មតាមួយ សម្រាប់ការធ្វើអាជីវកម្ម ហើយអគ្គនាយកដ្ឋានពន្ធដារ របស់ប្រទេសកម្ពុជា ក៏បានធ្វើអធិការកិច្ច ទៅលើការបង់ពន្ធ ដូចគ្នានេះ ទៅលើក្រុមហ៊ុន​រកទទួលទាន​ដទៃទៀត នៅក្នុងប្រទេសដែរ»។

សម្រាប់ការសម្រេច របស់សាលាដំបូងរាជធានី ក្នុងការបង្គាប់ឲ្យបង់ប្រាក់ ទៅឲ្យអតីតអគ្គនាយករបស់ខ្លួននោះ ត្រូវបានលោក «Marcus Holmes» ​ពន្យល់ក្នុងសេចក្ដីថ្លែងការណ៍នោះថា ស្ថាប័នភ្នំពេញប៉ុស្ដិ៍ កំពុងធ្វើការប្ដឹងទាស់ ឡើងទៅសាលា​ឧទ្ធរណ៍​នៅឡើយ។

សេចក្ដីថ្លែងការណ៍រៀបរាប់បន្តថា៖ «ខណៈពេលដែលស្ថានភាពផលប្រយោជន៍ របស់សារព័ត៌មានភ្នំពេញប៉ុស្តិ៍ គឺអាចយល់បានដូចខាងលើ ក្រុមហ៊ុនគ្មានហេតុផលណាមួយ ដែលជឿថា បញ្ហាណាមួយ ក្នុងចំណោមបញ្ហាទាំងនេះ ត្រូវបានលើកទឹកចិត្ត ខាងនយោបាយឡើយ»។

កាលពីដើមខែកញ្ញា សារព័ត៌មាន ខេបូឌៀដេល្លី ត្រូវបានបង្ខំចិត្តបិទទ្វា បន្ទាប់ពីសារព័ត៌មាននេះ ត្រូវបានស្ថាប័នគ្រប់គ្រងពន្ធដារ កំហិតឲ្យទូទាត់បំណុលពន្ធ មានប្រមាណជា ៦,៣លានដុល្លារអាមេរិក។ ការបិទទ្វានេះ ត្រូវបានសារព័ត៌មានខ្លួនឯង និងអ្នកឃ្លាំមើលឯករាជ្យ បរិហារថា វាជាជោគជ័យមួយទៀត នៃយុទ្ធនាការដ៏ធំ និងជាបន្តបន្ទាប់ របស់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការវាយបំបាក់សម្លេងជំទាស់ និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ លេខចុងក្រោយ របស់សារព័ត៌មានមួយនេះ បានចេញផ្សាយអត្ថបទ ដែលមានចំណងជើងថា «ជំហានឈានចូលរបបផ្ដាច់ការ [របស់កម្ពុជា]»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...