បើ CNRP ឈ្នះឆ្នោត២០១៨ ស ខេង នឹងនៅជាឧបនាយករដ្ឋមន្រ្តី?
- ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ មិថុនា ២០១៧
- កែប្រែចុងក្រោយ: June 03, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទុកតំណែង សម្រាប់អនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង ជាឧបនាយករដ្ឋមន្ត្រី ឲ្យនៅដដែល បើសិនជាគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នៅឆ្នាំ២០១៨ខាងមុខ? តើដំណឹងនេះ ជាការពិត ដែលចេញពីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង ធំជាងគេនៅកម្ពុជាឬ? មន្ត្រីម្នាក់ របស់គណបក្សប្រឆាំង បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថាគណបក្សមិនចាប់អារម្មណ៍ នឹងករណីនេះទេ។
យ៉ាងណាក៏ដោយ ក៏ដំណឹងនេះ ត្រូវបានខុទ្ទកាល័យ លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា អះអាងថា ជាការលើកឡើង របស់របស់លោក គង់ គាំ ទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ដែលបានថ្លែងនៅចំពោះ អ្នកគាំទ្ររបស់ខ្លួន ក្នុងយុទ្ធនាការឃោសនា រកសំឡេងឆ្នោត នៅសង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ។
សេចក្ដីប្រកាសព័ត៌មាន របស់ខុទ្ទកាល័យលោក ស ខេង ដែលចេញផ្សាយកាលពីម្សិលម៉ិញ បានស្រង់សំដីរបស់លោក គង គាំ មកបញ្ជាក់ថា៖ «បើគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត ឆ្នាំ២០១៨ ដឹកនាំរាជរដ្ឋាភិបាលធ្វើនាយករដ្ឋមន្រ្តី ទុកសម្តេចក្រឡាហោម ធ្វើឧបនាយករដ្ឋមន្រ្តីដដែល តែសង្រ្គោះជាតិធ្វើរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ»។
ខុទ្ទកាល័យរដ្ឋមន្ត្រីមហាផ្ទៃ បានចាត់ទុក ការលើកឡើងខាងលើនេះ ថា«ការយល់សប្ដិ» និងជាប្រមាថមាក់ងាយធ្ងន់ធ្ងរ មកលើកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោក ស ខេង។ ខុទ្ទកាល័យបានអំពាវនាវ ដល់សាធារណជនទាំងអស់ កុំឲ្យ«ចាញ់បោកឧបាយកលដ៏ពិសពុល បម្រើមហិច្ឆតាផ្ទាល់ខ្លួន និងផលប្រយោជន៍នយោបាយរបស់លោក គង់ គាំ និងគណបក្សសង្រ្គោះជាតិ»។
សេចក្ដីប្រកាសព័ត៌មាន បានសរសេរថា៖ «សម្តីរបស់លោក គង់ គាំ ក៏ជាការប្រមាថមាក់ងាយយ៉ាងធ្ងន់ធ្ងរ មកលើកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សម្តេចក្រឡាហោម ស ខេង ក្នុងនាមជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូប របស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលតែងទទួលបាន នូវការគោរពស្រឡាញ់ ពីសំណាក់មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទៅ គ្រប់ស្រទាប់ក្នុងសង្គម»។
លោក ស ខេង ត្រូវបានគេស្គាល់ថា ជាមន្ត្រីមួយរូប ពីក្នុងចំណោមមន្ត្រី ដ៏កម្រផ្សេងទៀត ដែលមានជាប់សែស្រឡាយ យ៉ាងជិតស្និត ជាមួយលោក ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងដែលនៅតែមានតំណែងជាន់ខ្ពស់ (ជាឧបនាយករដ្ឋមន្ត្រី) នៅក្នុងរដ្ឋាភិបាលលោក ហ៊ុន សែន អតីតអនុប្រធានគណបក្ស។ បន្ទាប់ពីលោក ជា ស៊ីម បានទទួលមរណភាពទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្លាយជាប្រធានគណបក្ស ពីក្នុងការបោះឆ្នោតផ្ទៃក្នុង ដែលមានបេក្ខជនប្រធានគណបក្សតែមួយ ខណៈលោក ស ខេង និងលោក សាយ ឈុំ បានក្លាយជាអនុប្រធានគណបក្ស៕
» សេចក្ដីប្រកាសព័ត៌មានទាំងស្រុង របស់ខុទ្ទកាល័យលោក ស ខេង៖