អត្តសញ្ញាណជនសង្ស័យ បាញ់ប្រហារក្នុងថ្ងៃចូលឆ្នាំនៅទួរគី
- ដោយ: សេក មនោរកុមារ ([email protected]) - បារីស ថ្ងៃទី០៣ មករា ២០១៧
- កែប្រែចុងក្រោយ: January 03, 2017
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមការទម្លាយឲ្យដឹង របស់អាជ្ញាធរទួរគី បានអះអាងថា ជនសង្ស័យ ដែលបានតែងខ្លួន ជា«តាណូអែល» ចូលទៅបាញ់សម្លាប់មនុស្សច្រើនសិប នៅក្នុងរង្គសាលមួយ កណ្ដាលទីក្រុង ទីស្តាមប៊ូល (ភាគខាងជើង នៃប្រទេសទួរគី) កាលពីយប់ថ្ងៃចូលឆ្នាំសកលនោះ មានអាយុ២៨ឆ្នាំ ឈ្មោះ «Lakhe Mashrapov» និងមានដើមកំណើត មកពីប្រទេសគៀរជីស្ដង់ (Kirghizstan)។
Reina canisinin Taksim'de çektiği selefie videosu https://t.co/5Ca40Wh7SY pic.twitter.com/ZQmR4Q130l
— fuat atik (@mfuatatik) 2 janvier 2017
សារព័ត៌មានទួរគីជាច្រើន បានស្រង់ប្រភពផ្លូវការ របស់អាជ្ញាធរនិងអ្នកស៊ើបអង្កេត មករាយការណ៍ថា ជនសង្ស័យ ដែលកំពុងស្ថិតក្រោមការតាមប្រមាញ់ ពីសំណាក់កងកម្លាំងនគរបាលទួរគី ធ្លាប់បានប្រយុទ្ធ «ស្មារប្រកៀកស្មារ» នៅក្នុងជួរកងស្ម័គ្រប្រយុទ្ធដើម្បីព្រះជាម្ចាស់ នៃក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI អង់គ្លេសហៅ ISIS) ក្នុងប្រទេសស៊ីរី។
សារព័ត៌មាន «Hürriyet» បានឲ្យដឹងថា ជនសង្ស័យបានចូលមកក្នុងប្រទេសទួរគី តាមរយៈប្រទេសស៊ីរី បន្ទាប់ពីបានចូលរួមប្រយុទ្ធ នៅក្នុងជួរកងកម្លាំង របស់ក្រុមរដ្ឋអ៊ីស្លាម។ ប្រវត្តិរបស់ជននេះ មិនបានធ្វើឲ្យគេសង្ស័យទេថា ជននេះមានទម្លាប់កាន់អាវុធ និងចេះប្រើប្រាស់អាវុធ ក្នុងការកេះកៃសម្លាប់មនុស្ស បានយ៉ាងល្អប្រសើរ។
ប្រព័ន្ធផ្សព្វផ្សាយមួយទៀត ឈ្មោះ «Abdulkadir Selvi» ដែលស្និតនឹងរដ្ឋាភិបាលទួរគី បានអះអាងថា ជនសង្ស័យរូបនេះ ទទួលបានការហ្វឹកហាត់ ដើម្បីប្រយុទ្ធនៅក្នុងទីក្រុង ហើយត្រូវបានជ្រើសរើស យ៉ាងពិសេស ដើម្បីធ្វើប្រតិបត្តិការ បាញ់ប្រហារនៅក្នុងរង្គសាល «Reina»។ ហេតុការណ៍ដ៏អភ័ព ដែលបានកើតឡើង នៅយប់ឆ្លងឆ្នាំ បានសម្លាប់មនុស្ស ៣៩នាក់ និងធ្វើឲ្យរបួស ច្រើនជាង៦០នាក់។
សារព័ត៌មានទួរគីទាំងនោះ បានរាយការណ៍បន្ថែមថា ជននេះបានប្រើប្រាស់ «បង់កាំភ្លើងឌុប» ដើម្បីកាត់បន្ថយពេលវេលា ដូរបង់កាំភ្លើង នៅពេលអស់គ្រាប់។ បើតាមទូរទស្សន៍ «NTV» បានអះអាងថា ជនសង្ស័យទំនងជា បានកេះកៃកាំភ្លើង រវាងពី១២០គ្រាប់ ទៅដល់១៨០គ្រាប់ នៅក្នុងរយៈពេល ៧នាទី នៃការបាញ់ប្រហារ។
អាជ្ញាធរទួរគីវិញ បានផ្សាយជាសាធារណៈ នូវរូបថតរបស់ជនសង្ស័យខាងលើ ដោយត្រូវបានថតជាប់ នៅក្នុងឱកាសផ្សេងៗគ្នា។ មានរូបថតមួយសន្លឹកនោះ បានបង្ហាញពីជននេះ កំពុងស្ថិតនៅខាងមុខហាងប្ដូរប្រាក់មួយ នៃក្រុង អ៊ីស្តាមប៊ូល តាំងពីច្រើនថ្ងៃមកហើយ។
រីឯសារព័ត៌មាន «Habertürk» បានរាយការណ៍ថា ជនសង្ស័យទំនងជាមកដល់ក្រុង «Konya (ភាគខាងត្បូងប្រទេសទួរគី)» នៅក្នុងខែវិច្ឆិកា ជាមួយភរិយារបស់ខ្លួន។ ពួកគេមានទាំងកូនពីរនាក់ មកជាមួយដែរ ដើម្បី«បញ្ឈៀសការចាប់អារម្មណ៍» ពីសំណាក់ចារកម្មទួរគី។ ភរិយារបស់ជនសង្ស័យ កំពុងស្ថិតក្នុងចំណោមមនុស្ស១២នាក់ ដែលត្រូវបានអាជ្ញាធរទួរគី ចាប់ឃាត់ខ្លួន នៅក្នុងក្របខណ្ឌ នៃការស៊ើបអង្កេត៕