ការហោះហើរផ្ដាច់មុខ ពីបាងកក មកអង្គរបានបញ្ចប់
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: November 11, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមហ៊ុនអាកាសចរណ៍ ជាតិកម្ពុជា ឈ្មោះ «កម្ពុជាអង្គរ អ៊ែរ» នឹងចាប់ផ្ដើមភ្ជាប់ការហោះហើររបស់ខ្លួន រវាងពីទីក្រុង សៀមរាប ទៅកាន់រាជធានីបាងកកប្រទេសថៃ នៅចុងខែនេះ។ ជាជើងហោះហើរថ្មីមួយ ដែលនឹងបញ្ចប់ការហោះហើរ ផ្ដាច់មុខ ដែលមានក្នុងពេលកន្លងមក ដោយ«បាងកកអ៊ែរវេស្ស»។
យន្ដហោះប្រភេទ អាតេអ៊ែរ ៧២-៦០០ របស់«កម្ពុជាអង្គរ អ៊ែរ»។ រូបថត km.wikipedia.org។
ចាប់ពីថ្ងៃទី៣០វិច្ឆិកាឆ្នាំ២០១២នេះតទៅ ក្រុមហ៊ុនអាកាសចរណ៍ជាតិថ្មី របស់ប្រទេសកម្ពុជា នឹងបើកអោយមានជើង ហោះហើរ ជារៀងរាល់ថ្ងៃ រវាងអាកាសយន្ដដ្ឋានសុវណ្ណភូមិ នៃរាជធានីបាងកក របស់ប្រទេសថៃ មកកាន់ទីក្រុងសៀមរាប ដែលជាមាត់ច្រកសំដៅទៅតំបន់ទេសចរណ៍ វប្បធម៌«អង្គរ»ដ៏ល្បីរបស់ប្រទេសកម្ពុជា។ ការហោះហើរនេះ នឹងប្រើប្រាស់ យន្ដហោះ ប្រភេទ អាតេអ៊ែរ ៧២-៦០០ (ATR 72-600) ដែលផ្ទុកអ្នកដំណើរបាន ៧០នាក់។ គ្រប់ជើងយន្ដហោះ ប្រចាំថ្ងៃរបស់ខ្លួន នឹងចេញពីកម្ពុជា នៅម៉ោង ១៥ម៉៤៥ ហើយនឹងទៅចុះសំចតនៅថៃវេលាម៉ោង ១៦ម៉៥៥ ហើយវិលត្រឡប់ពីថៃមកវិញនៅម៉ោង ១៧ម៉៥០ ដើម្បីមកដល់សៀមរាបនៅម៉ោង ១៩ម៉។
សេវាកម្មរបស់ ក្រុមហ៊ុន«កម្ពុជាអង្គរ អ៊ែរ» នឹងត្រូវប្រឈមនឹងការប្រជែង របស់ក្រុមហ៊ុនអាកាសចរណ៍ថៃ ឈ្មោះ «បាងកកអ៊ែរវេស្ស» ដែលធ្វើសេវាកម្មនេះ តែឯងតាំងពីចុងទស្សវត្តន៍ឆ្នាំ៩០មកម្លេះនោះ។ «បាងកកអ៊ែរវេស្ស» ក៏មាន ជើងហោះហើររបស់ខ្លួន ពីសៀមរាបទៅកាន់ខេត្តភូកេត ជាប់ឆ្នេរសមុទ្រ និងកោះ សាមូ នៃប្រទេសថៃផងដែរ។
នេះជាផ្លូវហោះហើរលើកដំបូងរបស់ «កម្ពុជាអង្គរ អ៊ែរ» ដែលទើបនឹងចាប់ផ្ដើមរូបរាងអាជីវកម្មរបស់ខ្លួន នៅឆ្នាំ២០០៩ ហើយមានជើងហោះហើរតែរវាង រាជធានីភ្នំពេញ ទីក្រុងសៀមរាប ទីក្រុងព្រះសីហនុ និងទីក្រុងហូជីមិញប៉ុណ្ណោះ។ ក្រុមហ៊ុនជាតិរបស់កម្ពុជាមួយនេះ កំពុងតែសម្លឹងរកមើលដូចគ្នា នូវការហោះហើរបស់ខ្លួននៅឆ្នាំក្រោយ ចេញពីព្រលាន យន្ដហោះ ភ្នំពេញ និងសៀមរាប ទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម ព្រមទាំងភ្ជាប់ពីភ្នំពេញទៅកាន់បាងកក ដោយប្រជែងជាមួយនឹងក្រុមហ៊ុនរបស់ថៃពីរ គឺ«ថៃអ៊ែរវេស្ស» និង«ថៃ អ៊ែរអេស៊ីយ៉ា»។ ក្នុងដំណាក់កាលជាបន្តបន្ទាប់ ក្រុមហ៊ុន«កម្ពុជាអង្គរ អ៊ែរ» នឹងឈានទៅហោះភ្ជាប់ទីក្រុងសៀមរាបទៅកាន់ ប្រទេសចិន និងជប៉ុនថែមទៀត។
យន្ដហោះរបស់ «កម្ពុជាអង្គរ អ៊ែរ» នៅក្នុងខណៈនេះ មានប្រភេទ អាតេអ៊ែរ ៧២-៦០០ ចំនួនពីរគ្រឿង និងអ៊ែរប៊ូស អា៣២១ (Airbus A321) (មាន២០កន្លែងសម្រាប់ចំណាត់ថ្នាក់ទីមួយ និង១៦០កន្លែងសម្រាប់ចំណាត់ថ្នាក់ទីពីរ)។ យន្ដហោះទាំងអស់នេះ ត្រូវបានអោយខ្ចីដោយ ក្រុមហ៊ុនអាកាសចរណ៍ «វៀតណាមអ៊ែរឡាញ (Vietnam Airline)» ដែលមានភាគហ៊ុន ចំនួន ៤៩%នៅក្នុង«កម្ពុជាអង្គរ អ៊ែរ» នៅពីខាងក្រោយរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា «វៀតណាមអ៊ែរឡាញ (Vietnam Airline)» ក៏មានការហោះហើរភ្ជាប់ផ្ទាល់ ទៅកាន់ទីក្រុងសៀមរាបដែរ។ អាកាសយាន្ដដ្ឋានសៀមរាប ដែលក្នុងពេលនេះ ទទួលក្រុមហ៊ុនអាកាសចរណ៍ ពីបណ្ដាប្រទេសក្នុងទ្វីបអាស៊ីជាច្រើន ដូចជាសេប៊ូប៉ាស៊ីភិច (Cebu Pacific) ចេតស្ដារអាស៊ីយ៉ា (Jetstar Asia), ឆាណាអ៊ើស្ទើន (China Eastern) ឆាណាសោធើន (China Southern) អាស៊ីយ៉ាណា អ៊ែរឡាញ (Asiana Airlines) កូរ៉េអ៊ែរ (Korean Air) ស៊ីលអ៊ែរ (SilkAir) និងឡាវអ៊ែរឡាញ (Lao Airlines)៕
-----------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ