មន្ត្រី CNRP ថា កឹម សុខា ទំនងកំពុងជាប់ឃុំក្នុងរាជធានីភ្នំពេញ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ កញ្ញា ២០១៧
- កែប្រែចុងក្រោយ: September 03, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ហូ វ៉ាន់ មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅក្នុងប្រទេសកម្ពុជា បានថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅខាងមុខទីស្នាក់ការកណ្ដាល របស់គណបក្ស ក្នុងព្រឹកថ្ងៃទី៣នេះថា លោកមិនមានការអះអាងបញ្ជាក់នៅឡើយទេ អំពីការបញ្ជូនប្រធានគណបក្សលោក ទៅឃុំខ្លួននៅឯពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ដែលស្ថិតនៅចំងាយប្រមាណជា ជិត២០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។
ការថ្លែងរបស់លោក ហូ វ៉ាន់ បានធ្វើឡើង ទន្ទឹមនឹងដំណើរមកដល់ របស់មន្ត្រីជាន់ខ្ពស់ច្រើននាក់ ជាពិសេសក្រុមអ្នកតំណាងរាស្ត្រ ដែលបាន និងកំពុងធ្វើដំណើរ ទៅកាន់ទីស្នាក់ការកណ្ដាល របស់គណបក្ស ដើម្បីជួបប្រជុំ«ជាបន្ទាន់»មួយ នៅចំពោះហេតុការណ៍ចាប់ខ្លួន លោក កឹម សុខា កាលពីយប់រំលងអាធ្រាត ថ្ងៃទី២ ចូលមកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៧នេះ ដល់គេហដ្ឋានរបស់លោក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
កញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា និងជាសមាជិកមួយរូប នៅក្នុងគណៈកម្មការនាយកគណបក្សប្រឆាំង បានស្រង់«ប្រភពច្បាស់ការណ៍»មួយ មកបញ្ជាក់ដែរថា ឪពុករបស់នាងកំពុងត្រូវបានឃុំខ្លួន នៅក្នុងស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នៅឡើយ។
Conflicting info: reliable source says #KemSokha is still at PP police commissariat, while govt mouthpiece says at CC3 prison. https://t.co/LQksnh6tft
— Monovithya Kem (@MNVKem) 3 septembre 2017
កាលពីពីរម៉ោងមុននេះ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា លោក កឹម សុខា ត្រូវបានបញ្ជូនខ្លួនទៅដាក់ឃុំ នៅឯពន្ធនាគារត្រពាំងផ្លុង ឬហៅថា មជ្ឈមណ្ឌលកែប្រែ ម៣ ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីព្រំដែន ខ្មែរ-យួន។ លោក ខៀវ សុភ័គ ត្រូវបានស្រង់សំដីមកផ្សាយថា ការសម្រេចឃុំខ្លួនមេដឹកនាំប្រឆាំង នៅទីនោះ ជាសេចក្ដីសម្រេចរបស់តុលាការ។
ការបង្ហោះមួយ នៅលើទំព័រហ្វេសប៊ុក របស់សារព័ត៌មានកម្ពុជាថ្មី ដែលជាសារព័ត៌មាន របស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអះអាងដែរថា លោក កឹម សុខា ត្រូវបានបញ្ជូនទៅដល់ពន្ធនាគារត្រពាំងផ្លុង។ ទំព័រហ្វេសប៊ុកនោះ ថែមទាំងបានបង្ហោះរូបភាពពីសន្លឹក ដែលបង្ហាញពីសកម្មភាព ក្បួនរថយន្ដនគរបាល ទៅដល់ខាងមុខ ពន្ធនាគារត្រពាំងផ្លុង។
ប្រសិនជាដំណឹងទាំងសងខាង មានភាពមិនច្បាស់ដូច្នេះ គេគ្រាន់តែរង់ចាំមើល ពីអ្វីឲ្យច្បាស់ ដែលស្ថិតនៅពីក្រោយដំណឹងទាំងនេះ ក្នុងពេលបន្តិចទៀត៕