ភីអេអូឃេ ឡើងទៅឆែមពានលីក ព្រោះម៉េតាលីស ជាប់ចោទពី«ប្រកួតបន្លំ»
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: August 15, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមបាល់ទាត់របស់ប្រទេសអ៊ុយក្រែន ម៉េតាលីស ខាគិវ (Metalist Kharkiv) ត្រូវបានសហព័ន្ធបាល់ទាត់អ៊ឺរ៉ុប ដកសិទ្ធក្នុងការប្រកួតក្របខ័ណ្ឌឆែមពានលីក (Champions League) ប្រចាំរដូវកាលនេះ បន្ទាប់ពីរកឃើញថា ក្រុមនេះបានរៀបចំលទ្ធផលទុកមុន (ប្រកួតបន្លំ) ពិតប្រាកដមែន កាលពីឆ្នាំ២០០៨។ ហើយយូហ្វា (UEFA) បានប្រកាសកាលពីថ្ងៃពុធថា ដំណែងនោះនឹងត្រូវជំនួស ដោយក្រុមភីអេអូឃេ (PAOK) របស់ប្រទេសក្រិកវិញ។
អ្នកគាំទ្រក្រុមបាល់ទាត់ភីអេអូឃេ។ (រូបថត zdfsport.de)
ភីអេអូឃេ ដែលប្រកួតចាញ់ក្រុមម៉េតាលីស ទាំង២ជើងនៅវគ្គជម្រុះជុំទី៣ ដោយលទ្ធផល ៣-១ នឹងត្រូវឡើងទៅជួបក្រុម ស្កាល់គេ០៤ (Schalke 04) របស់អាឡឺម៉ង់វិញ ក្នុងវគ្គជម្រុះចុងក្រោយ នៅថ្ងៃទី២១ ខែសីហា និងថ្ងៃទី២៧ ខែសីហា ដើម្បីកាត់ក្តីយកកៅអីទៅវគ្គចែកពូលជាបន្ត។
ក្នុងជំនួបនេះ មានន័យថា គ្រូបង្វឹករបស់ក្រុមភីអេអូឃេ លោក ហ័ប ស្តេវ៉ិន (Huub Stevens) ដែលធ្លាប់ដឹកនាំក្រុមស្កាល់គេ០៤ ឲ្យឈ្នះពានរង្វាន់ យូហ្វាខាប់ (UEFA Cup) កាលពីឆ្នាំ១៩៩៧ នឹងជួបជាមួយក្រុមចាស់របស់គាត់ បន្ទាប់ពីគាត់បានចាកចេញពីដំណែង កាលពីឆ្នាំមុន។
គ្រូបង្វឹកវ័យ៥៩ឆ្នាំរូបនេះ បាននិយាយថា៖ «វាពិតជាអស្ចារ្យខ្លាំងណាស់សម្រាប់ក្រុមភីអេអូឃេ ដែលមានឱកាសឡើងទៅប្រកួតជម្រុះវគ្គចុងក្រោយនេះ។ ក្នុងជំនួបជាមួយក្រុមស្កាល់គេ០៤ សម្រាប់ខ្ញុំនឹងជួបមិត្តភក្តិជាច្រើននៅទីនោះ។ តាមពិតវាពិតជាពិបាក ព្រោះក្រុមស្កាល់គេ ជាក្រុមខ្លាំង ប៉ុន្តែយើងនឹងប្រយុទ្ធដល់ទីបញ្ចប់ ដើម្បីឲ្យបានឡើងទៅវគ្គចែកពូល។»
អ្នកចាត់ការទូទៅរបស់ក្រុមស្កាល់គេ លោកហូស ហេល (Horst Heldt) ក៏បាននិយាយដែរថាក្រុមរបស់លោកក៏មិនមានភាពងាយស្រួលនោះដែរ ក្នុងជំនួបជាមួយនឹងក្រុមខ្លាំងរបស់ក្រិក ដែលបញ្ចប់ចំណាត់ថ្នាក់លេខ២ កាលពីរដូវកាលមុន (ភីអេអូឃេ) ខណៈដែលការប្រកួតជើងទី១ នឹងធ្វើឡើងនៅប្រទេសអាឡឺម៉ង់។
គួរបញ្ជាក់ថា សហព័ន្ធបាល់ទាត់អ៊ឺរ៉ុប ដែលហៅកាត់ថា «យូហ្វា» បានរកភស្តុតាងបញ្ជាក់ថា ក្រុមម៉េតាលីស ពិតជាបានរៀបចំលទ្ធផលទុកមុនមែន ក្នុងការប្រកួតក្របខ័ណ្ឌកំពូលរបស់ប្រទេសអ៊ុយក្រែន (Ukrainian league) ជាមួយនឹងក្រុម ខាផាធី ល្វីវ (Karpaty Lwiw) កាលពីឆ្នាំ ២០០៨។
ក្រុមម៉េតាលីស ដែលបានចូលលេងក្នុងក្របខ័ណ្ឌកំពូលរបស់អ៊ឺរ៉ុប ឆែមពានលីក ជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់ក្លិប នៅរដូវកាលនេះ បានជួបការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីតុលាការវិន័យរបស់យូហ្វា បានដាក់ពិន័យមិនឲ្យចូលលេងក្នុងក្របខ័ណ្ឌអ៊ឺរ៉ុបរយះពេល ៥ឆ្នាំ។ ទោះបីជាយ៉ាងណា ម្ចាស់ក្លិបម៉េតាលីស លោកកូសយ៉ានធីន ភីវ៉ូវ៉ារ៉ូវ (Kostyantyn Pyvovarov) បានលើកឡើងថា គាត់មិនសុខចិត្តទេ ហើយគាត់នឹងប្តឹងបកយូហ្វាវិញ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ