រ៉ិកគី ឡាំបឺត៖ គ្រាប់បាល់១គ្រាប់ ធ្វើឲ្យសុបិន្តខ្ញុំក្លាយជាការពិត
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: August 15, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្សែប្រយុទ្ធ រ៉ិកគី ឡាំបឺត (Rickie Lambert) បាននិយាយថា គាត់បានសម្រេចក្តីសុបិន្តរបស់គាត់ បន្ទាប់ពីគាត់រកគ្រាប់បាល់បញ្ចូលទីបាន១គ្រាប់ ដោយការប្រើក្បាលតែតបញ្ចូលទី ឲ្យក្រុមជម្រើសជាតិអង់គ្លេស ក្នុងការបង្ហាញខ្លួនលើកដំបូង ក្នុងឆាកជីវិតរបស់គាត់។
កីឡាករខ្សែប្រយុទ្ធ រ៉ិកគី ឡាំបឺត របស់ក្រុមសៅហាំតុន។ (រូបថត http://efcfeelinblue.com)
ខ្សែប្រយុទ្ធក្រុម សៅហាំតុន (Southampton) វ័យ៣១ឆ្នាំ ដែលទើបតែត្រូវបានកោះហៅ ឲ្យចូលក្រុមជម្រើសជាតិអង់គ្លេសលើកដំបូងនេះ បានប្រើបច្ចេកទេសតែតបញ្ចូលទីបានយ៉ាងល្អ បន្ទាប់ពីទទួលបានបាល់ជ្រុងពីកីឡាករ ឡៃតុន បែន (Leighton Baines) ហើយបានជួយឲ្យក្រុមតោកំណាចអង់គ្លេស យកឈ្នះក្រុមជម្រើសជាតិស្កុតឡែន ដោយលទ្ធផល ៣-២ នាកីឡាដ្ឋាន វែមប្លី (Wembley) កាលពីយប់ថ្ងៃពុធ។
ឡាំបឺត បាននិយាយថា៖ «វាជាគ្រាប់បាល់ទី១របស់ខ្ញុំ សម្រាប់ក្រុមជម្រើសជាតិ ហើយវាប្រហែលជាការប្រើក្បាល់បញ្ជូនបាល់បញ្ចូលទីយ៉ាងល្អបំផុត ក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំបានទទួលវា (បាល់) ក្នុងពេលមួយដ៏ត្រឹមត្រូវ។ វាជាបាល់គួរឲ្យរន្ធត់មួយរបស់បែន។ ខ្ញុំបានត្រៀមខ្លួនយ៉ាងល្អ ហើយគាត់ (បែន) បានទាត់បំប្លោងមកចំកន្លែងដែលខ្ញុំចង់បាន។»
គាត់បន្តថា៖ «នោះជាគ្រាប់បាល់១គ្រាប់គត់ ដែលខ្ញុំពាក់អាវជម្រើសជាតិអង់គ្លេស ហើយខ្ញុំមិនដែលនឹកស្មានថា នឹងមានថ្ងៃនេះទេ។ ខ្ញុំមានក្តីសុបិន្តមួយ ចង់ធ្វើឲ្យបានដូចនេះ ជាយូរណាស់មកហើយ ហើយពេលនេះសុបិន្តរបស់ខ្ញុំ បានក្លាយមកជាការពិត។ ខ្ញុំបានព្យាយាមធ្វើឲ្យបានល្អ និងផ្តោតអារម្មណ៏យ៉ាងខ្លាំងបំផុត។ ខ្ញុំសូមអរគុណ សម្រាប់អ្វីៗគ្រប់យ៉ាង ដែលធ្វើឲ្យខ្ញុំសម្រេចក្តីសុបិន្តនេះ។»
ការរកគ្រាប់បាល់ជ័យជំនះ ក្នុងការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិអង់គ្លេស និងក្រុមស្តុតឡែនលើកដំបូង ក្នុងរយៈពេល១៤ឆ្នាំនេះ បានធ្វើឲ្យឡាំបឺត រត់អបអរយ៉ាងសប្បាយរីករាយបំផុត ខណៈដែលគាត់អបអរមានគោលបំណង២យ៉ាង ពោលគឺរីករាយចំពោះក្រុមជម្រើសជាតិ អង់គ្លេស និងទី២ រីករាយសម្រាប់កំណើតកូនស្រីរបស់គាត់ កាលពីពេលថ្មីៗនេះ។
គាត់បាននិយាយថា៖ «បរិយាកាស ពិតជាល្អបំផុត។ សម្រាប់ការប្រកួតលើកដំបូងរបស់ខ្ញុំ សម្រាប់ក្រុមជម្រើសជាតិ វាពិតជាមិនគួរឲ្យជឿ។»
ឡាំបឺត នឹងត្រឡប់ទៅហ្វឹកហាត់ជាមួយនឹងក្លិបរបស់គាត់វិញ ខណៈដែលក្រុមសៅហាំតុន នឹងប៉ះក្រុម វែសប្រូម (West Brom) នៅចុងសប្តាហ៏នេះ ក្នុងការប្រកួតបើកឆាកសប្តាហ៏ទី១ ក្នុងក្របខ័ណ្ឌព្រីមែលីក (Premier League)។
ខ្សែប្រយុទ្ធឆ្នើមប្រចាំក្លិបរូបនេះ បានបន្ថែមថា៖ «ពេលនេះ ខ្ញុំផ្តោតអារម្មណ៏ធំបំផុត ធ្វើយ៉ាងណាឲ្យបានល្អនៅក្រុមសៅហាំតុន ហើយនោះជាគោលដៅទី១។ ហើយខ្ញុំនឹងធ្វើវា ឲ្យកាន់តែប្រសើរជាងនោះទៀត នៅពេលអនាគត៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ