ជនជាតិដើមខេត្តព្រះវិហារ បារម្ភក្រុមហ៊ុនចិនព័ទ្ធយកដី និងប្រាសាទ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: March 06, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តំណាងប្រជាពលរដ្ឋជនជាតិដើមភាគតិច កួយ ពីខេត្តព្រះវិហារ បានឡើងមករាជធានីភ្នំពេញនៅថ្ងៃទី០៦ ខែមីនានេះ ដើម្បីដាក់ញ្ញត្តិទៅក្រសួងមហាផ្ទៃ និងក្រសួងវប្បធម៌ ស្នើឲ្យមានការដោះស្រាយបញ្ហាដីធ្លី និងអន្តរាគមរឿងគ្រឹះប្រាសាទបូរាណ និងវត្ថុបុរាណមួយចំនួន កប់ក្នុងដីដែលក្រុមហ៊ុនចិនបានឈូសឆាយប៉ះ និងមានបំណងប្រមូលយកនូវវត្ថុបុរាណទាំងនោះ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី ស៊ឹង ស៊ាំ តំណាងសហគមឃុំប្រមេ។
សកម្មភាពប្រចាំថ្ងៃរបស់ពលរដ្ឋជនជាតិដើម កួយ នៅខេត្តព្រះវិហារ។ (រូបថត វិទ្យុអាស៊ីសេរី)
បុរាណវត្ថុ - តំណាងសហគមនឃុំប្រមេអ្នកស្រី ស៊ឹង ស៊ាំ បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថា ក្រៅពីការប្រឈមនឹងការបាត់បង់ដីជាលក្ខណៈប្រពៃណីពីដូនតានេះ ការឈូសឆាយរបស់ក្រុមហ៊ុនចិនឈ្មោះ ឡាន ហ្វេង បានធ្វើឲ្យប៉ះពាល់ និងខូចខាតនូវគ្រឹះប្រសាទបូរាណច្រើនដូចជាប្រាសាទអណ្តូង ប្រាសាទយក្សភ្លោះជាដើម។ «មានប្រាសាទច្រើនណាស់ តែបាក់បែកអស់ហើយ ក្រុមហ៊ុនឈូសឆាយ ប៉ះពាល់កំណប់ខាងក្រោម (វត្ថុបុរាណក្រោមដី)។ ឯក្រុមហ៊ុននៅតែបន្តការឈូសឆាយទៀត មកដល់ពេលនេះ។ ខ្ញុំចង់ឲ្យក្រុមហ៊ុនដកខ្លួនចេញពីឃុំប្រមេ នេះតែម្តង។»
អ្នកស្រីបន្តរថាចាប់តាំងពីថ្ងៃឈូសឆាយ មកដល់ពេលនេះ អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរស្រុកមិនបានចាត់វិធានការថែរក្សានោះទេ។ អ្នកស្រីបញ្ជាក់ដូច្នេះថា «ប្រជាពលរដ្ឋយើងបាននាំគ្នាមកចាំ និងយាមទាំងយប់ទាំងថ្ងៃ ខ្លាចមានការលួចយកវត្ថុបុរាណទាំងអស់នោះបាត់។ អាជ្ញាធរបានត្រឹមតែមកមើលទេ មិនបានចាត់កម្លាំងចាំឡើយ។ (វា) ងាយនឹងបាត់បង់ណាស់ បើមិនមានការយកចិត្តទុកដាក់ពីអាជ្ញាធរនោះទេ។ (...) ភស្តុតាងវត្ថុបុរាណរួមមានឥដ្ឋមានថ្មគាស់រាយប៉ាយពេញតែហ្នឹង។ ដល់ឈូសទៅប៉ះពាល់ដល់កំណប់អី ពួកខ្ញុំមិនទាន់បានឃើញផង ឬកម្មករអ្នកអារអុសឱ្យក្រុមហ៊ុនហ្នឹង គេថាក្រុមហ៊ុនកប់ទៅវិញ ហើយពួកខ្ញុំតាំងពីថ្ងៃទី២៦-២៧ ខែកុម្ភៈ នាំគ្នាដេកហែរចាំមើលកន្លែងហ្នឹង។ លើកគ្នាដេកយាមកន្លែងហ្នឹង ក្រែងលោក្រុមហ៊ុនលួចយកអីទៀត បើពួកខ្ញុំមិនទុកចិត្ត។»
ទាក់ទងនឹងបញ្ហាប្រាសាទបុរាណ របស់ជនជាតិដើមភាគតិចកួយខាងលើនេះ មេឃុំប្រមេលោក ណែម ថាំង ក៏បានទទួលស្គាល់ដែរថា មានការខូចខាតនូវគ្រឹះប្រាសាទបុរាណមួយចំនួនមែន នៅពេលដែលក្រុមហ៊ុនធ្វើការឈូសឆាយនោះ។ លោកបន្តរថា បន្ទាប់ពីឃើញភ្លាម លោកបានផ្តល់ព័ត៌មាននេះទៅលោកអភិបាលស្រុកត្បែងមានជ័យ ដើម្បីចាត់កម្លាំងចុះមកមើល និងមានវិធានការថែរក្សា។ លោកបន្តរថា ក្រោយមកកម្លាំងបានចុះមកមើលដែរ តែមកទល់និងពេលនេះស្ងាត់ មិនមានការបញ្ជាក់ពីការថែរក្សា ឬត្រូវធ្វើយ៉ាងណាជាបន្តរទេ។
លោកមេឃុំ ណែម ថាំង បានថ្លែងឲ្យដឹងថា «ស្នើឲ្យខាងសូរិយោដីស្រុក ឃ្វាលចំណុចប្រសាទនោះទុក មិនឲ្យបន្តរការឈូសឆាយ។ (...) មានតែប្រជាជនទេដែលទៅដេកចាំ ខ្លាចក្រុមហ៊ុនជីកបន្តរទៀត ឯខាងសមត្ថកិច្ចមិនបានទៅចាំទេ តែក៏បានហាមមិនឲ្យប្រជាពលរដ្ឋធ្វើការជីកដែរ ព្រោះនេះជាវត្ថុបុរាណ។»
អគ្គនាយកក្រុមហ៊ុន ឡាន ហ្វេង ខេមបូឌា អ៊ីនធើណេសិនណល ខមភេនី លីមីធីតលោក XIE KANQING មិនអាចទំនាក់ទំនងសុំការបញ្ជាក់ពីរឿងប្រាសាទបុរាណនេះបានទេ។ តែអ្នកស្រី ហ៊ល តាក់ អ្នកបកប្រែឲ្យក្រុមហ៊ុននេះ មិនបានបញ្ហាក់ពីវិធានការរបស់ក្រុមហ៊ុនទៅលើវត្ថុបុរាណ ដែលរកឃើញនោះទេ តែអ្នកស្រីបានត្រឹមតែបញ្ជាក់ថា «បញ្ហានេះខាងមន្ទីជាអ្នកដោះស្រាយ ខ្ញុំក៏មិនបានដឹងដែរ។»
សម្រាប់លោកលោក ឡោ ចាន់ មន្ត្រីសម្របសម្រួលសមាគម អាដហុកប្រចាំខេត្តព្រះវិហារបានបញ្ជាក់ថា រឿងគ្រឹះប្រាសាទ និងវត្ថុបុរាណ ដែលអាចមានក្នុងដីដែលក្រុមហ៊ុនចិនខាងលើឈូសឆាយប៉ះនេះ នៅមិនមានវិធានការណាមួយឲ្យមានប្រសិទ្ធិភាពនៅឡើយមកទល់នឹងពេលនេះ។ លោកបន្តរថា «បច្ចុប្បន្ននេះប្រជាពលរដ្ឋជាច្រើន បានលើកគ្នាទៅគេងទាំងយប់ទាំងថ្ងៃ ក្នុងព្រៃនោះ ដោយបោះតង់ ដើម្បីថែរក្សានូវវត្ថុបុរាណទាំងនោះ ព្រោះខ្លាចមានជនឱកាសនិយមលបលួចទៅបាត់អស់។»
ប្រធានការិយាល័យបេតិភណ្ឌមន្ទីវប្បធម៌ខេត្តព្រះវិហារលោក ម៉ៅ វី បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា ក្នុងអំឡុងពេលនេះមន្ទីវប្បធម៌ខេត្តមានការមមាញឹកច្រើន មិនទាន់មានពេលសម្រាប់ការចុះទៅពិនិត្យ និងធ្វើការសម្រេចយ៉ាងណានោះនៅឡើយទេ។ លោកបន្តរថា រង់ចាំដល់ថ្ងៃទី១២ ខែមីនាខាងមុខនេះ ទើបប្រធានមន្ទីរនឹងចុះទៅធ្វើការសម្រេច ថាតើត្រូវធ្វើយ៉ាងណានោះ។ ទោះយ៉ាងនេះក្តី លោកក៏បានបញ្ជាក់ថា ក្រុមការងាររបស់លោក ក៏បានចុះទៅពិនិត្យគ្រឹះប្រាសាទបានចំនួនពីរហើយ ក្នុងចំណោមគ្រឹះប្រាសាទទាំងប្រាំនោះ។ ចំពោះឆ្មាំប្រាសាទ នៅមិនទាន់បានចាត់ទាំងនៅឡើយទេ ហើយក៏និងសម្រេចនាពេលក្រោយ បន្ទាប់ពីថ្ងៃសម្រេចខាងមុខនេះ។
លោក ម៉ៅ រី បានបញ្ជាក់ថា «ឆ្នាំប្រាសាទនោះមានតែនៅខេត្ត តែក៏បានចុះទៅត្រួសត្រាយព្រៃដែរ។ (…) ដីប្រាសាទនេះស្ថិតក្នុងដីសម្បទានសេដ្ឋកិច្ច យើងបានរាយការណ៍ប្រាប់រដ្ឋាភិបាលហើយ។ (…) (ក្រុមហ៊ុន) ឈូសឆាយប៉ះគ្រឹះប្រាសាទអី យើងឲ្យរក្សាទុកឲ្យយើង។»
ពលរដ្ឋជនជាតិភាគតិចកួយ មកពីភូមិចំនួនបីភូមិក្នុងឃុំប្រមេរ ស្រុក ត្បែងមានជ័យ ខេត្ត ព្រះវិហារ បានបោះជម្រកស្នាក់នៅកណ្តាលព្រៃ ដើម្បីទប់ស្គាត់ទៅនឹងការឈូសបំផ្លាញគ្រឹះប្រាសាទ និងវត្ថុបុរាណ ដោយក្រុមហ៊ុនចិនចំនួនប្រាំ ដែលទទួលបានសិទ្ធិឈូសឆាយដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល ដើម្បីដាំអំពៅ។ ប្រាសាទទាំងប្រាំដែលឈូសប៉ះនោះរួមមាន ប្រាសាទក្រូចព្រោះ ប្រាសាទយក្សព្លូក ប្រាសាទព្រះពុទ្ធបាក់ករ ប្រាសាទយក្សអង្គុយ និងប្រាសាទត្រពាំងស្វាយ។ ការឈូសឆាយឃើញប្រាសាទទាំងប្រាំនេះ បន្ទាប់ពីមានទំនាស់ដីធ្លីយ៉ាងរ៉ាំរ៉ៃរវាងប្រជាពលរដ្ឋ ក្នុងឃុំប្រមេ ប្រមាណជិតប្រាំរយគ្រួសារ ជាមួយនិងក្រុមហ៊ុនតាំងពីឆ្នាំ២០១២មក។ នេះបើតាមការបញ្ចាក់របស់ ប្រធានការិយាល័យបេតិភណ្ឌមន្ទីវប្បធម៌ខេត្តព្រះវិហារលោក ម៉ៅ វី៕
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី៦ មីនា ២០១៤