អគ្គរដ្ឋទូត​ក្រិច​ប្រចាំ​នៅ​ប្រេស៊ីល ត្រូវ​សាហាយ​ភរិយា​ឯង​ធ្វើ​ឃាត

ឯកអគ្គរដ្ឋទូតរបស់ប្រទេសក្រិច ប្រចាំនៅប្រទេសប្រេស៊ីល លោក «Kyriakos Amiridis» ត្រូវ​បាន​គូ​កំណាន់​លួចលាក់ របស់ភរិយារបស់លោក ធ្វើឃាតកាលពីថ្ងៃចន្ទកន្លងមក។ បុរស​គូ​កំណាន់ ដែល​មាន​តួនាទី ជា​នគរបាល​អាវុធហត្ថ​ផង​នោះ បានសារភាពដូច្នេះ ប្រាប់​ទៅ​ក្រុម​អ្នក​ស៊ើប​អង្កេត។
អគ្គរដ្ឋទូត​ក្រិច​ប្រចាំ​នៅ​ប្រេស៊ីល ត្រូវ​សាហាយ​ភរិយា​ឯង​ធ្វើ​ឃាត
លោកឯកអគ្គរដ្ឋទូតក្រិច ប្រចាំនៅប្រទេសប្រេស៊ីល និងភរិយា។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី ៣១ ធ្នូ ២០១៦
  • កែប្រែចុងក្រោយ: January 02, 2017
  • ប្រធានបទ: មនុស្សឃាត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នាក់ងារអាវុធហត្ថ អាយុ២៩ឆ្នាំ ជាតិប្រេស៊ីលមួយរូប បានសារភាព ថាបានសម្លាប់​ឯកអគ្គរដ្ឋទូត នៃប្រទេស​ក្រិច ប្រចាំនៅប្រទេស​ប្រេស៊ីល លោក «Kyriakos Amiridis»។ នេះ បើតាមការប្រកាសឲ្យដឹង ជាផ្លូវការរបស់ អាជ្ញាធរប្រេស៊ីល នៅចុង​សប្ដាហ៍​កន្លង​មក​នេះ។ ភរិយាអាយុ៤០ឆ្នាំ របស់លោកឯកអគ្គរដ្ឋទូត អ្នកស្រី «Françoise de Souza Oliveira» ដែលមានដើមកំណើតប្រេស៊ីល ក៏ត្រូវ​បាន​អាជ្ញាធរ​ឃាត់ខ្លួនដែរ។ ជន​សង្ស័យ​ទាំង​ពីរនាក់ ដែលមានទំនាក់ទំនងស្នេហាលួចលាក់ ត្រូវបានសង្ស័យថា បានសហការ​រៀបគម្រោង​​ធ្វើ​ឃាត សម្លាប់លោក «Kyriakos Amiridis»។

ជនសង្ស័យទីបី ដែលត្រូវជាបងជីដូនមួយ របស់ភ្នាក់ងារអាវុធហត្ថ ត្រូវបានឃាត់ខ្លួនដូចគ្នា ក្រោម​បទ​សង្ស័យ​ថា ជាអ្នកមើលផ្លូវ នៅក្នុងអំឡុងពេលឃាតកម្ម និងបានជួយដឹករាងកាយលោក «Kyriakos Amiridis» តាម​រថយន្ដ​យកចេញ ពីកន្លែងធ្វើឃាត។ អ្នកស្រី «Françoise de Souza Oliveira» ទំនងជាបានសន្យា ថានឹង​ផ្ដល់​ប្រាក់ ៨០០០០រៀលប្រេស៊ីល (ប្រមាណជា ២៤០០០ដុល្លារ) ទៅឲ្យ​ជន​​សង្ស័យទីបីនេះ សម្រាប់ការរួម​ចំណែក ក្នុង​សកម្មភាព​មនុស្សឃាតមួយនេះ។

សាកសពឆេះខ្លោចទៅជាធ្យូង...

រឿងរ៉ាវបានផ្ទុះឡើង នៅបន្ទាប់ពីអ្នកស្រីជាភរិយា បានរាយការណ៍កាលពីថ្ងៃពុធ ពីការបាត់ខ្លួន​លោក​​ឯក​អគ្គរដ្ឋទូត ខណៈអ្នកទាំងពីរ (ប្ដីប្រពន្ធលោកឯកអគ្គរដ្ឋទូត) រួមជាមួយ​នឹង​កូនស្រី​ម្នាក់​អាយុ១០ឆ្នាំ កំពុង​សម្រាក​វិស្សមកាល នៅក្នុងគេហដ្ឋាន​លំហែកាយ​របស់​ពួកគេ ក្នុងសង្កាត់ «Fluminense» ស្ថិតនៅ​ភាគ​ខាង​ជើង នៃទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល។ អ្នកស្រី «Françoise de Souza Oliveira» បានអះអាងប្រាប់​អាជ្ញាធរ​ថា អ្នកស្រីបានបាត់ដំណឹង ពីស្វាមីអាយុ៥៦ឆ្នាំ​របស់ខ្លួន តាំងពីយប់ថ្ងៃចន្ទ។

លុះដល់យប់ថ្ងៃព្រហស្បត្តិ៍ ទើបអាជ្ញាធររកឃើញ សាកសពលោកឯកអគ្គរដ្ឋទូត ដែលត្រូវបានឆេះខ្លោច ជាមួយ​រថយន្ដ​មួយគ្រឿង នៅខាងក្រោមស្ពានថ្នល់ល្បឿនលឿនមួយ នៃទីក្រុងរីយ៉ូ។ បើតាមនគរបាល បាន​ឲ្យ​ដឹង​ថា លោក «Kyriakos Amiridis» ទំនងជាបានប្រឹងប្រែងការពារខ្លួន មុននឹងត្រូវបានបាញ់សម្លាប់ ដោយ​គ្រាប់​កាំភ្លើង​មួយ​គ្រាប់ បាញ់ចេញពីកាំភ្លើង ដែលសម្រាប់បំពាក់​ការពារស្ថានទូត។

ស្ត្រីជាភរិយា ត្រូវបានអាជ្ញាធរសាកសួម្ដងរួចហើយ នៅមុនការរកឃើញ នៃសាកសពរបស់លោកមេទូត ហើយ​ត្រូវបានអាជ្ញាធរ ហៅ​ទៅ​បំភ្លឺជាថ្មីទៀត ទាក់ទងនឹងចម្លើយមុន​​របស់​អ្នកស្រី ដែលនៅមានភាព​ប្រទាំង​ប្រទើស​គ្នា។ គឺនៅក្នុងការសាកសួរ ជាលើក​ទីពីរ​នេះ​ហើយ ដែលអ្នកស៊ើប​អង្កេត បានដាក់កា​​រសង្ស័យ ទៅលើអ្នកស្រី និងភ្នាក់ងារអាវុធហត្ថ ដែលជាមន្ត្រីដ៏ទុកចិត្ត ទទួល​បន្ទុក ខាង​ការពារ​សន្តិសុខផ្ទាល់ និងសម្ភារៈ របស់គ្រួសារ​របស់​មន្ត្រី​ការទូត។ នៅចំពោះសំណួររបស់អ្នកស៊ើបអង្កេត អ្នកស្រី​បាន​ស្រក់​ទឹកភ្នែក និង​បាន​សារភាព នៅ​ទីបំផុត​ថា ភ្នាក់ងារអាវុធហត្ថ គឺជាអ្នកដៃដល់សម្លាប់លោក «Kyriakos Amiridis»។

ចំណែកឯភ្នាក់ងារអាវុធហត្ថវិញ បានថ្លែងសារភាព ថាខ្លួនពិតជាបានសម្លាប់មន្ត្រីការទូត ប៉ុន្តែបានអះអាងថា នោះជាការតបតរ ដើម្បី​ការពារ​ខ្លួន បន្ទាប់ពីមានការប្រតាយប្រតប់គ្នា ជាមួយនឹងលោកឯកអគ្គរដ្ឋទូត។ ការ​លើក​ឡើងនេះ មិនសូវជាបាន​ផ្ដល់​ការជឿជាក់ សម្រាប់​ក្រុម​អ្នកស៊ើបអង្កេតប៉ុន្មានទេ បន្ទាប់​ពី​អាជ្ញាធរ​បាន​រក​ឃើញ ស្លាកស្នាមឈាមជាច្រើន នៅលើកៅអីសាឡុង ក្នុង​លំនៅដ្ឋាន​លំហែ​កាយ របស់មន្ត្រីការទូត។

លោក «Kyriakos Amiridis» ទើបនឹងចូលមកទទួលតំណែង ជាឯកអគ្គរដ្ឋទូតក្រិច ប្រចាំនៅ​ប្រទេស​ប្រេស៊ីល ក្នុង​ឆ្នាំ​២០១៦​នេះ​ប៉ុណ្ណោះ។ អាណត្តិមុន លោកជាមន្ត្រី«មេទូត»ក្រិច ប្រចាំនៅប្រទេស លីប៊ី៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...