សំនុំរឿងវ៉ាលីយ៉េ៖ ភស្តុតាងដែលឈានទៅចាប់ខ្លួន«ឧក្រិដ្ឋជន»
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១០ មិនា ២០១៦
- កែប្រែចុងក្រោយ: June 07, 2016
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តែផ្ទុយទៅវិញ សំនុំរឿងរបស់លោក ឡូរ៉ង់ វ៉ាលីយ៉េ (Laurent Vallier) នេះ ត្រូវបានអាជ្ញាធរខ្មែរប្រកាស នៅក្រោយតែប៉ុន្មានថ្ងៃ ពីការរកឃើញ សពមនុស្សទាំងប្រាំនាក់ ដែលស្ថិតក្នុងរថយន្ដត្រាំត្រពាំងក្រោយផ្ទះ ថាជាករណីធ្វើអត្តឃាត។ សម្រាប់ចៅក្រមស៊ើបអង្កេតបារាំង ដែលបានទៅធ្វើកិច្ចការនេះ នៅក្នុងប្រទេសកម្ពុជា បានបង្ហាញនូរចំណុចសង្ស័យជាច្រើន ដែលធ្វើឲ្យករណីនេះ ជាឧក្រិដ្ឋកម្មមួយដ៏សាហាវ។ នេះបើតាមការផ្សាយ របស់សារព័ត៌មានបារាំង «Parisien» នៅក្នុងអត្ថបទយកការណ៍មួយដ៏វែងអន្លាយ។
ការរកឃើញ របស់ក្រុមអ្នកស៊ើបអង្កេតបារាំងនេះ ក៏ជាការជឿជាក់តាំងពីដំបូងទី របស់ក្រុមគ្រួសារលោក ឡូរ៉ង់ វ៉ាលីយ៉េ ក្នុងតំបន់ អូត-ពីរ៉េណេ (Haut-Pyrénées) ក្នុងប្រទេសបារាំងដែរ។ លោក ស៊ាវីយ៉េ វ៉ាលីយ៉េ (Xavier Vallier) ដែលជាបងប្រុសរបស់លោក ឡូរ៉ង់ បានច្រានចោលការប្រកាស របស់មន្ត្រីជាន់ខ្ពស់ របស់នគរបាលជាតិខ្មែរ ដែលធ្វើសេចក្ដីសន្និដ្ឋាន យ៉ាងលឿនជាទីបំផុត ថាករណីប្អូនប្រុសលោក ជាការធ្វើ«អត្តឃាត» និងបានបរិហារការអះអាងនេះ ថាមានបំណងដើម្បីបញ្ជៀសការបះពាល់មុខមាត់ ដល់ប្រទេសកម្ពុជា។
ក្រុមគ្រួសាររបស់លោក ឡូរ៉ង់ វ៉ាលីយ៉េ ជាតិបារាំងទាំងមូល បានសង្ស័យពី«ភាពតានតឹង និងទំនាក់ទំនងមិនប្រក្រតី» ដែលលោក ឡូរ៉ង់ វ៉ាលីយ៉េ ធ្លាប់មានជាមួយនឹងគ្រួសារសាច់ថ្លៃរបស់ខ្លួន និងបានដាក់ពាក្យបណ្ដឹង កាលពីខែមករា ឆ្នាំ២០១២ នៅនឹងតុលាការនៃរដ្ឋធានីប៉ារីស ប្រទេសបារាំង ពីបទសង្ស័យ៖ «ឃាតកម្ម»។
សូមរំលឹកមកវិញដែរថា ភរិយាជនជាតិខ្មែររបស់លោក ឡូរ៉ង់ បានស្លាប់ចោលលោក តាំងពីឆ្នាំ២០០៩ ដោយបន្សល់ទុកកូនទាំងបួននាក់ អោយរស់នៅជាមួយលោក នៅក្នុងភូមិគ្រឹះមួយ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ប្រទេសកម្ពុជា។ ប៉ុន្តែចាប់ពីខែកញ្ញា ឆ្នាំ២០១១ មក គ្រួសាររបស់លោក ឡូរ៉ង់ នៅបារាំង បានបាត់ដំណឹងសូន្យឈឹងពីកូនប្រុស និងចៅៗរបស់ខ្លួនតែម្ដង រហូតលុះត្រាដល់ខែមករា ឆ្នាំ២០១២ ទើបអាជ្ញាធរខ្មែរ បានរកឃើញ រថយន្ដ«នីសាន់» ប្រភេទ៤X៤មួយគ្រឿង ដែលត្រាំលិចទៅក្នុងទឹកត្រពាំង ក្នុងភូមិគ្រឹនោះ មិនតិចជាង៣ខែមកហើយ។ នៅក្នុងរថយន្ដនោះ មានគ្រោងឆ្អឹងមនុស្សប្រាំនាក់ ដែលត្រូវបានរកឃើញ ក្រោយមកថា ជាគ្រោងឆ្អឹងរបស់លោក ឡូរ៉ង់ និងកូនតូចៗទាំងបួនរបស់លោក។
» ការស្រង់រថយន្ដពីក្នុងត្រពាំង ដែលជាទស្សនីយភាពរបស់មនុស្សច្រើននាក់៖
ខុសគ្នាពីការអះអាងរបស់មន្ត្រីនគរបាលខ្មែរ ដែលបានលើកឡើងពីករណីអត្តឃាត នៅភ្លាមៗក្រោយការរកឃើញរថយន្ដនោះ តែនៅបច្ចុប្បន្ននេះ ការស៊ើបអង្កេតក្រោមការដាក់សម្ពាធ ពីចៅក្រមស៊ើបសួរបារាំង អ្នកស្រី «Claudine Enfoux» បានបង្ហើបឲ្យដឹង ពីចំណុចសង្ស័យផ្សេងៗទៅវិញ។ ជាពិសេសភស្ដុតាង និងវត្ថុតាងទាំងប៉ុន្មានដូចខាងក្រោម វានឹងជាជំហានដ៏រឹងមាំ ដើម្បីឲ្យអ្នកស៊ើបអង្កេត អាចរកឃើញជនល្មើស ដែលប្រព្រឹត្តិឧក្រិដ្ឋកម្មដ៏សាហាវ និងហួសពីការស្មាន។
ស្លាកស្នាមឈាម ត្រូវបានរកឃើញនៅក្នុងផ្ទះ និងមានខ្សែពួរ ទុកចោលនៅទីនោះ បួករួមនឹងកាំបិតមួយ នៅក្នុងធុងស៊ីទែន (Citerne) នៃបរិវេណផ្ទះលោក ឡូរ៉ង់។ អ្នកស៊ើបអង្កេត បានបង្ហើបឲ្យដឹងថា ក្នុងចំណោមកូនទាំងបួននាក់ របស់លោក ឡូរ៉ង់ មានតែកូនម្នាក់ប៉ុណ្ណោះ ដែលបានស្លាប់ដោយឈ្លក់ទឹក។
ចំណែកឯសាកសពរបស់លោក ឡូរ៉ង់ វិញ ក៏បានបង្ហាញកាន់តែច្បាស់ដែរថា ករណីនេះគឺពិតជា«ឃាតកម្ម»៖ ខ្លួនប្រាណរបស់លោក បានអង្គុយនៅលើកៅអីពូកខាងមុខ របស់រថយន្ដ ខណៈឯលលាដ៏ក្បាលលោក បែរជាទៅនៅឯក្នុងវ៉ាលីស ដែលត្រូវបានទុក នៅក្នុងឃ្លុបឡានខាងក្រោយទៅវិញ។ នេះ បើតាមសារព័ត៌មានបារាំង «Parisien» ដដែល។ ហើយ «ស្បែកជើងជំពាមកៅស៊ូ របស់មនុស្សធំមួយចំហៀង» រកឃើញពីក្នុងរថយន្ដមកនោះ ក៏ត្រូវបានក្រុមអ្នកស៊ើបអង្កេតអះអាងថា វាមិនមែនជារបស់លោក ឡូរ៉ង់ នោះដែរ។ លោក ឡូរ៉ង់ មិនដែលពាក់ស្បែកជើងដូចនេះឡើយ។
លោក ស៊ាវីយ៉េ បងប្រុសលោក ឡូរ៉ង់ បានអះអាងថា រឿងឃាតកម្មនេះ កើតឡើងពីរឿងលុយកាក់ និងការច្រណែនគុំគួន។ លោកនិយាយថា៖ «ពួកគេហ៊ានដល់ថ្នាក់ ជ្រមុជក្មេងម្នាក់ ឲ្យស្លាប់ឈ្លក់ទឹកទាំងរស់។ នៅថ្ងៃណាមួយ ជននោះនឹងត្រូវចាប់ខ្លួន ហើយត្រូវទទួលទោស ពីអ្វីដែលខ្លួនបានប្រព្រឹត្តិ ទៅលើជនរងគ្រោះរាល់រូប បើទោះជាគេនៅមិនទាន់ដឹង ឲ្យពិតប្រាកដថា ជននោះជានរណា ហើយមានប៉ុន្មាននាក់នោះក៏ដោយ។»។
លោកបានថ្លែងទៀតថា៖ «នៅថ្ងៃនេះ យើងត្រូវបង្ខំចិត្តទាំងទុក្ខទោស ដើម្បីរងចាំ»៕