ឡុង ឌីម៉ង់ ស្ងាត់​មាត់​នៅ​ចំពោះ​ពាក្យ​«អបគមន៍»​លើ​វត្ត​សាមគ្គី​រង្សី (vdo)

នៅចំពោះការដេញដោល ជុំវិញពាក្យ«អបគមន៍» និងមើលសភាពការណ៍មិនស្រួល លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ដូច​ជា​ចង់​គេច​ចេញ​ពី​អ្នក​សារព័ត៌មាន។ តែ​ការ​គេច​វេស​នេះ មិន​បាន​សម្រេច​ឡើយ បើ​ទោះ​ជា​លោក​បាន​យក​កម្លាំង​សមត្ថកិច្ច​មួយ​ចំនួន មក​រារាំង​ក៏​ដោយ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី១១ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 11, 2015
  • ប្រធានបទ: បែកធ្លាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅចំពោះការចោទសួរ របស់អ្នកសារព័ត៌មានជាច្រើន ដែលសួរទៅកាន់លោក ឃួង ស្រេង អភិបាល​រង​រាជធានី​ភ្នំពេញ ទាក់ទងនឹងសំដីរបស់លោក ឡុង ឌីម៉ង់ ថាវត្តសាមគ្គីរង្សីមានបំណង ចង់បង្កើតតំបន់អបគមន៍នោះ លោក​អភិបាលរងបានបញ្ជៀសចម្លើយ ថាលោកមិនដែលធ្វើសន្និសីទការសែត និយាយយ៉ាងដូច្នេះនោះទេ។ លោក ឃួន ស្រេង បានតបទៅម្ចាស់សំនួរជាអ្នកសារព័ត៌មានវិញថា៖ «ក្រែងអូនអែងស្តាប់ខុស ពាក្យប្រហែល ឬសឹង។ អូនមានសិទ្ធិសួរ ខ្ញុំមានសិទ្ធិមិនឆ្លើយ។ (...) ពាក់ព័ន្ធនឹងវត្តនេះ ខ្ញុំមិនដែលនិយាយពាក្យថា អបគមន៍​ទេ។»

ហេតុការណ៍នេះកើតឡើង កាលពីរសៀលថ្ងៃទី១០ ខែកកុម្ភៈ ឆ្នាំ២០១៥ បន្ទាប់ពីលោក ឃួន ស្រេង បានដឹក​នាំ​កម្លាំងចម្រុះ ក្នុងនោះមានលោក ឡុង ឌីម៉ង់ មន្ត្រីអ្នកនាំពាក្យសាលារាជធានីផង ចុះធ្វើរដ្ឋបាល ពិនិត្យ​វត្តមាន​ព្រះសង្ឃ និងច្បាប់បង្កើតវត្ត នៅក្នុងវត្តសាមគ្គីរង្សី។ ប៉ុន្តែយុទ្ធនាការ ដែលមានដាក់កម្លាំងហ៊ំព័ទ្ធ​វត្ត​យ៉ាងសន្ធឹក​សន្ធាប់នោះ មិនបានរកមិនឃើញថា វត្តមួយនេះធ្វើអ្វីខុស ក្រៅតែពីការ​ប្រើប្រាស់ត្រា​មិន​មាន​ការអនុញ្ញាត និង​វត្តនៅមិនទាន់មានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ និងធម្មការប៉ុណ្ណោះ។

ហើយបន្ទាប់ពីបានបដិសេធលើករណី«អបគមន៍»មក លោកអភិបាលរង ឃួន ស្រេង បានរុញអ្នក​សារព័ត៌មាន ឲ្យទៅសួរអ្នកដែលបាននិយាយនោះវិញ។ បែបយល់សភាពការណ៍ ថាមិនសូវស្រួល លោក ឡុង ឌីម៉ង់ ដែល​នៅ​ក្បែរនោះក៏បានបង្វិលខ្លួន បំរុងនឹងគេចខ្លួនចេញពីអ្នកសារព័ត៌មាន តែត្រូវបរាជ័យ ដោយអ្នកសារព័ត៌មាន​បាន​ឃើញទាន់ និងស្ទាក់សួរ តែលោកនៅតែព្យាយាមរត់។ ក្រុមអ្នកសារព័ត៌មាន បានព្យាយាមតាមសួរអ្នក​នាំ​ពាក្យសាលារាជធានីរូបនេះ បើទោះជាមានក្រុមសមត្ថកិច្ចបានជួយបិទផ្លូវ ការពារលោកក៏ដោយ។

ឆ្លើយទៅនឹងសំនួរ ដែលសួរពីសម្ដីរបស់លោក នូវអ្វីដែលឈានដល់ការធ្វើរដ្ឋបាលក្នុងវត្តនេះ ថាជាវត្តដែល​បណ្តុំ​ដោយ​សង្ឃ និងភាពអនាធិបតេយ្យ ជាមួយនឹងការចង់បង្កើតតំបន់អបគមន៍នោះ លោក ឡុង ឌីម៉ង់ ដែលមាន​ទឹក​មុខ​ប្រែ«ស» គ្រាន់តែឆ្លើយមកវិញ បែបចាកប្រធានបទថា៖ «ខ្ញុំមានមេខ្ញុំៗ»។ បន្ទាប់មក លោក ឃួង ស្រេង ក៏​ត្រឡប់​ចូលខ្លួនមកជួយ ហើយលោក ឡុង ឌីម៉ង់ បានសួរទៅលោក ឃូង ស្រេង ដែលជាមេ​របស់លោកថា «ឲ្យខ្ញុំ​និយាយទេ?» ពេលនោះលោក ឃួង ស្រេង ក៏បាននិយាយថា «មិនចាំបាច់និយាយ​ទេ!»។

អ្នកសារព័ត៌មានបានសួរទៀតថា៖ «គ្រាន់តែឯកឧត្តមបញ្ជាក់ថា អបគមន៍ ឬមិនអបគមន៍»? លោក ឡុង ឌីម៉ង់ ឆ្លើយ​ថា៖ «ចុះបើឯកឧត្តម គាត់បកស្រាយហើយម៉ិញ។ គាត់មកស្រាយហើយៗ។» ដោយទំនងជាទើសទាល់ លោក ឃូង ស្រេង បានដេញអ្នកសារព័ត៌មានឲ្យចេញ។

តែអ្នកសារព័ត៌មាន នៅឆ្លៀតសួរសំនួរបន្ថែមថា អញ្ចឹងការចុះមកនេះ ពាក់ព័ន្ធនឹងបញ្ហាព្រះសង្ឃធ្វើបាតុកម្ម? លោក ឃូង ស្រេង បានឆ្លើយថា៖ «បើនិយាយពីបញ្ហាព្រះសង្ឃធ្វើបាតុកម្ម ខ្ញុំមិនមែនចាំដល់ឥឡូវទេ។ មិន​មែន​រឿងនេះទេ មិនមែនរឿងហ្នឹងទេ។ រឿងដោយសារមានការស្លាប់ព្រះសង្ឃ និងមានពាក្យបណ្តឹងប្តឹងពី​ចៅ​អធិការ​វត្ត គណកម្មការវត្ត បានយើងចុះមកធ្វើការនេះ។» លោក ឃួង ស្រេង បានបញ្ជាក់ជាងចុងក្រោយ​យ៉ាង​ដូច្នេះថា «សូមបញ្ជាក់ឡើងវិញ បើខ្ញុំវាយតម្លៃកន្លែងណាជាតំបន់អបគមន៍ ខ្ញុំនឹងយកកម្លាំងទៅ​កំទេច​ហើយ។ នេះ​បើសិន​ជាខ្ញុំ។ ឲ្យច្បាស់!!! តែខ្ញុំមិនដែលវាយតម្លៃដូច្នេះទេ។»

ឯមន្រ្តីឃ្លាំមើលនៃសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ណៃ វ៉ង់ដា ដែលបានតាមដាន​ការស្រង់​ស្ថិតិ​នេះ បានលើកឡើងថា ស្ថានភាពក្នុងវត្តសាមគ្កីរង្សីនា​ពេល​នេះ មិនអាចឈានដល់ការប្រើប្រាស់ នូវពាក្យ​«អបគមន៍»បានឡើយ។ លោកបន្តថា ក្រោយ​ការ​អង្កេត​របស់​លោក ឃើញថាក្នុងវត្តសាមគ្គីរង្សី ក្រៅពីរូប​បដិមាព្រះពុទ្ធ ទាន ធូប និងព្រះសង្ឃ ស្បង់ ចីវរ នោះមិន​មានអ្វី ដែល​នាំឲ្យសាលារាជធានីភ្នំពេញ ប្រើប្រាស់​នូវពាក្យអបគមន៍នោះឡើយ។ លោកបានពន្យល់ ពីពាក្យ​អបគមន៍យ៉ាង​ដូច្នេះថា៖ «អបគនម៍ គឺជាចលនា​នៃ​កម្លាំងប្រដាប់អាវុធ តស៊ូដើម្បីដណ្តើមអំណាច ពីរាជ​រដ្ឋាភិបាល គ្រប់គ្រង​សមត្ថកិច្ចដែនដីដោយខ្លួនឯង និង​មានកម្លាំងចាត់តាំង រចនាសម្ព័ន្ធរដ្ឋបាល ក៏ដូចជា កម្លាំងប្រដាប់អាវុធក្នុង​ការ​គ្រប់​គ្រងទឹកដីរបស់ខ្លួន»។

ដោយឡែកព្រះតេជគុណ សុទ្ធ ឆៃយ៉ា ដែលជាដើមបណ្តឹងប្តឹងពីចៅអធិការវត្តសាមគ្គីរង្សីកាលពីថ្មីៗនេះ ក្នុងកិច្ច​សម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក៏ព្រះអង្គមានសង្ឃដីការមិនឯកភាព ឲ្យសាលា​រាជធានី​ភ្នំពេញ​ប្រើ​ពាក្យអបគមន៍នោះដែរ។ លោកបន្តថា បើប្រើពាក្យអនាធិបតេយ្យសមស្របជាង។ ព្រះតេជគុណ​អង្គនេះ បាន​បន្ត​មានសង្ឃដីកាពន្យល់ តាមវចនានុក្រមសម្តេច ជួន ណាត នូវពាក្យ អបគមន៍ថា ជា«កន្លែង​នោះមាន​អាវុធ​យុទ្ធភ័ណ្ឌ ក្នុងការបែងចែកការងារទូទៅ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...