ថាច់ សេដ្ឋា៖ យួន នៅតែបង្ហាញខ្លួនជាចៅហ្វាយខ្មែរ
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៨ តុលា ២០១៤
- កែប្រែចុងក្រោយ: October 08, 2014
- ប្រធានបទ: បាតុកម្មប្រឆាំងវៀតណាម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«យួននៅតែបង្ហាញនូវភាពរឹងត្អឹង ថាខ្លួននៅតែជាចៅហ្វាយនាយរបស់ខែ្មរ។» នេះជាការថ្លែង របស់លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម នៅចំពោះអកប្បកិរិយារបស់ប្រទេសវៀតណាម ដែលនៅតែមិនចេញមុខមកបកស្រាយ ឬធ្វើការសុំទោស តាមការទាមទាររបស់ក្រុមបាតុករកន្លងមក។ ការទាមទារ ដែលស្នើឲ្យរដ្ឋាភិបាលវៀតណាម ចេញមុខទទួលស្គាល់ប្រវត្តិសាស្រ្ត ឬជម្រុញឲ្យលោក ត្រឹង វ៉ាន់ថុង អតីតអ្នកនំាពាក្យស្ថានទូតវៀតណាមប្រចាំកម្ពុជា សុំទោសជាសាធារណៈចំពោះសម្តីខ្លួន ដែលបានលើកឡើងនាពេលកន្លងមកថា៖ «ទឹកដីកម្ពុជាក្រោម ជារបស់វៀតណាមជាយូរលង់ណាស់មកហើយ។ មិនមែនវៀតណាម ទើបគ្រប់គ្រងក្រោយពេលដែលបារំាងកាត់មកឲ្យនៅថ្ងៃទី០៤ មិថុនា ១៩៤៩នោះទេ»។
លោក សេដ្ឋា មិនបានចាត់ទុកភាសាអ្នកនាំពាក្យស្ថានទូតវៀតណាម លោក ត្រឹង វ៉ាន់ថុង ថាជាភាសាបុគ្គល ដែលមានលក្ខណៈជាការបញ្ចេញមតិនោះឡើង តែជាភាសាតំណាងឲ្យរដ្ឋាភិបាលយួន ដែលនៅតែតាំងខ្លួនជា«ចៅហ្វាយ»លើកម្ពុជា។ ប្រធានសហគហគមន៍ខ្មែរកម្ពុជាក្រោម បាននិយាយថា៖ «បើត្រឹមតែភាសា ត្រឹង វ៉ាន់ថុង (វា)គ្មានតំលៃអ្វីនោះទេ។ តែ ត្រឹង វ៉ាន់ថុង និយាយក្នុងនាម អ្នកនាំពាក្យឲ្យរដ្ឋាភិបាលយួន ដែលនាំឲ្យភាសានេះ មានតម្លៃ»។
លោក ថាច់ សេដ្ឋា បានផ្ដល់ជាដំណោះស្រាយ«ស្រួល»មួយ ទៅកាន់រដ្ឋាភិបាលយួនថា គ្រាន់តែរដ្ឋាភិបាលយួន ធ្វើកំណត់ទូតជាមួយរដ្ឋាភិបាលកម្ពុជានោះ វាជាការចប់ស្រេច។
ការថ្លែងរបស់ប្រធានសហគហគមន៍ខ្មែរកម្ពុជាក្រោម និងជាអតីតសមាជិកព្រឹទ្ធសភា បានធ្វើនៅចំពោះមុខបាតុករតវ៉ា ប្រមាណជាង១០០នាក់ ដែលរូបលោកជាអ្នកដឹកនាំ។ កាលពីព្រឹកថ្ងៃទី០៨ ខែតុលានេះ ក្រុមអ្នកតវ៉ាបានមកជួបជុំគ្នា នៅទីលានប្រជាធិបតេយ្យជាបន្តបន្ទាប់ រួចធ្វើពិធីស្មិងស្មាធិ៍ មុននឹងនាំគ្នាដង្ហែរឆ្ពោះ ទៅកាន់ស្ថានទូតវៀតណាមប្រចាំកម្ពុជា។
ការជួបជុំធ្វើបាតុកម្មតវ៉ា នឹងពាក្យសម្តីនៃអ្នកនាំពាក្យវៀតណាមនេះ បានកន្លងផុតបួនថ្ងៃហើយ។ ថ្ងៃនេះជាថ្ងៃទីប្រាំ និងក៏ជាថ្ងៃចុងក្រោយនៃបាតុកម្មដែរ។ តែបើទោះជាមានការដុតទង់ជាតិ ដុតក្រដាសប្រាក់ និងមួកដួន របស់វៀតណាមក្តី ក៏ស្ថានទូតវៀតណាមមួយនេះ នៅពុំទាន់មានការឆ្លើយយ៉ាងណានោះដែរ។ ក្នុងរយៈពេលធ្វើបាតុកម្មនេះ គេពុំឃើញមានការប៉ះទង្គិច រវាងបាតុករនិងកងកម្លាំងរក្សាសន្តិសុខឡើយ៕