ត្រឹមតែ១២ថ្ងៃ «Star Wars» រកចំណូលបានជាង១កោដដុល្លារ
- ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី២៨ ធ្នូ ២០១៥
- កែប្រែចុងក្រោយ: December 28, 2015
- ប្រធានបទ: ភាពយន្ដ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
វគ្គទី៧ដែលមានចំណងជើង «The Force Awakens (កម្លាំងងើបឡើង)» នៃខ្សែភាពយន្ដ «Star Wars» រកបានចំណូល២៨៦,៨លានដុល្លា នៅក្នុងចុងសប្ដាហ៍ចុងក្រោយ (ជាចុងសប្ដាហ៍ទីពីរ បើរាប់ពីថ្ងៃដែលភាពយន្ដ ត្រូវបានចេញបញ្ចាំង) ដែលធ្វើឲ្យចំណូលសរុប បានកើនឡើងដល់ទៅជាង ១កោដដុល្លារ សម្រាប់រយៈពេលតែ១២ថ្ងៃដំបូងប៉ុណ្ណោះ។ ជាចំណូលដ៏អស្ចារ្យ ដែលបានបំបែកឯកត្តកម្ម នៃចំណូលផ្នែកភាពយន្ដ របស់ផលិតកម្មនានានៅហូលីវូដ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ផលិតកម្មឌីស្នេ ចេញផ្សាយនៅយប់ថ្ងៃអាទិត្យ។
សេចក្ដីប្រកាសព័ត៌មាន បានលំអិតពីចំណូលនោះ ថាមានចំនួន៥៤៥លានដុល្លា ទទួលបានពីទ្វីបអាមេរិកខាងជើង និងចំនួន៥៤៦លានដុល្លារ ពីជុំវិញពិភពលោក (លើកលែងប្រទេសមួយចំនួន ដែលនៅមិនទាន់ចេញបញ្ចាំង)។ នៅក្នុងប្រទេសក្រិច និងឥណ្ឌា ភាពយន្ដនេះទើបនឹងចេញបញ្ចាំង នៅចុងសប្ដាហ៍កន្លងមកប៉ុណ្ណោះ ខណៈក្នុងប្រទេសចិន ទស្សនិកជនត្រូវរងចាំការចេញបញ្ចាំង របស់ភាពយន្ដនេះ រហូតដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦។
ប្រសិនជាចំណូល នៅតែបន្តចូលយ៉ាងខ្លាំង ប្រៀបបាននឹងទឹកបាក់ទំនប់បែបនេះ ភាពយន្ដ «Star Wars» វគ្គទី៧នេះ នឹងអាចឈានទៅបំបាក់ខ្ទង់ចំណូល ដ៏មហាសាល នៃភាពយន្ដដ៏ល្បីទាំងពីរ របស់កំពូលសមិទ្ធិករ ជេម កាមេរូន (James Cameron) គឺរឿង «Avatar» ដែលរកបានចំណូល ២,៧៩កោដដុល្លារ និងរឿង «Titanic» ដែលរកចំណូលបាន ២,១៩កោដដុល្លារ។
ផលិតកម្មឌីស្នេ ដែលបានទិញផលិតកម្ម «Lucasfilm» ពីផលិតករលោក ជ័ក លូកាស (George Lucas) ក្នុងតម្លៃ៤កោដដុល្លារ នៅឆ្នាំ២០១២នោះ ត្រូវបានគេមើលឃើញថា កំពុងទទួលបានផ្លៃផ្កា យ៉ាងត្រចះត្រចង់ ពីការវិនិយោគទុននេះ។ ហើយភាពជោគជ័យនេះ នៅមានបន្តទៀត ព្រោះផលិតកម្មឌីស្នេ កំពុងមានគម្រោងផលិតភាពយន្ដចំនួន៣ទៀត ដែលសុទ្ធតែដកស្រង់ ពីគំនិតដើមរបស់ផលិតកម្ម «Lucasfilm»។
សូមបញ្ជាក់ដែរថា ចំណូលខាងលើ គ្រាន់តែជាការលក់សំបុត្រ ចូលទស្សនាភាពយន្ដប៉ុណ្ណោះ ប៉ុន្តែគេនៅមិនទាន់បានរាប់បញ្ចូល នូវការលក់ជាសម្ភារៈ ខោអាវ ល្បែងលេង... ដែលដកស្រង់ពីភាពយន្ដនេះផងទេ៕