លោតចូលក្នុងបឹង ដើម្បីគេចនគរបាល ស្រាប់តែជួបក្រពើ!
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១០ ធ្នូ ២០១៥
- កែប្រែចុងក្រោយ: December 11, 2015
- ប្រធានបទ: ក្រពើខាំ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការលោតចូល ទៅក្នុងបឹងនោះ ខុសកន្លែង និងខុសពេល។ នេះជាការរៀបរាប់ ប្រាប់ទូរទស្សន៍ក្នុងតំបន់ របស់លោក «Tod Goodyear» ភ្នាក់ងារនគរបាលប្រចាំក្រុង «Brevard» ភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក។ យុវជនម្នាក់ ដែលរងការសង្ស័យថា ជាចោរគាស់ផ្ទះ បានលោតចូល ទៅក្នុងបឹងមួយ ដើម្បីគេចពីការតាមចាប់ខ្លួន ពីសំណាក់កងកម្លាំងនគរបាល។ យុវជននោះ ត្រូវបានខាំសម្លាប់ ដោយក្រពើមួយក្បាល ប្រវែងជាង៣ម៉ែត្រ ដែលរស់នៅក្បែរនោះ។
ក្រពើសម្លាប់មនុស្ស២២នាក់ តាំងពីឆ្នាំ១៩៤៨
នគរបាលបានថ្លែងឲ្យដឹងថា យុវជន «Matthew Riggins» អាយុ២២ឆ្នាំ បានបាត់ខ្លួន តាំងពីថ្ងៃទី១៣ ខែវិច្ឆិកាកន្លងទៅ។ នៅថ្ងៃមុនការបាត់ខ្លួន យុវជនបាននិយាយ ប្រាប់សង្សារបស់ខ្លួនថា ខ្លួននឹងចូល ទៅក្នុងក្រុង «Barefoot Bay» ដើម្បីធ្វើសកម្មភាពគាស់ផ្ទះ លួចរបស់របរ ជាមួយនឹងជនសង្ស័យ មួយរូបទៀត។ នៅ១០ថ្ងៃក្រោយមក អ្នកជ្រមុជទឹកជាច្រើននាក់ បានរកឃើញសាកសពយុវជន គ្មានជើងទាំងពីរ និងដៃម្ខាង ពីក្នុងបឹង។
អាជ្ញាធរបានចាប់ក្រពើនោះ ហើយបានចាក់ថ្នាំសម្លាប់ ដើម្បីយកមកពិនិត្យ ពីអ្វីៗដែលមាន នៅក្នុងក្រពះរបស់វា។ ការពិនិត្យនោះ បានធ្វើឲ្យអាជ្ញាធរកំណត់ថា យុវជនពិតជាត្រូវបានក្រពើខាំ និងហែកស៊ីមែន។
នគរបាលបានពន្យល់ទៀតថា នៅយប់ថ្ងៃទី១៣ ខែវិច្ឆិកា អាជ្ញាធរបានទទួលការហៅទូរស័ព្ទ ដែលរាយការណ៍ឲ្យដឹង ពីវត្តមានមនុស្ស គួរឲ្យសង្ស័យពីរនាក់ កំពុងដើរលិបលរ នៅក្បែរលំនៅដ្ឋាន ក្នុងក្រុង «Barefoot Bay»។ នគរបាលបានគិតថា យុវជន «Matthew Riggins» ទំនងជាបានលោតចូលក្នុងបឹង ដើម្បីគេចពីការតាមចាប់ខ្លួន។
បើតាមអ្នកទទួលខុសត្រូវ នៃរដ្ឋផ្លរីដា (Florida) ដែលជារដ្ឋមួយ សម្បូរដោយក្រពើរស់នៅនោះ បានឲ្យដឹងថា មនុស្ស២២នាក់ត្រូវបានសម្លាប់ ដោយក្រពើខាំ ឬហែកស៊ី រាប់ចាប់តាំង ពីឆ្នាំ១៩៤៨មក៕