ដុំដែកមូលៗបី ធ្លាក់ពីលើមេឃ នៅវៀតណាម
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៨ មករា ២០១៦
- កែប្រែចុងក្រោយ: January 23, 2016
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាលពីចុងសប្ដាហ៍កន្លងទៅ ដុំដែកមូលៗដ៏ចម្លែកចំនួនបីដុំ បានធ្លាក់ពីលើមេឃ ត្រូវបានកងទ័ពរបស់ប្រទេសវៀតណាម ប្រមូលបាន។ ដុំដែកទាំងនោះ បានធ្លាក់នៅក្បែរអូមួយ ក្នុងតំបន់ជាប់នឹងក្រុង «Tuyen Quan» ភាគខាងជើង នៃប្រទេសវៀតណាម។ ដុំដែកទាំងនេះ មានទំងន់ ពី ០,៥ ទៅដល់ ៤៥គីឡូក្រាម។ ដុំដែកដែលតូចជាងគេ ធ្លាក់នៅលើដំបូលផ្ទះមួយ ដែលស្ថិតនៅកណ្ដាលចំការពោត ក្នុងតំបន់ដដែល។
អ្នកនាំពាក្យកងទ័ពវៀតណាម លោក វ៉ូ វាន់ទន់ (Vo Van Tuan) បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» ថា៖ «នៅមុនពេលរកឃើញ ដុំដែកទាំងនេះ កងទ័ពវៀតណាម មិនមានសកម្មភាពយោធាអ្វី សូម្បីបន្តិចឡើយ នៅក្នុងតំបន់នេះ»។
ចម្លែក...
តើដុំដែកមូលទាំងនេះ ធ្លាក់ពីណា និងមានរឿងហេតុអ្វី? រឿងមួយដែលគេដឹងពិតប្រាកដ គឺដុំដែកមូលទាំងនេះ ផលិតនៅប្រទេសរ៉ូស្ស៊ី។ នេះគឺជាអ្វី ដែលអ្នកស៊ើបអង្កេតវៀតណាម បានប្រកាសឲ្យដឹង។ វាអាចជាបំពង់ផ្ទុកខ្យល់ ដែលជាផ្នែកមួយ នៃកាំជ្រួចអវកាស។
ក្រុមអ្នកស្រាវជ្រាវ មិនបានរកឃើញសារជាតិវិទ្យុសកម្ម ឬការបំផ្ទុះអ្វីមយយ នៅនឹងកន្លែងដែលដុំដែកទាំងនេះ ធ្លាក់ចំនោះទេ។ រហូតមកដល់ម៉ោងនេះ មិនមានដុំដែកណាផ្សេងទៀត ត្រូវបានប្រកាសទៀតឡើយ បើសូម្បីដំណឹងពីប្រទេស នៅជាប់ក្បែរខាងវៀតណាម ក៏មិនមានសូម្បីបន្តិច។ អញ្ចឹង... តើអាថ៌កំបាំងនៃដុំដែកទាំងនេះ នឹងស្ថិតជារៀងរហូតឬ?
លោក ង្វៀង ខាវសឺន (Nguyen Khoa Son) សាស្ត្រាចារ្យនៅមជ្ឈមណ្ឌលស្រាវជ្រាវ អវកាស និងបច្ចេកវិទ្យាវៀតណាម បានអះអាងប្រាប់ទីភ្នាក់ងារដដែលថា៖ «ដុំដែលទាំងនេះ អាចជាលទ្ធផល (ផ្នែកមួយ) នៃការបង្ហោះផ្កាយរណប ដែលមិនទទួលបានជោគជ័យ»៕