ចោទជនសង្ស័យម្នាក់ ក្នុងអំពើមនុស្សឃាតនៃរាត្រីខែរះពណ៌ខៀវ
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី៣១ តុលា ២០១៥
- កែប្រែចុងក្រោយ: November 02, 2015
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍បានកើតឡើង កាលពីច្ងៃទី៣១ ខែកក្កដាកន្លងទៅ តែតុលាការទើបបានចោទប្រកាន់ លើជនសង្ស័យ នៅថ្ងៃអង្គារ សប្ដាហ៍កន្លងទៅនេះប៉ុណ្ណោះ។ បណ្ដាញព័ត៌មាននានា ក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានរាយការណ៍ថា សមាជិកបីរូប នៃគ្រួសារមួយ ដែលរស់នៅក្នុងក្រុង «Pensacola (ភាគខាងលិច នៃរដ្ឋផ្លរីដា)» ត្រូវបានរកឃើញស្លាប់ នៅក្នុងលំនៅដ្ឋានរបស់ពួកគេ។ សាកសពទាំងបីនោះ គឺអ្នកស្រី «Voncile Smith» ជាម្ដាយអាយុ៧៧ឆ្នាំ និងកូនប្រុសរបស់អ្នកស្រីពីរនាក់ គឺលោក «Richard Smith» អាយុ៤៩ឆ្នាំ និងលោក «John Smith» អាយុ៤៧ឆ្នាំ។
តាមការពិនិត្យទៅលើសាកសព បានឲ្យដឹងថា ពួកគេទាំងបីបានរង នូវការវាយនឹងញញួរជាច្រើនដង និងត្រូវបានច្របាច់ក។ ប៉ុន្តែលោក «Richard Smith» ដែលជាកូនប្រុសច្បង់ និងជាបុគ្គលិក នៅក្រសួងសន្ដិសុខផ្ទៃក្នុងអាមេរិក ត្រូវបានបាញ់សម្លាប់មួយគ្រាប់ នៅត្រជៀកខាងស្ដាំ។
បន្ទាប់ពីឆ្លងកាត់ការស៊ើបអង្កេត ដ៏វែងមួយ ជាពិសេសភស្ដុតាងជាច្រើន ពីផ្នែកវេជ្ជសាស្ត្រ ដែលរកឃើញនៅនឹងទីកន្លែងកើតហេតុ អាជ្ញាធរបានឈានទៅចាប់ខ្លួន លោក «Donald Wayne Hartung Sr» អាយុ៥៨ឆ្នាំ យកទៅឃុំពីបទមនុស្សឃាត ទៅលើម្ដាយនិងប្អូនប្រុស«ចុង (ឪពុកដោយខ្លួន)»ទាំងពីរ។
តាមពិតទៅ លោក «Donald Wayne» ត្រូវបានសាកសួរដោយអ្នកស៊ើបអង្កេត តាំងពីអាជ្ញាធរបានប្រទះឃើញសាកសពភ្លាមមកម្លេះ។ ភ្នាក់ងារនគរបាល «David Morgan» បានលើកឡើងថា ជនសង្ស័យ «Donald Wayne» បាននិយាយពីពិធីអូមអាមមួយ ដែលឧទ្ទិសទៅ«ព្រះចន្ទពណ៌ខៀវ» នារាត្រីនោះ ហើយពិធីសាសនានេះ បានប្រែក្លាយកើតទៅជារឿងរ៉ាវនេះឡើង។ នៅក្នុងផ្ទះដែលកើតហេតុទៀតសោធ ក៏មិនឃើញមាន ស្លាកស្នាមកាប់គាស់ ឬបាត់បង់អ្វីឡើយ។
ភ្នាក់ងារនគរបាលដដែល បាននិយាយថា អាជ្ញាធរបានដាក់ការសង្ស័យ តាំងពីដំបូង ទៅលើលោក «Donald Wayne» រួចហើយ ប៉ុន្តែមិនបានបារម្ភថា ជននេះអាចរត់គេចខ្លួន ឬអាចបង្កគ្រោះថ្នាក់ណាមួយ ទៅដល់អ្នកដទៃនោះដែរ។ ដោយសារហេតុនេះហើយ ទើបនគរបាលសុខចិត្តស្វែងរកភស្ដុតាងឲ្យបានច្រើន ជៀសជាងសំនុំរឿងមួយ ដែលមានលក្ខណៈប្រហោងក្នុង។
យ៉ាងណាក៏ដោយ ក្រុមអ្នកស៊ើបអង្កេត នៅតែសង្ស័យ និងបន្តតាមដាន ទៅលើការប្រតិបត្តិសាសនា «ខែរះពណ៌ខៀវ» នេះបន្តទៅទៀត។ ប៉ុន្តែនៅមានចំណុចសង្ស័យផ្សេងទៀត ដូចជាការជំពាក់ប្រាក់ របស់ជនសង្ស័យ ហើយនីតិវិធីទាក់ទង នឹងករណីប្រាក់ជំពាក់នេះ ទើបនឹងត្រូវបង្កើតឡើង នៅចុងខែសីហាកន្លងមកប៉ុណ្ណោះ។ នគរបាល ក៏នៅសង្ស័យលោក «Richard Smith» ដែលជាកូនច្បងរងគ្រោះ នៅក្នុងព្រឹត្តិការណ៍នេះដែរ ប៉ុន្តែមិនបានថ្លែងលំអិត អំពីការសង្ស័យនេះទេ ក្នុងពេលនេះ៕