ស្ត្រី​នគរបាល​រាំ​ដើម្បី​អន្តរាគមន៍​បំបែក​ជម្លោះ ឲ្យ​ផ្អើល​ដល់ អូបាម៉ា

បើទោះជាប្រធានធិបតីអាមេរិក ក៏មិនអាចទប់ចិត្ត មិនទះដៃអបអរសាទរ ចំពោះវិធីសាស្ត្រ​របស់​ស្ត្រី ជា​នគរបាល​អាមេរិក​រូប​នេះ ក្នុង​ការចូ​លទៅដោះស្រាយជម្លោះ ដ៏តានតឹងមួយ ដោយការចូលរួមរាំសប្បាយ ជាមួយ​នឹង​ក្មេង​ស្រី​ជំទង់​ម្នាក់។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៧ តុលា ២០១៥
  • កែប្រែចុងក្រោយ: November 01, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពីថ្ងៃចន្ទ សប្ដាហ៍មុន នៅក្នុងសង្កាត់មួយ នៃរដ្ឋធានីវ៉ាស៊ីតោន ជម្លោះឈ្លោះប្រកែកមួយ បានកើតឡើង រវាង«ស្ទាវ»ពីរក្រុម រហូតតម្រូវ​ឲ្យមានកិច្ចអន្តរាគមន៍ ពីកម្លាំងនគរបាល។ បន្ទាប់មក ស្ត្រីជានគរបាលម្នាក់ បានចូលទៅក្បែរក្រុមបង្កជម្លោះ ហើយបានប្រាប់ឲ្យពួកគេ បំបែកហ្វូង។

រំពេលនោះ សិស្សសាលាអាយុ១៧ឆ្នាំម្នាក់ យុវតី អាលីយ៉ា ថៃល័រ (Aaliyah Taylor) បានដើរមក​ជិត​​ភ្នាក់ងារ​នគរបាល ហើយបានចាក់ចម្រៀង «Watch Me (Whip/Nae Nae)» នៅក្នុងទូរស័ព្ទ​របស់​នាង​ឡើង មុននឹង​ចាក់ក្បាច់ រាំជាចង្វាក់ម្យ៉ាង ដែលគេហៅថា «Nae Nae»។

ស្ត្រីជានគរបាល ឃើញដូច្នេះ ក៏សើចឡើង ហើយនិយាយប្រាប់យុវតីវិញថា ក្បាច់រាំរបស់ភ្នាក់ងារនគរបាល អស្ចារ្យជាងយុវតីជំទង់ទៅទៀត។ នៅពេលនោះហើយ ដែលការប្រកួតប្រជែងក្បាច់រាំ ដ៏សម្បើមមួយ បាន​កើតឡើង នៅមុខក្មេង«ស្ទាវ»ជាច្រើននាក់ទៀត ក្រោមការផ្ទុះសំណើច ស្ទើរ«ទប់ខ្លួនមិនបាន»។

យុវតី អាលីយ៉ា ថៃល័រ បានស្រដីប្រាប់សារព័ត៌មាន «Washington Post» ថា៖ «គាត់ (ភ្នាក់ងារ​នគរបាល) មិន​បានមក ដើម្បីបន្ថែមការក្ដៅក្រហាយ ឲ្យពួកយើងទេ តែគាត់បែរជាបង្កស្ថានការណ៍ ឲ្យ​ទៅ​ជា​រឿង​ដ៏​សប្បាយ​រីករាយ​ទៅវិញ។ ខ្ញុំមិនដែលគិតថា មានភ្នាក់ងារនគរបាល របៀបនេះទេ។ ប៉ុន្តែវាពិត​ជា​មាន ភ្នាក់ងារ​នគរបាល​ល្អៗអញ្ចឹងមែន។» ចំណេកឯស្ត្រី ជាភ្នាក់ងារនគរបាលវិញ ដែលបាន​លាក់​អត្តសញ្ញាណ​របស់ខ្លួន បាន​ពន្យល់​ប្រាប់សារព័ត៌មានដដែលថា៖ «នេះជាអ្វី ដែលយើងធ្វើ សឹងជារៀងរាល់ថ្ងៃ»។

បើទោះជានាងជានគរបាល មិនមានបំណងឲ្យការរាំរែករបស់នាង ជាមួយក្មេងជំទង់ទាំងនោះ ត្រូវបានពង្រីក​ផ្សាយ ចេញទៅក្រៅក៏ដោយ តែគេពិបាក នឹងធ្វើការវាស់វែង នូវទំហំនៃការបែកភាយ នៃរឿងដ៏ពិសេស​របៀប​នេះណាស់ ហើយវាថែមទាំងចែកចាយ ទៅដល់សេតវិមាននោះផងទៀត។ ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានសរសេរ នៅលើទំព័រទ្វីសធើរផ្លូវការ របស់លោកថា៖ «តើនរណាបានគិតថា ភ្នាក់ងារ​នគរបាល​ប្រចាំសង្កាត់ អាចប្រើប្រាស់នូវចង្វាក់រាំ "Nae Nae"? ជាគំរូដ៏អស្ចារ្យមួយ របស់នគរបាល ដែល​បាន​បង្កើត​រឿងសប្បាយរីករាយ​ផ្ទាល់ខ្លួនគាត់ នៅពេលដែលគាត់ការពារពួកយើង។»៕


» សូមទស្សនាការរាំទល់គ្នា រវាងយុវតីជំទង់ និងភ្នាក់ងារនគរបាលដូចខាងក្រោម៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...