Europa League៖ ម៉ាសីយ៍ និងអាត្លេទីកូ យកប្រៀបឡើងទៅផ្ដាច់ព្រ័ត្រ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៦ មេសា ២០១៨
- កែប្រែចុងក្រោយ: April 27, 2018
- ប្រធានបទ: ជើងឯករងអ៊ឺរ៉ុប
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីបំបាក់ក្រុម «Leipzig» របស់គ្រួសារ «Red Bull» បង្កើត ដើម្បីឡើងមកវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ កាលពីពីរសប្ដាហ៍មុនរួច ក្រុម ម៉ាសីយ៍ (Olympique Marseille) របស់ប្រទេសបារាំង បានបំបាក់ក្រុម សាលស្បួរ (Salzbourg - អូទ្រីស) របស់គ្រួសារ «Red Bull» ដដែលទៀត ក្នុងយប់នេះ នៅលើទឹកដីរបស់ខ្លួន សម្រាប់ការប្រកួត «ទៅ» វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្របខណ្ឌដណ្ដើម «Europa League»។
ក្រុម ម៉ាសីយ៍ មិនមានកីឡាករល្បី កម្រិតពិភពលោកទេ តែក្រុមនេះមានវិន័យ និងការទាត់បាល់ ប្រកបដោយប្រសិទ្ធិភាព ដែលជាចំណុចពិសេស ក្នុងការស្វែងរកជ័យជំនះ ២-០ ទល់នឹងក្រុម សាលស្បួរ ដែលធ្លាប់បំបាក់ក្រុម «Lazio» របស់ប្រទេសអ៊ីតាលី ដើម្បីឡើងមកដល់វគ្គនេះ។ ខាងក្រោមនេះ ជាវីដេអូសង្ខេប នៃការប្រកួតរវាងក្រុមទាំងពីរ នៅក្នុងកីឡដ្ឋាន «Vélodrome» នៃក្រុង ម៉ាសីយ៍ ភាគខាងត្បូងប្រទេសបារាំង៖
ចំណែកឯការប្រកួតមួយទៀត សម្រាប់ក្របខណ្ឌដដែល ក្នុងចក្រភពអង់គ្លេស រវាងក្រុម អាសឺណល់ (Arsenal) និងក្រុម អាត្លេទីកូម៉ាឌ្រីត (Atletico Madrid - អេស្ប៉ាញ) ក្រុមកាំភ្លើងធំ ដែលជាម្ចាស់ផ្ទះ បានគ្រប់គ្រងបាល់បានច្រើន ដោយសារកីឡាករ «Sime Virsaljko» របស់ក្រុម អាត្លេទីកូ ត្រូវអាជ្ញាកណ្ដាលជាតិបារាំង បណ្ដេញចេញពីការប្រកួត តាំងពីនាទីទី១០។
ការវាយសម្រុក ជាបន្តបន្ទាប់ បានធ្វើឲ្យក្រុម អាសឺណល់ រកគ្រាប់បាល់ បានមួយគ្រាប់នាំមុខ នៅនាទីទី៦០ តែផ្ទុយទៅវិញ ក្រុមម្ចាស់ផ្ទះមួយនេះ បែរជាទន់ជើង ការពារបាល់មិនបាន បណ្ដាលឲ្យខ្សែប្រយុទ្ធជាតិបារាំងដ៏ល្បី របស់ក្រុម អាត្លេទីកូ កីឡាករ អន់ទ័ន គ្រីស្មាន (Antoine Griezmann) ឆ្លៀតឱកាសរកគ្រាប់បាល់បាន នៅនាទីទី ៨២ រកពិន្ទុស្មើត្រឡប់មកវិញ។ ខាងក្រោមនេះ ជាវីដេអូសង្ខេប នៃការប្រកួតរវាងក្រុមទាំងពីរ នៅក្នុងកីឡដ្ឋាន «Arsenal Stadium» នៃរាជធានី ឡុងដ៍ ចក្រភពអង់គ្លេស៖
ចុងបញ្ចប់នៃការប្រកួត ស្មើគ្នា ១-១ រវាងក្រុមទាំងពីរ តែមួយគ្រាប់នៅក្រៅផ្ទះ របស់ក្រុម អាត្លេទីកូ នឹងជួយឲ្យក្រុមនេះ មានប្រៀបជាងក្រុម អាសឺណល់ សម្រាប់ការប្រកួត «ត្រឡប់» ក្នុងសប្ដាហ៍ខាងមុខ។ ក្រុម ម៉ាសីយ៍ ដែលឈ្នះក្រុម សាលស្បួរ ២-០ ក៏មានក្ដីសង្ឃឹមច្រើនដែរ សម្រាប់ការប្រកួត យកឈ្នះចាញ់ ក្នុងការឈានទៅប្រកួតផ្ដាច់ព្រ័ត្រ នៃក្របខណ្ឌ «Europa League» ដែលនឹងប្រព្រឹត្តិទៅ ក្នុងកីឡដ្ឋាន «Parc Olympique Lyonnais» ដ៏ធំ របស់ក្រុង លីយ៉ុង (Lyon) ប្រទេសបារាំង នាថ្ងៃទី១៦ ខែឧសភាខាងមុខ៕