គ្រួសារ​ថា​អ្នក​ការសែត​កាណាដា​ស្លាប់ បន្ទាប់​ពី​រក​ឃើញ​សព​នៅ​អង្គរ

គ្រួសាររបស់ លោក ដេវីឌ វ៉លឃ័រ (David Walker) ហៅ ដេវ ដែលបានបាត់ខ្លួនតាំងពីខែកុម្ភៈមក នៅក្នុងខេត្ត​សៀមរាប ប្រទេសកម្ពុជានោះ បានប្រកាសនៅថ្ងៃព្រហស្បត្ត៍នេះថា ពួកគេបានរកឃើញ សាកសពរបស់​អ្នក​សារព័ត៌មាន និងជាសមិទ្ធិករភាពយន្ដជាតិកាណាដារូបនេះ ស្លាប់នៅក្នុងតំបន់អង្គរ ក្បែរនឹងក្រុងសៀមរាប។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: May 02, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រួសាររបស់ លោក ដេវីឌ វ៉លឃ័រ (David Walker) ហៅ ដេវ ដែលបានបាត់ខ្លួនតាំងពីខែកុម្ភៈមក នៅក្នុងខេត្ត​សៀមរាប ប្រទេសកម្ពុជានោះ បានប្រកាសនៅថ្ងៃព្រហស្បត្ត៍នេះថា ពួកគេបានរកឃើញ សាកសពរបស់​អ្នក​សារព័ត៌មាន និងជាសមិទ្ធិករភាពយន្ដជាតិកាណាដារូបនេះ ស្លាប់នៅក្នុងតំបន់អង្គរ ក្បែរនឹងក្រុងសៀមរាប។


លោក ដេវ វ័លឃ័រ នៅពេលលោកនៅរស់។ (រូបថត ហ្វេសប៊ុក)

សន្ដិសុខសង្គម - បើតាមសេចក្ដីប្រកាសក្នុងនាមក្រុមគ្រួសារទាំងមូល សាកសពរបស់លោក ដេវ វ័លឃ័រ ត្រូវបាន​រកឃើញដោយយុវជនម្នាក់ នៅក្នុងព្រៃ​មួយ​កន្លែង​ជិត​ប្រាសាទ​អង្គរ​ធំ ខេត្ត​សៀមរាប។ អាជ្ញាធរកម្ពុជាបាន​បញ្ជាក់​ទៅកាន់​គ្រួសារថា លោក ដេវ វ័លឃ័រ បានស្លាប់តាំងពីច្រើនសប្ដាហ៍មកហើយ។

សាកសពដែលដែលគេបានរកឃើញនោះ បាននៅសល់តែគ្រោងឆ្អឹងប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលគេអាចកំណត់ចំណាំ ភិនភាគរបស់អ្នកការសែតជាតិកាណាដានេះបាន នោះគឺដោយសារតែខោអាវ និងស្បែកជើងនៅជាប់នឹងគ្រោង​ឆ្អឹង​នោះ ដូចគ្នាទៅនឹងសម្លៀកបំពាក់ដែល​លោកឧស្សាហ៍ពាក់ កាលពីមុនពេលលោកបាត់ខ្លួន។

គ្រូពេទ្យម្នាក់ ដែលចុះទៅដល់ផ្ទាល់នឹងកន្លែង មិនទាន់អាចកំណត់បាន ពីមូលហេតុនៃការស្លាប់នេះបាននៅឡើយ ហើយ​ការធ្វើកោសលវិច្ឆ័យ ត្រូវបានធ្វើ ដើម្បីស្វែងយល់ថាតើអ្នកការសែត និងសមិទ្ធិករភាពយន្ដរូបនេះ ស្លាប់យ៉ាង​ដូចម្ដេច។

» សូមអានអត្ថបទដែលទាក់ទងឡើងវិញ ដោយចុចលើទីនេះ

លោក ដេវ វ័លឃ័រ អាយុ៥៨ឆ្នាំ បានមករស់នៅក្នុងប្រទេសកម្ពុជា តាំងពីមួយឆ្នាំកន្លះមុន។ លោកបានសហការ​ជាមួយនឹងដៃគូរជនជាតិកម្ពុជាម្នាក់ បើកក្រុមហ៊ុនថតកុនមួយឡើង ដែលមានឈ្មោះថា អានីមីស ហ្វាម ហ្វីម (Animist Farm Films) នៅខែកក្កដា ឆ្នាំ២០១២។ លោកនិងដៃគូរបានធ្វើការថតភាពយន្ដឯកសារមួយ ស្ដីពីរបប​កម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម អតីតកាលដ៏ជូរចត់របស់ប្រទេសកម្ពុជា ដែលធ្វើឲ្យប្រជាជនខ្មែរស្លាប់​ជិត២លាន​នាក់។

កុមារ ដេវ វ័លឃ័រ បានធំដឹងក្ដីនៅក្នុងក្រុង អេដមុងតុន (Edmonton) ហើយបន្ទាប់មក​បានមករស់នៅក្នុង​ទីក្រុង​តូរ៉ុងតូ (Toronto) ប្រទេសកាណដា។ លោកបានទទួលការសិក្សា បញ្ចប់ថ្នាក់អនុបណ្ឌិត នៅសកលវិទ្យាល័យ ញ៉ូយក នៅឆ្នាំ២០០៩។

បើតាមគ្រួសាររបស់លោកបានឲ្យដឹងថា លោក ដេវ បានមករស់នៅ និងធ្វើការនៅតំបន់អាស៊ីប៉ែកអាគ្នេយ៍ តាំងពី​ច្រើនឆ្នាំមកហើយ៕

-----------------------------------------------
ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០១ ឧសភា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...