ដូណាល់ ត្រាំ៖ «ខ្ញុំនឹងក្លាយជាប្រធានាធិបតី នៃពលរដ្ឋអាមេរិកាំងគ្រប់រូប»
- ដោយ: សុបិន្ដ ([email protected]) - ញ៉ូយក ថ្ងៃទី០៩ វិច្ឆិកា ២០១៦
- កែប្រែចុងក្រោយ: November 09, 2016
- ប្រធានបទ: ឆ្ពោះទៅសេតវិមាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) បានជាប់ឆ្នោត ជាប្រធានាធិបតីទី៤៥ នៃសហរដ្ឋអាមេរិក ហើយលោកនឹងចូល ទៅកាន់តំណែងនេះ ក្នុងសេតវិមាន នៅថ្ងៃទី២០ ខែមករាខាងមុខ។ នៅក្នុងសុន្ទរកថាមួយ ដែលប្រើរយៈពេលប្រមាណជា១៥នាទី ពីសណ្ឋាគារ ហ៊ីតុន (Hilton) ក្នុងសង្កាត់ ម៉ាណាតាន់ (Manhattan) នៃក្រុងញ៉ូយក លោក ដូណាល់ ត្រាំ បានបង្ហាញពីខ្លួនលោក នូវរូបភាពជាអ្នកបង្រួមបង្រួមជាតិ ដ៏សំខាន់មួយរូប។
លោក ដូណាល់ ត្រាំ បានសន្យាក្នុងឱកាសនោះថា៖ «ខ្ញុំនឹងក្លាយជាប្រធានាធិបតី នៃពលរដ្ឋអាមេរិកាំងគ្រប់រូប។ (...) រដ្ឋាភិបាល (របស់លោក ត្រាំ) នឹងបម្រើពលរដ្ឋ។ ដោយរួមគ្នាធ្វើការជាធ្លុងមួយ យើងនឹងកសាងជាតិយើងជាថ្មី ហើយបង្កក្ដីសុបិន្ដអាមេរិកឡើងវិញ។»។
លោក ដូណាល់ ត្រាំ បានថ្លែងពន្យល់ដែរ ពីបេក្ខនារីគូប្រជែងរបស់លោក មកពីគណបក្សប្រជាធិបតេយ្យ គឺអ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton)។ លោកបានថ្លែងឡើងថា៖ «ខ្ញុំទើបនឹងទទួលទូរស័ព្ទ ពីអ្នកស្រី ហ៊ីឡារី គ្លីនតុន។ គាត់បានអបអរសាទរ នូវជ័យជំនះរបស់យើង ហើយខ្ញុំក៏បានសម្ដែង នូវការកោតសរសើរចំពោះគាត់ដែរ ដែលបានតស៊ូ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនេះ រហូតដល់ទីបញ្ចប់។»។
ផ្ទុយពីភាពតានតឹង ដែលលោកតែងប្រកាសជាញឹកញាប់ នៅក្នុងការឃោសនារកសម្លេងឆ្នោត ប្រជែងនឹងអ្នកស្រី គ្លីនតុន លោក ដូណាល់ ត្រាំ បានថ្លែងទទួលស្គាល់ ពីអ្វីដែលអ្នកស្រី គ្លីនតុន បានធ្វើនៅក្នុងពេលអ្នកស្រី ជារដ្ឋមន្ត្រីការបរទេសអាមេរិក។ បេក្ខជនឈ្នះឆ្នោតរូបនេះ បានអះអាងថា សហរដ្ឋអាមេរិកបាន«ជំពាក់គុណ» ចំពោះអ្នកស្រី ហ៊ីឡារី គ្លីនតុន សម្រាប់សកម្មភាពបម្រើជាតិ របស់អ្នកស្រី។
ព្យាបាលរបួសស្នាម នៃការបែកបាក់...
មិនត្រឹមតែអ្នកស្រី គ្លីនតុន តែម្នាក់ប៉ុណ្ណោះទេ តែលោក ត្រាំ នៅបានថ្លែងទៅកាន់បណ្ដាអ្នកគាំទ្រអ្នកស្រី គ្លីនតុន ដើម្បីឲ្យប្រជាជនអាមេរិករួបរួមគ្នា។ លោកបានបន្តទៀតថា៖ «ពេលនេះ ជាពេលដែលត្រូវព្យាបាល នូវរបួសស្នាម នៃការបែកបាក់។ ខ្ញុំសូមថ្លែងទៅកាន់គ្រប់សមាជិក នៃគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ថាវាជាពេលដែលត្រូវរួបរួមគ្នា ឲ្យក្លាយទៅជាប្រជាជនតែមួយ។»។
ក្នុងថានៈជាអនាគតប្រធានាធិបតី សម្រាប់អាណត្តិក្រោយ នៃប្រទេសមហាអំណាច លោក ដូណាល់ ត្រាំ បានសន្យាថា នឹងបង្កើតឲ្យមានចំណងទាក់ទង ប្រកបដោយតម្លាភាព ជាមួយបណ្ដាប្រទេសទាំងឡាយ នៅក្នុងពិភពលោក។ លោកបានថ្លែងឡើងថា៖ «យើងនឹងចងមិត្ត ដោយស្មើរភាពគ្នា ជាមួយបណ្ដាប្រជាជាតិទាំងអស់ក្នុងលោក ហើយយើងនឹងមិនស្វែងរកជម្លោះ នោះឡើយ»៕