សារព័ត៌មានប្រេស៊ីល លត់ក្រុមជម្រើសជាតិខ្លួនយ៉ាងជូរចត់
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៨ កក្កដា ២០១៨
- កែប្រែចុងក្រោយ: July 09, 2018
- ប្រធានបទ: បាល់ទាត់ពិភពលោក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«លាហើយ ណីម៉ា» ជាចំណងជើងធំៗ នៅលើសារព័ត៌មានកីឡា ឈ្មោះ «Lance» ខណៈសារព័ត៌មានសឹងតែទាំងអស់ នៃប្រទេសប្រេស៊ីល បានសំដែងការខឹងសម្បារ នៅចំពោះភាព«អកម្ម» របស់ក្រុមកីឡាករបាល់ទាត់ប្រេស៊ីល នៅពាក់កណ្ដាលម៉ោងដំបូង នៃការប្រកួតរវាង ក្រុម ប្រេស៊ីល និងក្រុម ប៊ែលហ្សិក វគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ពិភពលោក កាលពីយប់ថ្ងៃសុក្រ សប្ដាហ៍កន្លងមក។
គេហទំព័រសារព័ត៌មានប្រេស៊ីល ដ៏ល្បីល្បាញមួយ ឈ្មោះ «Globoesporte.com» បានជ្រើសរើសចំណងជើង ដាក់ឲ្យអត្ថបទរបស់ខ្លួន ថា «បីសាចដ៏អស្ចារ្យ» ដែលពន្យល់ជាភាសាព័រទុយហ្គាល់ (ប្រទេសប្រេស៊ីល ប្រើភាសាព័រទុយហ្គាល់ ជាភាសាផ្លូវការ) មានន័យថា «ការសោកស្ដាយដ៏អស្ចារ្យ» ខណៈពាក្យ «បីសាច» ពីរម៉ាត់នេះ ជារហស្សនាមរបស់ក្រុមជម្រើសជាតិ ប៊ែលហ្សិក ហៅថា «បីសាចក្រហម» ដែលបានបំបាក់ក្ដីសុបិន្តប្រេស៊ីល ឲ្យនៅត្រឹមតែវគ្គ១ភាគ៤ នៃបាល់ទាត់ពិភពលោក។
គេហទំព័រនេះ បានរៀបរាប់ថា ខ្សែប្រយុទ្ធប៊ែលហ្សិក ដែលមានកីឡាករបីនាក់ De Bruyne - Hazard និង Lukaku បាន «ផ្ដួលក្រុមបាល់ទាត់ ប្រេស៊ីល ដោយប្រើពេលតែ ៤៥នាទី»។ គេហទំព័របានរំលឹកថា នេះជាលើកដំបូងហើយ ដែលក្រុមប្រេស៊ីល ទទួលគ្រាប់បាល់លើសពីមួយគ្រាប់ រាប់ចាប់តាំងពីលោក «Tite» បានចូលមកកាន់តួនាទី ជាគ្រូដឹកនាំក្រុមជម្រើសជាតិ។
អតីតខ្សែប្រយុទ្ធប្រេស៊ីល កីឡាករ រ៉ូណាល់ដូ ដែលធ្លាប់លើកពានពិភពលោក ក្នុងឆ្នាំ២០០២ ឲ្យប្រទេសរបស់ខ្លួននោះ បានសំដែងក្ដីសោកស្ដាយ យ៉ាងជ្រាលជ្រៅ នៅចំពោះការបាត់បង់មធ្យោបាយ នៃក្រុមប្រេស៊ីលថ្ងៃនេះ ដើម្បីរកគ្រាប់បាល់ស្មើមកវិញ បន្ទាប់ពីទទួលគ្រាប់បាល់ពីរគ្រាប់ ពីក្រុមគូប្រជែងរួច។
លោក រ៉ូណាល់ដូ ដែលពេលនេះ ធ្វើជាអ្នកអត្ថាធិប្បាយ ឲ្យបណ្ដាញទូរទស្សន៍ «TV Globo» បានថ្លែងឡើងថា៖ «នៅពេលដែលពួកគេ ត្រូវបាននាំមុខពីរគ្រាប់ហើយនោះ ពួកគេត្រូវបន្តការលេងបាល់ ទៅមុខទៀត ធ្វើដូចជាគ្មានរឿងអ្វីកើតឡើងទេ។ តែនេះ ពួកគេបានបាក់ទឹកចិត្ត និងអស់សង្ឃឹម។ ពួកគេបានត្រឡប់មកវិញ គ្រាន់បើជាងមុន នៅពាក់កណ្ដាលម៉ោងទីពីរ តែវាមិនគ្រប់គ្រាន់ ដើម្បីរកគ្រាប់បាល់ស្មើមកវិញឡើយ។»។
សម្រាប់សារព័ត៌មាន ចេញផ្សាយប្រចាំថ្ងៃ «Folha de S. Paulo» បានពន្យល់បែបសម្រាលបន្ទុក មកវិញថា ក្រុមជម្រើសជាតិ ប្រេស៊ីល ត្រូវបានខ្ទាស់ជាប់ ដោយក្រុម បីសាចក្រហម។ សារព័ត៌មាន បានសរសេរថា៖ «បរាជ័យអាចមានសភាពធ្ងន់ធ្ងរជាងនេះ ហើយអាចមានលក្ខណៈ ដូចគ្នានឹងបរាជ័យ ៧-១ ដែលជាការអាម៉ាសមួយ ដែលក្រុមប្រេស៊ីល បានប្រកួតចាញ់ក្រុម អាល្លឺម៉ង់ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីបាល់ទាត់ពិភពលោក ឆ្នាំ២០១៤ (ក្នុងប្រទេសប្រេស៊ីល)»។
សារព័ត៌មានតំបន់មួយទៀត ឈ្មោះ «Estado de S. Paulo» បានបរិហារធ្ងន់ៗ ចំពោះភាព «អកម្ម» នៃក្រុមកីឡាករ ប្រេស៊ីល នៅក្នុងពាក់កណ្ដាលម៉ោងដំបូង ដែលបណ្ដោយឲ្យក្រុមខ្លួន ទទួលគ្រាប់បាល់ ប៊ែលហ្សិក មួយគ្រាប់ពីចំងាយជាង ២០ម៉ែត្រ ខណៈមួយគ្រាប់មុន ជាគ្រាប់បាល់ទាត់ចូលទីខ្លួនឯង របស់ខ្សែបម្រើ ប្រេស៊ីល កីឡាករ «Fernandinho»៕