បាល់ទាត់ពិភពលោក៖ ក្រូអាស៊ីសម្លាប់សុបិន្តម្ចាស់ផ្ទះ ដោយទាត់បាល់រាប់គ្រាប់
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៧ កក្កដា ២០១៨
- កែប្រែចុងក្រោយ: July 08, 2018
- ប្រធានបទ: បាល់ទាត់ពិភពលោក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សុបិន្តរបស់បណ្ដាជន រ៉ុស្ស៊ី បានរលត់សូន្យឈឹង នៅយប់ថ្ងៃអាទិត្យនេះ បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួន បានប្រកួតចាញ់ ក្រុម ក្រូអាស៊ី នៅក្នុងការទាត់បាល់១១ម៉ែត្រ កាត់សេចក្ដីយកឈ្នះចាញ់ (៣-៤) ក្នុងយប់ថ្ងៃសៅរ៍ទី៧ ខែកក្កដានេះ។ បរាជ័យរបស់ក្រុម រ៉ុស្ស៊ី បានអនុញ្ញាតឲ្យក្រុម ក្រូអាស៊ី ក្លាយជាក្រុមទី៤ នៃវគ្គបួនក្រុមចុងក្រោយ (ហៅវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ) ដើម្បីជួបប្រកួត នៅថ្ងៃពុធខាងមុខ ទល់នឹងក្រុម អង់គ្លេស ដែលទើបនឹងប្រកួតឈ្នះក្រុម ស៊ុយអែដ កាលពីប៉ុន្មានម៉ោងមុន។
តាមពិតទៅ គឺក្រុម រ៉ុស្ស៊ី ទេ ដែលមានក្ដីសង្ឃឹម នៅពេលការប្រកួតបានចាប់ផ្ដើមដំបូង ដោយសារគ្រាប់បាល់មួយគ្រាប់ នៅនាទីទី៣១ ដែលជាគ្រាប់បាល់ដ៏ល្អមួយ ទាត់ដោយជើងឆ្វេង របស់កីឡាករ «Denis Cheryshev»។ ប៉ុន្តែ នៅ៨នាទីក្រោយមក ពោលគឺនៅនាទី ទី៣៩ ក្រុម ក្រូអាស៊ី រកបានគ្រាប់បាល់ស្មើមកវិញ ដែលជាគ្រាប់បាល់រុញបញ្ចូលទី ដោយក្បាលរបស់កីឡាករ «Andrej Kramaric » បន្ទាប់ពីទទួលបានបាល់ របស់កីឡាករ «Mandzukic» ពីស្លាបឆ្វេង។
នៅពាក់កណ្ដាលម៉ោងទីពីរ ក្រុម រ៉ុស្ស៊ី បានចុះមកទប់ទល់ សឹងតែទាំងស្រុង ចំពោះការវាយលុក របស់ក្រុមកីឡាករ ក្រូអាស៊ី ដែលពូកែខាងការដណ្ដើម និងគ្រប់គ្រងបាល់ នៅក្នុងជើងរបស់ខ្លួន។ ចុះមកទប់ទល់ មិនបានសេចក្ដីថា បានចុះចាញ់ទេ ដូចជាគ្រាប់បាល់មួយទៀត របស់ក្រុម ក្រូអាស៊ី នៅនាទទី ៩០+១១ រកបានដោយកីឡាករក្រូអាស៊ី «Domagoj Vida» ត្រូវបានក្រុម រ៉ុស្ស៊ី ឆ្លើយតបវិញ នៅនាទីទី ៩០+១៥+១០ រកបានដោយកីឡាកររ៉ុស្ស៊ី «Mario Fernandes» ដែលមានដើមកំណើត មកពីប្រទេស ប្រេស៊ីល។
លទ្ធផលស្មើ ២-២ បានតម្រូវឲ្យការប្រកួត ត្រូវងាកទៅរកការទាត់បាល់ ១១ម៉ែត្រ ដើម្បីកាត់សេចក្ដី យកឈ្នះចាញ់។ អ្នកចាំទីទាំងសងខាង ទះបាល់ចេញ បានមួយគ្រាប់ដូចគ្នា តែកីឡាកររ៉ុស្ស៊ី «Mario Fernandes» ដែលទើបនឹងរកគ្រាប់បាល់បានខាងលើ បានទាត់បាល់ខុសប្រអប់ទីមួយគ្រាប់ ធ្វើឲ្យក្រុម ក្រូអាស៊ី មានគ្រាប់បាល់លើសក្រុម រ៉ុស្ស៊ី មួយគ្រាប់ (៣-៤)។
» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម រ៉ុស្ស៊ី និងក្រុម ក្រូអាស៊ី៖