ក្មេងថៃ៦នាក់ (ជាផ្លូវការ ៤នាក់) ត្រូវបានយកចេញពីរូងភ្នំ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៨ កក្កដា ២០១៨
- កែប្រែចុងក្រោយ: July 08, 2018
- ប្រធានបទ: បាត់ខ្លួនក្នុងរូងភ្នំ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP» មន្ត្រីទទួលខុសត្រូវមួយរូប នៃក្រសួងការពារជាតិថៃ បានថ្លែងឡើង ដោយមិនបញ្ចេញឈ្មោះថា កុមារ៦នាក់ ពីចំណោមជនរងគ្រោះទាំង១៣នាក់ ត្រូវបានយកចេញពីរូងភ្នំហើយ។ ផ្ទុយទៅវិញ តុល្យភាពផ្លូវការបានអះអាងថា មានកុមារតែ៤នាក់ទេ ដែលត្រូវបានយកចេញ មកក្រៅ។
ក្រុមអ្នកសារព័ត៌មានបស្ចិមលោក ដែលមានវត្តមាននៅនឹងកន្លែង បានអះអាងថា កុមារដំបូងគេ ដែលត្រូវបានយកចេញពីរូងភ្នំ ត្រូវបានបញ្ជូនភ្លាមៗ តាមឧទ្ធម្ភាគចក្រ យកទៅពិនិត្យព្យាបាល នៅក្នុងមន្ទីរពេទ្យក្រុង ឈៀងរ៉ៃ ដែលមានចំងាយជាង ៧០គីឡូម៉ែត្រ ពីរូងភ្នំ។ អ្នកទទួលខុសត្រូវតំបន់មួយរូប នៃប្រតិបត្តិការសង្គ្រោះនេះ បានថ្លែងថា មានក្មេងពីរនាក់ កំពុងស្ថិតក្នុងមន្ទីរពេទ្យស្រុក ដែលស្ថិតនៅក្បែររូងភ្នំនៅឡើយ។
ការនាំក្មេងទាំងនេះ ចេញពីកន្លែងដែលដែលពួកគេជ្រកកោន ធ្វើឡើងប្រកបដោយហនិភ័យខ្ពស់ ដោយសារតែមានច្រករូងមួយកន្លែងនោះ មានរាងជាអក្សរ «T» យ៉ាងតូចចង្អៀត បង្កស្ថានភាពយ៉ាងពិបាក ដើម្បីឲ្យអ្នកមុជទឹកឆ្លងកាត់។ ប៉ុន្តែ លោក «Narongsak Osottanakorn» ចៅហ្វាយខេត្ត ឈៀងរ៉ៃ និងជាប្រធានគណៈកម្មការគ្រប់គ្រងវិបត្តិ បានថ្លែងថា ក្រុមអ្នកជួយសង្គ្រោះ មិនអាចរង់ចាំឱកាសណាផ្សេង ដែលល្អជាងថ្ងៃនេះទេ។
ច្រករាងអក្សរ «T» ដ៏ចង្អៀតនោះ ស្ថិតនៅឆ្ងាយ ប្រមាណជា១,៧គីឡូម៉ែត្រ ពីកន្លែងដែលកុមារកំពុងជ្រកកោន និងឆ្ងាយប្រមាណជិត ១គីឡូម៉េត្រទៀត ពីជម្រកបណ្ដោះអាសន្នទីបី របស់ក្រុមអ្នកជួយសង្គ្រោះ នៅក្នុងរូងភ្នំ។ ពីជម្រកទី៣ មកដល់ច្រកចូលរូងភ្នំ ដោយឆ្លងតាមជម្រកទី២ មានចំងាយបន្ថែម ប្រមាណជា ២គីឡូម៉ែត្រ ដែលធ្វើឲ្យចំងាយសរុប ក្នុងការនាំកុមារចេញ ពីទីជម្រករបស់ពួកគេ មានប្រមាណជិត ៤,៧គីឡូម៉ែត្រ។
» គំនូសបង្ហាញ ពីទីជម្រករបស់ក្រុមកុមារ មកទល់នឹងច្រកអក្សរ «T» បន្តមកជម្រកទីបី របស់អ្នកជួយសង្គ្រោះ (គំនូសរបស់ Chheang Ray Time)៖
ក្រុមអ្នកជួយសង្គ្រោះ មាន១៣ជាជនបរទេស និង៥នាក់ ជាជនជាតិថៃ ដែលសុទ្ធសឹងមានជំនាញ ខាងមុជទឹក។ ពួកគេត្រូវការរយៈពេលសរុប ប្រមាណជា១១ម៉ោង ដើម្បីមុជទឹកទៅកាន់ទីជម្រក របស់ក្មេងៗទាំងនោះ និងនាំពួកគេត្រឡប់មកវិញ ពោលគឺ៦ម៉ោងទៅ (បញ្ច្រាសទឹកហូរ) និង៥ម៉ោងមកវិញ (បណ្ដោយទឹកហូរ)។
គេមិនបានអះអាងឲ្យច្បាស់ទេ ពីការស្រកចុះ នៃកំពស់ទឹកនៅក្នុងរូងភ្នំ។ មន្ត្រីមួយរូប ពីក្រសួងមហាផ្ទៃថៃ បានថ្លែងក្នុងថ្ងៃអាទិត្យនេះថា ទឹកនៅតែបន្តជន់លិចរូងភ្នំ និងកន្លែងខ្លះ មានជម្រៅច្រើនម៉ែត្រ តែបានស្រកចុះយ៉ាងច្រើន រហូតដល់កម្រិតមួយ ដែលអាចទទួលយកបាន ដោយក្រុមអ្នកមុជទឹក។ យ៉ាងណា ក្រុមអ្នកមុជទឹក បានត្អូញត្អែរពីទឹកជន់ នៅក្នុងរូបភ្នំនោះ ថាមានសភាពល្អក់ ដូច«កាហ្វេទឹកដោះគោ» និងថាបានបង្កឧបសគ្គ មិនឲ្យពួកគេមើលឃើញអ្វីទាំងអស់។
ប្រតិបត្តិការ នាំកុមារចេញពីរូង ត្រូវបានផ្ដើមធ្វើ ក្នុងថ្ងៃអាទិត្យនេះ នៅម៉ោង១០ព្រឹក ម៉ោងក្នុងស្រុក ហើយគេត្រូវរង់ចាំរហូតដល់ម៉ោង ២១យប់ ទើបអាចឃើញក្រុមអ្នកមុជទឹក ត្រឡប់មកវិញ ដោយនាំមកជាមួយ នូវកុមាររងគ្រោះដំបូងគេ ចេញពីរូងភ្នំ។ កុមាររងគ្រោះភាគច្រើន មិនចេះហែលទឹកទេ ហើយក៏គ្មានកុមារណាម្នាក់ ធ្លាប់ជ្រមុជក្នុងទឹកពីមុនមកដែរ។
លោក «Narongsak Osottanakorn» បានថ្លែងថា កុមារម្នាក់ នឹងត្រូវអមដោយអ្នកមុជទឹកជំនាញ ចំនួនពីរនាក់។ លោកបន្តថា៖ «ក្រុមអ្នកមុជទឹក បានដឹងយ៉ាងច្បាស់ ពីប្រតិបត្តិការនាំកុមារចេញពីរូងភ្នំ។ ពួកគេបានត្រៀមខ្លួនរួចជាស្រេច ក្នុងការសង្គ្រោះកុមារ និងត្រៀមប្រឈម ចំពោះរាល់វិញ្ញាសារ ដ៏ពិបាកៗទាំងឡាយ ដែលកើតមាន នៅក្នុងប្រតិបត្តិការនេះ។»។
ក្រុមអ្នកជួយសង្គ្រោះ បានអះអាងនៅថ្ងៃអាទិត្យនេះ ថាពួកគេនាំយកកុមារចេញពីរូងភ្នំម្នាក់ម្ដងៗ ដើម្បីបញ្ជៀសការភ័យភិត ដែលអាចកើតមាន រវាងកុមារទាំងនោះ។ ពួកគេបានបញ្ជាក់ទៀតថា កុមាររងគ្រោះ ដែលនៅសេសសល់ នឹងត្រូវនាំចេញពីរូងភ្នំ នៅពីរ ឬបីថ្ងៃខាងមុខ៕