បទយកការណ៍៖ ពលរដ្ឋតាមព្រំដែនរងគ្រោះ ព្រោះរដ្ឋប្រហារនៅថៃ
- ដោយ: លោក គិន ដោយ គិន ង៉ុយ (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 02, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពលរដ្ឋកម្ពុជារស់នៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ បានត្អូញត្អែរពីបញ្ហាជីវភាពរបស់ពួកគេ ដែលបានរងនូវការប៉ះពាល់យ៉ាងខ្លាំង បន្ទាប់ពីរដ្ឋប្រហារយោធា នៅក្នុងប្រទេសថៃ។ ប៉ះពាល់ខ្លាំង ដោយសារតែភាគីថៃ បានផ្លាស់ប្ដូរទម្លាប់ ក្នុងការអនុញ្ញាតឲ្យពលរដ្ឋឆ្លងកាត់ ចូលទៅក្នុងទឹកដីថៃ ខណៈក្នុងទឹកដីកម្ពុជា មិនសូវមានជនជាតិថៃចូលមកលេងកាស៊ីណូ។ អ្នកយកព័ត៌មានរបស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានធ្វើដំណើរទៅកាន់ទីនោះ ហើយបានធ្វើសេចក្ដីរាយការណ៍មួយ ជូនប្រិយមិត្តអ្នកអាន។
ច្រកអូស្មាច់ នៃព្រំដែនកម្ពុជា-ថៃ។ (រូបថត MONOROOM.info/ DaraRith)
ព្រំដែន - អង្គុយលើម៉ូតូដែលមានកន្ទុយរឺម៉ក សម្រាប់ដឹកទំនិញក្រោមកំដៅថ្ងៃក្តៅហែង លោក ឌួង សាវ៉ាន់ អាយុ ៤៥ ឆ្នាំ ដែលជាអ្នកឆ្លងចូលទឹកដីថៃ ទឹកទំនិញឲ្យគេតាមច្រកអូស្មាច់នោះ បានឲ្យដឹងថា បច្ចុប្បន្ននេះខាងភាគីថៃ គេរឹតបន្តឹងសន្តិសុខខ្លាំងជាមុន បន្ទាប់ពីរដ្ឋប្រហារយោធា។ ពលរដ្ឋកម្ពុជា ដែលប្រកបរបរនៅតាមជាយដែន ដែលធ្លាប់តែឆ្លងចូលដោយបង់តែ១០បាតនោះ ឥឡូវត្រូវធ្វើសំបុត្រមួយ ដែលអាចចូលបានគ្នា ១០នាក់ ហើយត្រូវត្រឡប់ចូលទឹកដីកម្ពុជាវិញមុនម៉ោង៥ល្ងាច។ លោកបានថ្លែងឲ្យដឹងថា៖ «ពួកយើងជាអ្នកដឹកបន្លែយ៉ាប់ណាស់ ចំពោះស្ថានភាពបច្ចុប្បន្ននេះ យើងចូលទៅគេត្រួតពិនិត្យយើង៤កន្លែង ហើយនៅពេលចូលវិញ គេហៅឈ្មោះ បើយើងអត់មានឈ្មោះគេចាប់ មិនចូលទឹកដីយើងវិញទេ»។
បុរសរូបចំណាស់រូបនោះ បានថ្លែងឲ្យដឹងទៀតថា បច្ចុប្បន្ននេះ គេតម្រូវឲ្យមានលិខិតឆ្លងដែន ហើយពលរដ្ឋដែលពុំមានលិខិតឆ្លងដែនដូចពួកលោក គឺតម្រូវឲ្យទិញប័ណ្ណជាក្រុមទើបអាចចូលបាន ហើយក្រុមទាហានឈុតខ្មៅជាអ្នកឆែកឆេរ ហើយគេក៏ពុំធានាសុវត្ថិភាពដែរ ប្រសិនបើមានរឿងអ្វីកើតឡើង។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «ពីមុនពុំមែនស្ងាត់ជ្រងំដូចពេលនេះទេ មានពលរដ្ឋថៃឆ្លងដែនមកយើងច្រើនណាស់ តែឥឡូវមួយថ្ងៃរកតែម្នាក់មិនចង់បានផង។ ជីវិតអ្នករកស៊ីជាយដែន គឺយ៉ាប់បំផុត ម្តងគេបើកច្រកម្តងគេបិទច្រក ស្រេចតែចិត្តគេ ចំនែកមន្ត្រីខាងយើងគ្មានប្រតិកម្មអីនោះទេ។»។
ជ្រកក្រោមម្លប់ដើមឈើ រងចាំចាប់ម៉ូយដែលឆ្លងដែនចេញពីប្រទេសថៃនោះ លោក មាស ប្រាថ្នា អាយុ ៤២ ឆ្នាំ ដែលជាអ្នករត់ម៉ូតូឌុប នៅច្រកអូស្មាច់នោះ បានថ្លែងឲ្យដឹងថា បច្ចុប្បន្ននេះលោករកក្នុងមួយថ្ងៃ មិនបានមួយម៉ឺនរៀលផង បន្ទាប់ពីប្រទេសថៃមានបញ្ហាមក។ លោកបានថ្លែងថា៖ «ដូចមើលឃើញស្រាប់ហើយ ស្ងាត់ជ្រងំតែម្តង បន្ទាប់ពីថ្ងៃទី២២ ឧសភាមក»។
លោកបានថ្លែងបន្តឲ្យដឹងទៀតថា ប្រសិនបើស្ថានភាពនៅតែដូចសព្វថ្ងៃនេះ គ្រួសាររបស់លោកអាចប្រឈមនឹងបញ្ហាជីវភាព ដោយសារតែលោករកមួយថ្ងៃដើម្បីមួយថ្ងៃពុំមានលុយសល់នោះទេ ប្រសិនលោកមិនរកគឺអត់ ហើយលោកលឺថា ស្ថានភាពបែបនេះនឹងចំណាយពេល៣ខែ។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «ប្រសិនបើចំណាយពេលបីខែមែននោះ ខ្ញុំប្រហែលជាវេចប្រពន្ធកូនទៅនៅស្រុក មួយរយៈសិនហើយ ដោយសារតែគ្មានលុយបង់ថ្លៃបន្ទប់ជួល ពេលណាស្ថានភាពវិលរកភាពដើម ទើបត្រឡប់មកវិញ»។
អង្គុយក្នុងទឹកមុខ ស្រពោន ដោយសារពុំមានអតិថិជន លោក ផល្លា ដែលជាអាជីវករលក់ដូរនៅផ្សារអូរស្មាច់ បានថ្លែងថា លោកគ្រោងនឹងបិទតូប បីទៅបួនថ្ងៃខាងមុខ ប្រសិនស្ថានភាពនៅតែស្ងាត់ជ្រងំដូច្នេះ ពីព្រោះលោកពុំដឹងថា ត្រូវលក់ឲ្យអ្នកណា។ លោកបានថ្លែងឲ្យដឹងថា៖ «មួយថ្ងៃលក់ស្ទើរមិនបាន២០០បាតផង ដូច្នេះមានតែបិទតូបទេ ពីព្រោះគ្មានលុយបង់ឲ្យគេ។ កាលពីប៉ះទង្គិចគ្នា រឿងប្រាសាទព្រះវិហារនៅមានភ្ញៀវចេញចូលច្រើន តែពេលនេះស្ងាត់ឈឹងតែម្តង។»។
លោកបានថ្លែងឲ្យដឹងទៀតថា មិនថាតែលោកជាអាជីវករនោះទេដែលលំបាក គឺប្រជាពលរដ្ឋដែលរស់នៅអូស្មាច់នេះ លំបាកស្ទើរតែទាំងអស់គ្នា ដោយសារតែពួកគាត់ពឹងអាស្រ័យ លើការរកស៊ីរវាងប្រទេសទាំងពីរ ប៉ុន្តែពេលនេះច្រកខាងកម្ពុជាបើកធម្មតា ប៉ុន្តែច្រកខាងថៃគេរឹតបន្តឹង។ លោកបានឲ្យដឹងទៀតថា៖ «ឲ្យតែពេលណាមានបញ្ហាអ្វីមួយ ពួកយើងដែលរកស៊ីនៅជាយដែននេះលំបាកបំផុត»។
លោក អ៊ូ ច័ន្ទសុខា មន្ត្រីអន្តោប្រវេសន៍ច្រកទ្វាព្រំដែនអន្តរជាតិអូស្មាច់ បានថ្លែងឲ្យដឹងថា ចាប់តាំងពីថ្ងៃទី ២៩ ខែឧសភា មកគឺពលរដ្ឋដែលចេញចូលផ្សារព្រំដែន តម្រូវឲ្យសរសេរឈ្មោះ នៅលើលិខិតអន្តោប្រវេសន៍ ដើម្បីអាចចេញចូលបាន មិនអាចធ្វើដូចពីពេលមុនគ្រាន់តែបង់១០បាតនោះទេ។ លោកបានថ្លែងថា៖ «បច្ចុប្បន្ននេះ ខាងភាគីថៃគេរឹតបន្តឹង ចំនែកខាងយើងមិនអីនោះទេ ពលរដ្ឋទម្រាំបានទៅដល់ផ្សារ ខាងទាហានឈុតខ្មៅគេឆែក ៤កន្លែង»។
លោកបានថ្លែងឲ្យដឹងទៀតថា ស្ថានភាពនៅពេលនេះ គឺស្ងប់ស្ងាត់ ហើយក៏ពុំសូវមានពលរដ្ឋថៃឆ្លងដែនចូលប្រទេសយើង ដើម្បីមកលេងកាស៊ីណូដូចកាលពីពេលមុននោះទេ ប៉ុន្តែមានបរទេសគេឆ្លងដែនចេញមកប្រទេសយើងច្រើន។ លោកបានឲ្យដឹងថា៖ «គេបង្ខំឲ្យពលរដ្ឋយើង ត្រឡប់មកវិញនៅម៉ោង៥ល្ងាច ហើយក្នុងករណីមានបញ្ហានៅប្រទេសគេពេលណា គេមិនប្រាប់យើងទេ ដូច្នេះយើងតែងតែអប់រំពលរដ្ឋយើង ដែលឆ្លងដែនទៅផ្សារនោះ ឲ្យមានការប្រុងប្រយ័ត្នគ្រប់ពេល»។
ពលរដ្ឋជាច្រើនអ្នកបានឈរជាជួរ បន្ទាប់ពីទិញសំបុត្រដើម្បីឆ្លងដែនចូលផ្សារព្រំដែន តាមច្រកជាំស្រងាំ នោះ លោក សួស សំអុល ដែលរស់នៅផ្សារជាំស្រងាំលើភ្នំដងរែក បានថ្លែងឲ្យដឹងថា នៅក្នុងតំបន់នេះ គឺពុំអនុញ្ញាតិឲ្យពលរដ្ឋដែលគ្មានលិខិតឆ្លងដែន ចេញចូលដូចកាលពីពេលមុនោះទេ ពួកគាត់អាចចេញចូលបានតែដងប៉ុណ្ណោះ ក្នុងមួយសប្តាហ៍ គឺនៅថ្ងៃព្រហស្បត្តិ៍និងថ្ងៃអាទិត្យ ពេលដែលផ្សារព្រំដែនថៃគេបើកលក់ទំទិញ។ លោកបានថ្លែងឲ្យដឹងថា៖ «ក្រៅពីថ្ងៃដែលថៃបើកផ្សារ គឺស្ងាត់ជ្រងំតែម្តង ពីព្រោះអីអាជីវករយើង មិនអាចឆ្លងដែនបាន ហើយខាងថៃមិនមានអ្នកមក។ ខ្ញុំមិនដឹងថា តើនៅច្រកព្រំដែនផ្សេងទៀត គេដូចយើងដែររឺអត់ទេ យើងបន់ឲ្យតែប្រទេសគេស្រួលបួលឡើងវិញ ដើម្បីឲ្យពួកយើងងាយស្រួលរកស៊ី។»។
អាជីវករលក់នៅលើភ្នំដងរែក ច្រកជាំស្រងាំ ចែ យ៉ា បានត្អួញត្អែថា ភាគីខ្មែរចាញ់ប្រៀបខាងភាគីថៃ ដោយសារតែខាងភាគីថៃគេបើកទ្វារច្រកព្រំដែន ១សប្តាហ៍ពីរថ្ងៃ តែគេបិទមិនឲ្យពលរដ្ឋគេឆ្លងដែន ចូលមកទិញទំនិញពីខាងយើង ដើម្បីឲ្យមានតម្លាភាព គួរតែបិទច្រកទាំងអស់តែម្តង ទាំងខាងថៃនិងខាងកម្ពុជា។ អ្នកស្រីបានថ្លែងឲ្យដឹងទៀតថា៖ «បើនៅតែស្ងាត់បែបនេះទៀត ខ្ញុំនឹងបិតតូបមួយរយៈ ពីព្រោះអីខ្ញុំមិនដឹងលក់ឲ្យអ្នកណាទិញ។ រឿងតែប្រទេសគេសោះ វាយ៉ាប់ឯងនេះវិញ វាគួរតែប្រទេសគេទេ ដែលយ៉ាប់។»។
កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ អាជ្ញាធរថៃ បានបង្កើនកម្លាំងត្រួតពិនិត្យ ក្នុងទឹកដីរបស់ខ្លួនជាប់ច្រកទ្វារអន្តរជាតិ ហើយពួកគេបានប្រកាសបិទច្រករបៀងទាំងអស់ ដែលមាននៅតាមបណ្ដោយ ខ្សែក្រវាត់ព្រំដែនខ្មែរថៃ ក្នុងខេត្តបន្ទាយមានជ័យ ជាប់នឹងខេត្តស្រះកែវ ប្រទេសថៃ។ ការប្រែប្រួលស្ថានការណ៍ នៅតាមខ្សែក្រវាត់ព្រំដែនខ្មែរថៃនេះ កើតមានឡើងក្រោយពីទាហានថៃ បានប្រកាសដាក់ប្រទេសរបស់ខ្លួនឲ្យឋិតនៅក្រោមច្បាប់អាជ្ញាសឹក គ្រប់គ្រងដោយកងយោធា។
ចំនែកភាគីកម្ពុជា កាលពីថ្ងៃទី ២៣ ខែឧសភា លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញបទបញ្ជា៣ចំណុចទៅដល់ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ ត្រូវណែនាំដល់កងកម្លាំង ដែលឈរជើងការពារតាម បណ្តោយព្រំដែនកម្ពុជា ត្រូវបន្តលើកកម្ពស់កិច្ចសហការ និងទំនាក់ទំនងឲ្យបានល្អជាមួយភាគីថៃ និងមិនត្រូវធ្វើការចល័តកម្លាំងទ័ពឡើយ។ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជការឯកភាពខេត្ត ត្រូវបន្តទំនាក់ទំនងសហការជាមួយថៃដើម្បីរក្សាសន្តិភាព និង ត្រូវបន្តតាមដានការវិវឌ្ឍសភាពការណ៍នៅថៃ ពិសេសស្ថានការណ៍តាមព្រំដែនរវាងប្រទេសទាំងពីរ។
ប្រធានទំនាក់ទំនងព្រំដែនកម្ពុជាថៃ លោក ពេជ្រ វណ្ណា ថ្លែងថា ស្ថានភាពនៅតាមច្រកព្រំដែនកម្ពុជាថៃ គឺស្ថិតនៅក្នុងសភាពស្ងប់ស្ងាត់ដដែលហើយ ពលរដ្ឋកម្ពុជា ក៏ពុំអាចចេញចូលដូចមុនដែរ គឺត្រូវអាជ្ញាធរថៃធ្វើការរឹតបន្តឹងក្នុងការត្រួតពិនិត្យ ហើយពលរដ្ឋខ្មែរអាចឆ្លងដែនបានទៅ តែក្នុងផ្សារជាប់ព្រំដែនប៉ុណ្ណោះ ចំណែកការធ្វើដំណើរទៅជ្រៅៗមិនទាន់បានទេ។ លោកបានថ្លែងឲ្យដឹងថា៖ «ច្រកព្រំដែននៅតែបន្តបិទដដែល ហើយខាងភាគីថៃពុំបានកំណត់ជាក់លាក់ អំពីពេលវេលាបើកវិញនោះទេ»៕