ស៊ីសុវត្ថិ ធម្មិកោ៖ ខ្មែរឈ្លោះគ្នា ឯយួនឈរសើច រឿងព្រំដែន
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី០១ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 05, 2015
- ប្រធានបទ: ព្រំដែន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ភាគីកម្ពុជា ក្នុងនាមខ្មែរតែមួយ គួររួមគ្នាដើម្បីការពារទឹកដី។ ចុះហេតុអ្វីឡើយ ក៏ចេះតែបន្តការទាស់ទែងគ្នា ឈ្លោះគ្នា រវាងខ្មែរនិងខ្មែរគ្នាឯង ដែលនាំឲ្យបរទេសយំផង សើចផង ឬសើចរហូត ទាល់តែហៀរទឹកភ្នែកនោះ។ ចាំបាច់អ្វី ដែលត្រូវតែឈ្លោះគ្នាពេញស្រុក? ម្តេចមិនព្រមរួមគ្នា សាមគ្គីគ្នា ដើម្បីការពារបូរណភាពទឹកដីយើង?»
ខាងលើនេះ ជាសំណេររបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ នៅលើបណ្ដាញសង្គម ទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាម ដ៏ចម្រូងចម្រាស នៅក្នុងរយៈពេលចុងក្រោយនេះ។ អតីតជំនួយការផ្ទាល់ របស់សម្ដេច នរោត្ដម សីហនុ បានសរសេរទៀតថា បញ្ហាខ្មែរ និងខ្មែរ កំពុងតែឈ្លោះគ្នានេះ គ្មានអ្នកណាម្នាក់ (ប្រជាពលរដ្ឋខ្មែរ) សប្បាយចិត្តឡើយ។ ផ្ទុយទៅវិញ មានជាតិសាសដទៃ«មួយ» កំពុងតែសប្បាយចិត្ត ជាមួយនឹងការ«សើច»របស់គេ សឹងដាច់ដង្ហើមទៅហើយនោះ។ ព្រះអង្គម្ចាស់បានសរសេរថា ការ«សើច»នេះ អាចជាការអស់សំណើច របស់ពួកគេមួយ ដែលពួកគេ«រំលោភ និងបំពាន» ដីខ្មែរ តែខ្មែរមិនព្រមរួមសាមគ្គីគ្នា ដោះស្រាយទេ បែជាឈ្លោះគ្នាទៅវិញ។
ភាគីខ្មែរទាំងបី...
ព្រះអង្គ ស៊ីសុវត្ថិ ធម្មិកោ មានបន្ទូលបន្តថា៖ «គួរណាតែខ្មែរគ្រប់ភាគី គ្រប់បក្សរួមគ្នា ទៅលើមូលដ្ឋានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១ ដែលផ្តល់មូលដ្ឋានច្បាប់ ច្បាស់លាស់ ដើម្បីការពារ និងរក្សាបូរណភាពទឹក ដី អធិបតេយ្យភាពជាតិយើង។ ក្នុងថា្នក់ដឹកនាំជាតិសព្វថ្ងៃ សម្តេចតេជោ ហ៊ុន សែន ក្នុងនាម គណបក្សប្រជាជនកម្ពុជា, លោក សម រង្ស៊ី អតីតថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច និងលោក កឹម សុខា អតីតថ្នាក់ដឹកនាំគណបក្សលោកតា សឺន សាន ជាភាគីហត្ថលេខី កិច្ចព្រមព្រាងទីក្រុងប៉ារីស ឆ្នាំ ១៩៩១។»
ព្រះអង្គបានពន្យល់ទៀតថា ការដោះស្រាយបញ្ហាព្រំដែន មិនមានអ្វីជាអី្វ ដែលជាឧបសគ្គឡើយ សម្រាប់អ្នកទាំងបីនាក់ ខាងលើនេះ។ លោកថា៖ «ថ្នាក់ដឹកនាំទាំងបីអាចជួបគ្នា ហើយយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះ ជាមូលដ្ឋាន ដើម្បីរកដំណោះស្រាយ ជុំវិញការដែលយួនឈ្លានពាន និង រំលោភបូរណភាពទឹកដីខ្មែរយើង»។
«យួនសើច ខ្មែរយំ»
ទស្សនៈរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានជំរុញឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនផ្សេងទៀត ចូលរួមបញ្ចេញយោបល់ដែរ។ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ ដាក់ឈ្មោះ «Suon Sokheng» បានសរសេរថា៖ «យួនសើច ព្រោះ ហ៊ុន សែន និយាយការពារយួន» ខណៈអ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ទៀត ឈ្មោះ «Srey Ka» បានសរសេរថា៖ «យួនសើច ខ្មែរយំ ព្រោះតែអ្នកដឹងនាំ»។ ម្ចាស់គណនីឈ្មោះ «Sisowath Chakrey Noukpol» បានលើកឡើងដែរថា៖ «យួនសើច ព្រោះមើលឃើញយុទ្ធសាស្ត្រថ្មីមួយ ជោគជ័យក្នុងការឈ្លានពាន យកបានព្រំដែនគោកពីរ ឆ្ពោះទៅយកព្រំដែនទឹកបី ដែនអាកាសបួន យកបានប្រទេសមួយក្រោមរណប»។
ឯម្ចាស់គណនីយមួយឈ្មោះ «David de Simon» បានសរសេរផ្ដល់ក្ដីសង្ឃឹមថា៖ «បើយើងឈរលើជ្រុងម្ខាង យើងអាចគិតថា យួនវាកំពុងតែសប្បាយចិត្ត ព្រោះឃើញខ្មែរកំពុងតែខាំគ្នា។ តែបើយើងឈរលើជ្រុងម្ខាងទៀត អាចសន្លឹងឃើញថា យួនមិនសប្បាយចិត្តទេ។ ទី១ ដោយសារថា កូនខ្មែរសម័យនេះ បានដឹងនិងស្គាល់ក្រយ៉ៅយួន ច្បាស់ណាស់។ ទី២ យួនកំពុងតែភ័យ ខ្លាចខ្មែររួបរួមគ្នា ព្រោះថាថ្ងៃណាមួយ ខ្មែររួបរួមគ្នាហើយនោះ នយោបាយឥណ្ឌូចិនតែមួយនឹងបរាជ័យ។»៕