ISIS គម្រាម«ចាត់ការ»ប្រទេសឥណ្ឌា
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២១ ឧសភា ២០១៦
- កែប្រែចុងក្រោយ: May 22, 2016
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងវីដេអូមួយ ដែលត្រូវបានត្រួតពិនិត្យ ពីប្រភពពិតរបស់វា ដោយសហគ្រាសអាមេរិកាំង ឈ្មោះ «SITE» បានឲ្យដឹងថា ក្រុមសមាជិកនៃអង្គការភេរវនិយម រដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) បានអំពាវនាវទៅកាន់បណ្ដាជនមូស្លីម ដែលរស់នៅក្នុងប្រទេសឥណ្ឌា ដែលសម្បូរដោយអ្នកកាន់សាសនាហិណ្ឌូ ឲ្យមកចូលរួមជាមួយនឹងពួកខ្លួន ដើម្បីធ្វើសកម្មភាពសងសឹក ប្រឆាំងនឹងប្រទេសឥណ្ឌាវិញ។
យុទ្ធជនសកម្មប្រយុទ្ធ ដើម្បីព្រះជាម្ចាស់ម្នាក់ (Djihad) ម្នាក់ ដែលដាក់ឈ្មោះខ្លួន «Abou Salman al Hindi» បានថ្លែងនៅក្នុងវីដេអូនោះថា៖ «នៅលើទឹកដីនេះ ទើបសាសនារបស់អ្នកឯង មានសុវត្ថិភាព។ នៅលើទឹកដីនេះ គឺមានតែច្បាប់របស់ព្រះអាឡាហ៍ទេ ដែលធំជាងអ្វីទាំងអស់។ នៅលើទឹកដីនេះ មិនមានអ្វីដែលហាមឃាត់អ្នកឯង មិនឲ្យធ្វើទង្វើល្អៗ មិនឲ្យគោរពបូជាអ៊ីស្លាមនោះឡើយ។ នៅលើទឹកដីនេះ ជីវិតរបស់អ្នកឯង សុភមង្គលរបស់អ្នកឯង កម្មសិទ្ធិរបស់អ្នកឯង សុទ្ធតែត្រូវបានការពារ។»
សមាជិម្នាក់ទៀត របស់ក្រុមភេរវជននេះដដែល បានប្រកាសបន្ថែមថា ក្រុមរដ្ឋអ៊ីស្លាមរបស់ខ្លួន នឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា ដើម្បី«រំដោះ»បណ្ដាជនមូស្លីម និងដើម្បីសងសឹកឲ្យជនរងគ្រោះ ព្រោះអំពើហិង្សាសាសនាមិនចេះចប់មិនចេះហើយ ដែលបានកើតឡើងប្រឆាំង ពួកមូស្លីម នៅឆ្នាំ២០០២ នៅក្នុងរដ្ឋ«Gujarat» រដ្ឋ«Cachemire» និងនៅក្នុងការកំទេចព្រះវិហារអ៊ីស្លាមមួយ កាលពីឆ្នាំ១៩៩២ ដោយក្រុមអ្នកកាន់សាសនាហិណ្ឌូនិយមជ្រុល ក្នុងរដ្ឋ«Uttar Pradesh»។
សមាជិករូបនោះ បានថ្លែងថា៖ «យើងនឹងទៅកាន់ទីនោះ ជាមួយដាវអាជ្ញារបស់យើង ដើម្បីរំដោះពួកអ្នកឯងទាំងអស់គ្នា ដើម្បីសងសឹកឲ្យព្រះវិហារ "Babri" និងហេតុការណ៍ទាំងឡាយ នៅក្នុងរដ្ឋ"Gujarat" ក៏ដូចជានៅក្នុងរដ្ឋ"Cachemire"»៕