ក្រសួងកិច្ចការនារី និងសង្គមស៊ីវិលជជែកគ្នា ពីសេចក្តីព្រាងផែនការទប់ស្កាត់ហិង្សាលើស្រ្តី
- ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី១៦ តុលា ២០១៤
- កែប្រែចុងក្រោយ: October 17, 2014
- ប្រធានបទ: ហិង្សាលើស្រ្តី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ថ្លែងនៅក្នុងកិច្ចប្រជុំអន្តរក្រសួង នាព្រឹកថ្ងៃទី១៦នេះ លោកស្រី ស៊ី ដេហ្វីន រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានឱ្យដឹងថា នេះគឺជាលើកទីពីរហើយ ដែលក្រសួងលោកស្រី ធ្វើសេចក្តីព្រាងផែនការ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី បន្ទាប់ពីសេចក្ដីព្រាងលើកទីមួយ បានផុតកំណត់។ ហើយផែនការលើកទីពីរនេះ នឹងដកបទពិសោធពីលើកទី១ ដោយសារមានកង្វះចន្លោះច្រើន នៅក្នុងសេចក្ដីព្រាងផែនការ កន្លងមកនោះ។
លោកស្រីបន្តថា ផែនការថ្នាក់ជាតិទី២នេះ នឹងធ្វើការសិក្សាឱ្យបានល្អិតល្អន់ ទាំងថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ មិនមែនធ្វើឡើងឱ្យតែបានៗ ហើយយកទៅឱ្យអនុវត្តនោះទេ។ លោកស្រីពន្យល់បន្តថា៖ «យើងនឹងទៅមើលថ្នាក់ក្រោមជាតិ ថាតើគេចង់បានអី មិនមែនយើងជាថ្នាក់លើ ហើយដាក់ចុះ ឱ្យគេអនុវត្តន៍នោះទេ អញ្ចឹងវាអត់ប្រសិទ្ធិភាព។ ឥលូវនេះ គឺយើងទៅចុះយកប្រមូលព័ត៌មាន ប្រមូលនូវមតិ នូវអ្វីដែលជាថ្នាក់ក្រោមជាតិ របស់យើងគេចង់បាន។»
លោកស្រីបន្តថា ការធ្វើផែនសកម្មភាពនេះ ចំណាយពេលយ៉ាងច្រើន ដែលរហូតមកដល់ពេលនេះ មានការពិគ្រោះយោបល់គ្នា ជិតដប់ដងមកហើយ។ ម្យ៉ាង វាក៏មានបញ្ហាប្រឈមយ៉ាងច្រើនផងដែរ ក្នុងការចុះទៅប្រមូលព័ត៌មាន ដោយសារតែគ្មានការសហការពីប្រជាពលរដ្ឋ។
សូមបញ្ជាក់ថាកិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាឡើងវិញដែរ អំពីលទ្ធភាពនៃសូចនាករ ដែលអាចវាស់វែងបាន ទៅលើការអនុវត្តសកម្មភាព ដែលឆ្លើយតបទៅនឹងលទ្ធផលនៃសេចក្តីព្រាងផែនការ សកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តីឆ្នាំ២០១៤ ដល់២០១៨ មានការចូលរួមពីតំណាង UN និងGIZ៕