យ៉ង់ គឹមអេង៖ ទទួលជនភៀសខ្លួនពីអូស្រ្តាលី ជាថ្នូរនឹងប្រាក់ជំនួយ មិនជាការជួញដូរមនុស្សទេឬ?
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៦ តុលា ២០១៤
- កែប្រែចុងក្រោយ: October 17, 2014
- ប្រធានបទ: អន្តោប្រវេសន៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាពលោក យ៉ង់ គឹម អេង បានលើកឡើងថា ជនអន្តោប្រវេសន៍ មុននឹងសម្រេចចិត្ត ឬស័្មគ្រចិត្ត មកតាំងជម្រកជាអចិន្ត្រៃយ៍ នៅប្រទេសណាមួយ តោងបានសិក្សាគ្រប់ជ្រុងជ្រោយ ពីប្រទេសដែលត្រូវមករស់នៅនោះ ជាមុនហើយ។ លោកថាសម្រាប់ប្រទេសកម្ពុជា ដែលប្រកាសថាទទួលយកពួកគាត់ទាំងនោះ ហើយត្រូវបានពួកគាត់បដិសេធ ដោយសំអាងថា កម្ពុជាជាប្រទេស«ក្រជាងគេ»ក្នុងពិភពលោក ជួយតែប្រជាពលរដ្ឋខ្លួនឯងមិនទាំងរួចផង ធ្វើម៉េចនឹងអាចជួយពួកគាត់បានទៅ?
លោក យ៉ង់ គឹម អេង បានបន្តថា បើពិនិត្យលើស្ថានភាពជាក់ស្តែងនៅកម្ពុជា ឃើញថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើន កំពុងរស់នៅ«ក្រោម»បន្ទាត់ នៃភាពក្រីក្រនៅឡើយ ហើយមិនត្រូវបានរដ្ឋាភិបាលកម្ពុជាខ្លួនឯង យកចិត្តទុកដាក់ និងដោះស្រាយនោះផង។ លោកបានបន្តទៀតថា៖ «អ្នកក្រ នៅក្រោមបន្ទាត់ភាពក្រីក្រ (អ្នកក្រ ជាន់លើក្រ) យើង (រដ្ឋាភិបាល) ដោះស្រាយមិនទាំងចេញផង»។
យ៉ាងណាក៏ដោយ មន្រ្តីសង្គមស៊ីវិលរូបនេះ ក៏បានធ្វើការរិគន់ទៅលើរដ្ឋាភិបាលអូស្ត្រាលី ដែលមិនមានការទទួលខុសត្រូវ និងការគិតគូឲ្យបានច្បាស់លាស់ ចំពោះបញ្ហានៃការបញ្ជូនជនភៀសខ្លួនទាំងនោះ មកកម្ពុជា។ លោកបន្តថា អូស្រ្តាលីខ្លួនឯងដឹងច្បាស់ណាស់ថា កម្ពុជា ជាប្រទេសមួយ«ក្រីក្រ»ហើយ ហេតុអ្វី ឬសំអាងលើអ្វី បានជាហ៊ានសម្រេចចិត្ត បញ្ជូនពួកគេមកកម្ពុជា? ឬអាងលើទឹកប្រាក់បន្តិចបន្តួចរបស់ខ្លួន ជា«ថ្នូរ» នឹងការបញ្ជូនជនអន្តោប្រវេសន៍ទាំងនោះមកកម្ពុជា មិនមានន័យថាជាការជួញដូរ ឬលក់មនុស្សទៅហើយទេឬ? ករណីនេះ មិនមែនជាដំណោះស្រាយល្អឡើយ ហើយក៏ជាការប្រឈម ទៅនឹងការរិះគន់ពីអន្តរជាតិដែរ។
ដូច្នេះទាំងប្រទេសអូស្រ្តាលី ទាំងប្រទេសកម្ពុជាគួរគិតគូរ និងពិចារណាពីបញ្ហានេះឡើងវិញ បើពួកគាត់បានបដិសេធ មិនព្រមមកកម្ពុជាទៅហើយនោះ ហើយនៅតែបង្ខំ មានន័យថាប្រទេសអូស្ត្រាលីមិនមានមេត្តា មិនគោរពសិទ្ធិមនុស្សឡើយ។ ឯកម្ពុជាវិញក៏ជាការចូលរួមចំណែកខុសជាមួយផងដែរ។ ដូច្នេះកម្ពុជាក៏មិនត្រូវទទួលជនទាំងនោះមកចាក់ចោល ដោយគ្មានការទទួលខុសត្រូវនោះដែរ។
សម្រាប់កម្ពុជា គឺគ្មានទាល់តែសោះ
លោក គឹមអេង បានបន្តទៀតថា ករណីនេះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ឆាកអន្តរជាតិ។ ដោះស្រាយរឿងខ្លួនឯងមិនបានផង តែទៅយករឿងអ្នកដទៃមកធ្វើ ឬមួយកម្ពុជាសម្លឹងឃើញលុយដ៏«តិច» របស់ប្រទេសអូស្ត្រាលីនេះជាជំនួយនោះ? លោកបានលើកជាឧទាហរណ៍ថា ករណីប្រជាពលរដ្ឋកម្ពុជា ដែលត្រូវបានជម្លៀសចេញពីភ្នំពេញដោយបង្ខំ ដូចជាដីក្រហម បុរីកីឡា បឹងកក់ ប៊ូលឌីង ផ្លូវរថភ្លើងជាដើម មកទល់នឹងពេលនេះបញ្ហា ជម្រក អនាម័យ ទឹក ភ្លើង របរកស៊ី នៅមិនទាន់ទាំងបានដោះស្រាយជូនពួកគាត់ផង។ តើមានលទ្ធភាពអ្វី នឹងទទួលជនអន្តោប្រវេសន៍អន្តរជាតិទាំងនោះ? បើកម្ពុជាធ្លាប់មានគំរូល្អណាមួយ កន្លងមកនោះ កម្ពុជា ប្រហែកជា«រីកមុខ»ក្នុងរទទួលយកជនភៀសខ្លួនទាំងនោះខ្លះដែរ។ តែផ្ទុយមកវិញ មកទល់នឹងពេលនេះ សម្រាប់កម្ពុជា គឺគ្មានទាល់តែសោះ៕