បាតុករនៅភ្នំពេញ៖ កម្ពុជា«គ្មាន»លទ្ធភាពដើម្បីទទួលជនភៀសខ្លួនទេ
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៦ តុលា ២០១៤
- កែប្រែចុងក្រោយ: October 17, 2014
- ប្រធានបទ: អន្តោប្រវេសន៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះ ព្រះសងង្ឃ និស្សិត បញ្ញាវ័ន្ត និងប្រជាពលរដ្ឋ ដែលរងនឹងការបណ្តេញចេញ ដោយបង្ខំពីលំនៅដ្ឋាន បានមកជួបជុំគ្នា ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា លុបចោលនូវកិច្ចព្រមព្រៀង ទទួលជនភៀសខ្លួនមកពីប្រទេសអូស្ត្រាលីនោះ។
ក្រៅពីនិស្សិត ប្រជាពលរដ្ឋ ក៏មានការចូលរួម ពីតំណាងសហជីព អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិមួយចំនួន ក្នុងការជម្រុញឲ្យមានការដង្ហែដាក់ និងទទួលញតិ្ត នៅតាមស្ថាប័នសំខាន់ៗរបស់រដ្ឋ ស្ថានទូត និងគណបក្សនយោបាយដែរ បើទោះជាមានបំរាមឃាត់ ដោយសាលារាជធានីភ្នំពេញក៏ដោយ។ តាមគម្រោងនៃការដាក់ញត្តិនេះ នឹងធ្វើទៅកាន់ទីកន្លែងជាច្រើន ដូចជាទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋសភា ស្ថាតទូតសហរដ្ឋអាមេរិក ការិយាល័យអង្គការសហប្រជាជាតិ និងការិយាល័យសហភាពអឺរ៉ុបប្រចាំកម្ពុជា គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ ពិសេសស្ថានទូតអូស្ត្រាលី ដែលតំណាងឲ្យប្រទេសហត្ថលេខីនេះ។
ញតិ្តដែលបានដាក់ទៅនោះ បានសរសេរបញ្ជាក់ថា កម្ពុជាជាប្រទេស«ក្រីក្រ»មួយ ក្នុងពិភពលោក គ្មានហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មសាធារណៈគ្រប់គ្រាន់ ក្នុងការទទួលជនភៀសខ្លួនចម្រុះជាតិសាសន៍នោះបាននៅឡើយ។
ប្រធានសហព័ន្ធនិស្សិតបញ្ញវ័ន្តកម្ពុជា លោក ម៉ៅ ពិសេស បានលើកឡើងថា ទាំងប្រទេសកម្ពុជា ទាំងប្រទេសអូស្ត្រាលី កំពុងតែរំលោភច្បាប់ រំលោភសិទ្ធិមនុស្ស និងរំលោភលើកាតព្វកិច្ចអន្តរជាតិ ស្តីពីជនភៀសខ្លួន សិទ្ធិនៃជនភៀសខ្លួន តាមរយៈការចុះហត្ថលេខានៃដោះដូរជនភៀសខ្លួន ថ្នូរនឹងទឹកប្រាក់សម្រាក់ការអភិវឌ្ឍន៍កម្ពុជានោះ។
លើកឡើងប្រហែលគ្នានេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាពលោក យ៉ង់ គឹមអេង ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានលើកឡើងថា លោកគាំទ្រមិនឲ្យមានការបញ្ជូនជនភៀសខ្លួនទាំងនោះមកកម្ពុជា។ លោកបន្តថា កម្ពុជានៅមិនទាន់មានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងលើជនបរទេស ដែលចម្រុះជាតិសាសន៍នោះឡើយ។ លោកបាននិយាយឲ្យដឹងទៀតថា៖ «ប្រជាពលរដ្ឋកម្ពុជាភាគច្រើន កំពុងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រនៅឡើយ ហើយមិនត្រូវបានរដ្ឋាភិបាលកម្ពុជាខ្លួនឯង យកចិត្តទុកដាក់ និងដោះស្រាយបាននៅឡើយដែរ។ (…) អ្នកក្រ នៅក្រោមបន្ទាត់ភាពក្រីក្រ យើង(រដ្ឋាភិបាល)ដោះស្រាយមិនទាំងចេញផង។»
ការបង្ហាញពីភាពព្រួយបារម្មណ៍នេះ នៃការបញ្ជួនជនភៀសខ្លួនមកកម្ពុជា ពីសំណាក់ប្រជាពលរដ្ឋ និស្សិត សង្គមស៊ីវិល លោកនាយករដ្ឋមន្រ្តីស្តីទី ស ខេង នៅទីស្តីការក្រសួងមហាផ្ទៃ ក៏បានចេញមុខមកធ្វើការពន្យល់ និងបកស្រាយបន្ថែមកាលពីថ្ងៃទី១៦ ខែតុលា ម្សិលម៉ិញថា កម្ពុជាទទួលយកជនភៀសខ្លួន តាមគោលការណ៍ស័្មគ្រចិត្តប៉ុណ្ណោះ។ ហើយប្រទេសអូស្ត្រាលី ក៏នឹងមិនចាប់បង្ខំជនភៀសខ្លួនទាំងនោះដែរ។ យ៉ាងណាក៏ដោយ លោកទទួលយកនូវការបង្ហាញ ពីភាពព្រួយបារម្មណ៍របស់ប្រជាពលរដ្ឋ តែក៏ស្ថិតក្នុងការគិតគូនិងពិចារណាគ្រប់គ្រាន់ដែរ។ លោកបញ្ជាក់ដូច្នេះថា៖ «យើងព្រួយបារម្ភជាការត្រឹមត្រូវហើយ ប៉ុន្តែព្រួយបារម្ភធំពេក នាំឲ្យមានបញ្ហាទៅវិញទេ។ យើងធ្វើប្រកបដោយការទទួលខុសត្រូវ សូមឲ្យយល់យ៉ាងដូច្នេះ។ យើងមិនធ្វើអ្វី ដោយប្រថុយប្រថានគ្មានការគិតគូរទេ។»។
សូមរំលឹកថាតាមកិច្ចព្រមព្រៀង កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ថ្មីៗនេះ ក្នុងការទទួលជនភៀសខ្លួនអូស្រ្តាលី ដោយកម្ពុជាសំអាង លើអនុសញ្ញាស្តីពីជនភៀសខ្លួនឆ្នាំ១៩៥១ ពិធីសារឆ្នាំ១៩៦៧ស្តីពីឋានៈជនភៀសខ្លួន និងអនុក្រឹត្យស្តីពីនីតិវិធីក្នុងការពិនិត្យ និងទទួលស្គាល់ឋានៈជនភៀសខ្លួន ឬសិទ្ធជ្រកកោនរបស់ជនបរទេសនៅកម្ពុជា៕