មាជ សុវណ្ណារ៉ា៖ ខ្ញុំ​គ្មាន​សង្ឃឹម​នៅ​ក្រៅ​ឃុំ ព្រោះ​ជា​រឿង​នយោបាយ!

ជនជាប់ចោទ ដែលហៅខ្លួនឯងថា ជាអ្នកទោសនយោបាយ បានដើរចូល មកក្នុង​តុលាការ​កំពូល​របស់​ប្រទេស​កម្ពុជា ទាំង​ក្ដី​អស់​សង្ឃឹម។ អស់​សង្ឃឹម ក្នុង​ការ​សុំ​នៅ​ក្រៅ​ឃុំ ព្រោះ​លោក​គិត​ថា ការចាប់ចង់ ដាក់ឃុំលើខ្លួនលោក ជា​រឿង​«នយោបាយ»។
មាជ សុវណ្ណារ៉ា៖ ខ្ញុំ​គ្មាន​សង្ឃឹម​នៅ​ក្រៅ​ឃុំ ព្រោះ​ជា​រឿង​នយោបាយ!
លោក មាជ សុវណ្ណារ៉ា នៅក្នុងតុលការកំពូល ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៥។ (រូបថត monoROOM.info/ S.Tith)
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៤ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 04, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«នេះជារឿងនយោបាយ ខ្ញុំគ្មានសង្ឃឹមថា នឹងបាននៅក្រៅឃុំ ក្រៅពីការកាត់ឲ្យមានទោស។ យើងឥតមានទោសអ្វីទេ ហើយសង្ឃឹមថា តុលាការកំពូលមួយនេះ នឹងផ្តល់យុត្តិធម៌។ (...) បើសិនជារឿងនយោបាយនោះ វាគ្មានសង្ឃឹមទេ តុលាការ​កំពូលមួយនេះ ក៏នឹងធ្វើការទាត់ចោល!» នេះជាការថ្លែងរបស់លោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់គណបក្ស​សង្គ្រោះ​ជាតិ មុននឹងឈានជើងចុះពីរថយន្ត ដល់ដីមុខបន្ទប់សវនាការ។

នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៥នេះ នាតុលាការកំពូល រថយន្តរបស់មន្ទីរ​កែប្រែ«ព្រៃសរ»​យ៉ាងកញ្ចាស់មួយ បានមកឈប់​នៅមុខ បន្ទប់សវនាការតុលាការកំពូល។ គេបានឃើញមានវត្តមានលោក មាជ សុវណ្ណារ៉ា ចុះពីឡាន ដោយមាន​អនុរក្ស​ពន្ធនាគារ តាមក្រៀកដំណើរ ចំនួនពីររូប។ សកម្មជនគណបក្សសង្គ្រោះជាតិរូបនេះ បានថ្លែងពីភាពជឿជាក់របស់ខ្លួនថា និងមិនមានការសម្រេចណាមួយ ដោយតុលាការកំពូល សម្រាប់អនុញ្ញាតិឲ្យលោក នៅក្រៅឃុំឡើយ ដោយលោកបាន​ចាត់​ទុកថា នេះជារឿងនយោបាយ។

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនេះ ថ្លែងដូច្នេះថា៖ «ខ្ញុំគ្មានជំនឿបាននៅក្រៅឃុំទេ បើមេដឹកនាំទាំងពីរ គ្មាន​ការ​ចរចា។ ព្រោះថា តុលាការនេះ រងសម្ពាធពីអ្នកនយោបាយ។ អីចឹងខ្ញុំគ្មានសង្ឃឹម បានរស់នៅក្រៅឃុំទេ ក្រៅពីកាត់ឲ្យ​មាន​ទោស។»

ក្រោយការបដិសេធនៅក្រៅឃុំ របស់សាលាឧទ្ធរណ៍ មេធាវីការពារក្ដីឲ្យលោក មាជ សុវណ្ណារ៉ា លោក ជូង ជូងី បានស្នើ​ប្តឹង​សារទុក្ខ មកតុលាការកំពូលជាបន្ត។ លោកមេធាវី ធ្លាប់បានអះអាងថា កូនក្តីរបស់លោក (មាជ សុវណ្ណារ៉ា) មិនមានប្រព្រឹត្ត​ហិង្សា ដូចការចោទប្រកាន់នោះឡើយ។ នេះបើយោងតាមវីដេអីឃ្លីប និងសាក្សីជាច្រើន ដែលលោក បានបង្ហាញទៅ​តុលាការ។

មេធាវីរូបនេះ បានបន្តថា៖ «ហិង្សាដែលកើតឡើង រវាងសន្តិសុខ និងបាតុករដែលចូលរួមនោះ… បែរជាមក​ចោទ​ប្រកាន់​កូនក្តីខ្ញុំ ថាជាអ្នដឹកនាំ ធ្វើកុប្បកម្មទៅវិញ។ (..) នោះវាពិតជារឿងហិង្សា តែមិនមែនជាកុបកម្មនោះទេ។ (…) តុលាការ​ចោទ​ប្រកាន់ រឿងកុបកម្មនេះ វាពិតជាធ្ងន់ធ្ងរណាស់ និងផ្ទុយទៅនឹងស្ថានភាព និងហេតុការជាក់ស្តែងទៀត។»

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីចៅក្រមនៃតុលាការកំពូលបានឡើយ នាព្រឹកនេះ ដោយគ្មាន​អ្នក​ទទួលទូរស័ព្ទ។ លោកមេធាវី ជួង ជូងី ក៏មិនបានបង្ហើប ឲ្យដឹងពីឆន្ទៈនៃការសម្រេច របស់តុលាការកំពូលនោះ ថាយ៉ាង​ណាដែរ នាពេលនេះ។ លោកបានត្រឹមលើកឡើងថា តុលាការកំពូល នឹងធ្វើការប្រកាសសេចក្តីសម្រេចនេះ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ខាងមុខនេះ។

សូមរំលឹកថា បន្ទាប់ពីសភាស៊ើបសួរ នៃសាលាឧទ្ធរណ៍ បានបដិសេធពាក្យសុំនៅក្រៅឃុំ របស់លោកមេធាវី ចំនួនពីរ​លើក​ រួចមកហើយ។ កាលពីថ្ងៃទី១៥ កក្កដា ២០១៤ សាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ លោក មាជ សុវណ្ណរ៉ា ពី​បទ​ដឹកនាំកុប្បកម្ម បង្កឲ្យមានហិង្សា ក្បែរស្ពាននាគ ជិតទីលានជាធិបតេយ្យ។ បេក្ខជនតំណាងរាស្រ្ត លេខរៀងទី៣ ខេត្ត​បន្ទាយមានជ័យ លោក មាជសុវណ្ណរ៉ា រូបនេះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១១ ខែ វិច្ឆិកា២០១៤៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...