អ្នក​ជំនាញ​ថា ច្បាប់​កសិកម្ម សម្លាប់​កសិករ

ប្រសិនបើច្បាប់ស្តីពីដីកសិកម្ម ដែលស្ថិតក្នុងដៃរដ្ឋាភិបាល កំពុងពង្រាងបច្ចុប្បន្ននេះចេញ ដោយគ្មានការ​ពិគ្រោះ​យោបល់ ពីសង្គមស៊ីវិល ក៏ដូចជាកសិករ នឹងធ្វើឱ្យសិទ្ធិក្នុងការប្រើប្រាស់ដីធ្លី របស់កសិករកម្ពុជា ត្រូវបាន​គាប​សង្កត់​កាន់​តែ​ធ្ងន់ធ្ងរ។ នេះជាការលើកឡើង របស់មន្ត្រីជំនាញមួយរូប ដែលធ្វើការស្និតជាមួយនឹងកសិករ។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី២២ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 22, 2014
  • ប្រធានបទ: ដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទន្ទឹមនឹងសេចក្តីព្រាងច្បាប់​ ស្តី​ពី​ដី​កសិកម្ម កំពុង​ត្រូវ​បាន​រដ្ឋាភិបាល​ព្រាងនោះ មន្ត្រី​តំណាង​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន បាន​សម្ដែង​ការព្រួយ​បារម្ភ​របស់​ពួក​គេ ជា​មុន​ទៅ​ហើយ។ លោក ថេង សាវឿន អ្នក​សម្រប​សម្រួល សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា បាន​និយាយ​ថា ច្បាប់​នេះ អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​ធ្លី ដែល​កសិករ​កំពុង​កាន់​កាប់ និង​បង្ក​បង្កើន​ផល។

នៅទីលានប្រជាធិបតេយ្យ ក្នុង​វេទិកា​សាធារណៈ​ជជែក​​ពិភាក្សា ចំពោះ​សេចក្តី​ព្រាង​ច្បាប់​៣ ស្តី​ពី​ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​បច្ចេក​វិទ្យា សេចក្តី​ព្រាង​ច្បាប់ ស្តី​ពី​ដី​កសិកម្ម និង​សេចក្តី​ព្រាង​ច្បាប់ ស្តី​ពី​សហជីព​នៃ​សហគ្រាស កាល​ពី​ថ្ងៃ​អាទិត្យទី២១ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ លោក ថេង សាវឿន បាន​ពន្យល់​ថា ច្បាប់​ស្តី​ពី​កសិកម្ម​នេះ ប៉ះ​ពាល់​ខ្លាំង​ត្រង់​ចំណុច​ការ​​ផ្តល់​អាជ្ញា​ប័ណ្ណ​តម្លៃ​ដី។ លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា៖ «បាន​ន័យ​ថា នៅ​ពេល​ដែល​ប្រជា​ពលរដ្ឋ គាត់​មាន​ដី​ស្រែ​ចង់ធ្វើជាលំនៅដ្ឋាន គាត់​ត្រូវ​សុំ​អាជ្ញា​ប័ណ្ណ​ពី​មន្ទីរ ឬក៏ក្រសួងកសិកម្ម ប្រសិនបើមិនសុំអាជ្ញាប័ណ្ណទេ ពួកគាត់ត្រូវជាប់ទោសពន្ធនាគារ ពី​១ខែ ដល់​១ឆ្នាំ និង​ត្រូវពិន័យប្រាក់ ពី១លានរៀល ដល់១០លានរៀល»។

«ការសម្លាប់ប្រជាកសិករខ្មែរ ដោយប្រយោល»

លោកបន្ថែមថា ផលប៉ះពាល់មួយទៀត នៅពេលដែលក្រសួងមន្ទីរចង់បង្កើតតំបន់អភិវឌ្ឍកសិកម្ម ដោយ​យក​ដីស្រែរបស់កសិករ គឺក្រសួងមិនចាំបាច់ឆ្លងការពិគ្រោះយោបល់ ឬមិនចាំបាច់ផ្តល់សំណងអ្វីទាំងអស់។ លោក​ថា ច្បាប់នេះ នឹងធ្វើឱ្យប្រជាពលរដ្ឋកាន់តែបាត់បង់ដី ហើយវាជា«ការសម្លាប់ប្រជាកសិករខ្មែរ ដោយ​ប្រយោល»។ អ្នកសម្របសម្រួល សម្ព័ន្ធសហគមន៍កសិករកម្ពុជារូបនេះ បញ្ជាក់ថា៖ «អាចជាការសម្លាប់​មនុស្ស​មួយដ៏ប្រយោលផងដែរ នៅពេលដែលបាត់បង់ដី ព្រោះជាអាយុជីវិតរបស់ពួកគាត់»។

ព្រួយបារម្ភទៅនឹងបញ្ហានេះ តំណាងកសិកម្នាក់លោកសេង សុខហេង បានបង្ហាញក្តីកង្វល់ថា ប្រសិនបើ​ច្បាប់​ស្តីពីដីកសិករនេះចេញ ប្រជាពលរដ្ឋអាចនឹងត្រូវបាត់បង់ដីធ្លី និងបាត់បង់សិទ្ធិក្នុងការគ្រប់គ្រង់ និង​អាស្រ័យ​ផល ដែលវាផ្ទុយទៅនឹងច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ភូមិបាលជាដើម។

លោកបានឱ្យដឹងបន្តថា «ព្រោះថានៅក្នុងច្បាប់នោះ គេតម្រូវឱ្យប្រជាពលរដ្ឋធ្វើទៅតាមអ្វី ដែលអាជ្ញាធរ​គេ​ចង់បាន ឬក៏ខាងអ្នកវិនិយោគគេចង់បាន។ ឧទាហរណ៍ថា គេចង់អភិវឌ្ឍន៍តំបន់កសិកម្ម នៅពេលណាដែល​តំបន់ណាមួយ ដែលគេចង់ដាក់ទៅក្នុងតំបន់អភិវឌ្ឍកសិកម្ម គឺប្រជាពលរដ្ឋត្រូវតែធ្វើទៅតាមអ្វី ដែលជា​គម្រោង​អភិវឌ្ឍរបស់ក្រុមហ៊ុន អញ្ចឹងឃើញថា គាត់មិនអាចធ្វើអ្វីបានទេ ប្រសិនបើគាត់ធ្វើ​អីផ្សេងខុស​ពីគេ​តម្រូវ គាត់នឹងត្រូវមានទោស។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...