ពលរដ្ឋឆ្លងអេដស៍ឃុំរកា កើនជិត១៥០នាក់ ខណៈនាយករដ្ឋមន្រ្តី«មិន»ជឿ៩៩%
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី២២ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 22, 2014
- ប្រធានបទ: សុខភាព
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ចំនួនប្រជាពលរដ្ឋបានឆ្លងជំងឺអេដស៍នេះ កើនដល់១៤០នាក់ហើយ នៃអ្នកភូមិដែលបានធ្វើតេស្តជាង១០០០នាក់។ នេះបើតាមការបញ្ជាក់របស់ វិទ្យាស្ថានប៉ាស្ទ័រ ដែលត្រូវបានថ្លែងបន្ត ដោយប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា លោកស្រី កែ សុវណ្ណរតន៍ ក្រោយពីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋទាំងអស់។ ក្រៅពីការពិនិត្យ និងស្រាវជ្រាវរកមូលហេតុពិតប្រាកដនៃរឿងនេះ លោកស្រីបានទម្លាក់ការទទួលខុសត្រូវនេះ ទៅខាងក្រសួងសុខាភិបាលថា«ត្រូវតែទទួលខុសត្រូវជាចម្បង ចំពោះប្រជាជាតិខ្មែរទាំងមូល»។
នៅក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានក្នុងស្រុក លោក ឌីឌីយ៉េ ហ្វុងតេនីល (Didier Fontenille) នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានថ្លែងឲ្យដឹងកាលពីរសៀលថ្ងៃទី២០ ខែធ្នូនេះថា ចំនួននោះ នឹងអាចបន្តឡើងទៀត បន្ទាប់ពីមានវត្តមានប្រជាពលរដ្ឋ កាន់តែច្រើនឡើងមកពិនិត្យជាបន្តបន្ទាប់។ ក្នុងថ្ងៃដដែលនោះ មន្ទីរសុខាភិបាលខេត្តបាត់ដំបង បានយករថយន្តទៅដឹកពលរដ្ឋមួយចំនួន មកទទួលថ្នាំ និងពិគ្រោះជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្ត។ ក្រុមប្រជាពលរដ្ឋសង្ស័យថា អ្នកដែលត្រូវដឹកយកទៅខេត្តទាំងនោះ ជាអ្នកដែលមានផ្ទុកមេរោគអេដស៍ ហើយពលរដ្ឋនៅតែតក់ស្លុត និងព្រួយបារម្ភពីអនាគតរបស់ពួកគាត់។
គ្រាន់តែជាការធ្វេសប្រហែស...
ស្របពេលដែលបញ្ហា នៅមិនទាន់ស្វែងរកមូលហេតុពិតឃើញនោះ មន្រ្តីនគរបាលនៃស្នងការដ្ឋាន ខេត្តបាត់ដំបង បាននិយាយថា ថា លោកគ្រូពេទ្យ យ៉ែម ជ្រិន ដែលប្រជាពលរដ្ឋបានដាក់ការសង្ស័យលើនោះ ត្រូវបានបញ្ជូនខ្លួន ទៅកាន់តុលាការខេត្តបាត់ដំបង ដើម្បីសួរនាំហើយ កាលពីរសៀលទី២១ ខែធ្នូ ឆ្នាំ២០១៤។ មន្រ្តីរូបនោះបន្ថែមថា ការបញ្ជូននេះ ព្រោះយោងតាមការសារភាព របស់លោកគ្រូពេទ្យនោះថា លោកមិនបានប្តូរម្ជុល និងសឺរ៉ាំង បន្ទាប់ពីចាក់ថ្នាំ ពីអ្នកជំងឺម្នាក់ ទៅអ្នកជំងឺម្នាក់ទៀត។ មន្រ្តីនគរបាលបានស្រង់សំដីគ្រូពេទ្យនោះ មកបញ្ជាក់ថា នេះ«គ្រាន់តែជាការធ្វេសប្រហែស របស់ខ្លួន»ប៉ុណ្ណោះ។
ដោយឡែក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានថ្លែងជាសាធារណៈ «មិនជឿ» ចំពោះរឿងពលរដ្ឋស្ទើទាំងឃុំរការ ឆ្លងជំងឺអេដស៍នោះ៩៩ ភាគរយ ថាជាការពិតឡើយ។ លោក ហ៊ុន សែន បានដាក់ការសង្ស័យ ទៅលើម៉ាស៊ីនពិនិត្យឈាម ថា«មាន»បញ្ហា។ លោកហាក់ដូចជាបានទទួលស្គាល់ថា ម៉ាស៊ីនដែលធ្វើការកន្លងមក ក៏ប្រហែលជាមិនពិតដែរ «ខុសបច្ចេកទេស»។ បន្ទាប់មកអាជ្ញាធររដ្ឋាភិបាល បានព្យាយាមលាក់បាំងតួលេខនៃអ្នកឆ្លងថ្មីតែម្តង តែក្រុមអង្គការសង្គមស៊ីវិលស្នើឲ្យបើកចំហព័ត៌មានទាំងអស់ ដើម្បីងាយស្រួលសិក្សាស្រាវជ្រាវ និងរកដំណោះស្រាយបន្ត៕