តារាបាល់ទាត់ពីរដួងរបស់ក្រុមប៉ារីស នឹងចាកចេញក្នុងខែក្រោយ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២០ ធ្នូ ២០១៧
- កែប្រែចុងក្រោយ: December 21, 2017
- ប្រធានបទ: ផ្ទេរកីឡាករ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សម្រាប់ក្រុមបាល់ទាត់ នៃរដ្ឋធានីប៉ារីស កីឡាករ ហ្សាវីយ៉េ ប៉ាស្តូរ៉េ (Javier Pastore) ជាកីឡាករដ៏ស្មោះស្ម័គ្រមួយរូប ដែលបាននៅទាត់ឲ្យក្រុម តាំងពី«កវែកកឆ្នាំ» អស់រយៈពេល៦រដូវកាលកន្លះ កន្លងមកហើយ។ ចំណែកឯកីឡាករ លូកាស មួរ៉ា (Lucas Moura) វិញ បានមកទាត់ឲ្យក្រុមប៉ារីស តាំងពីជាង៤ឆ្នាំមុន។ ប៉ុន្តែកីឡាករទាំងពីររូប មិនសូវត្រូវបានគ្រូបង្វឹករបស់ក្រុម សម្រេចឲ្យចេញប្រកួត នៅលើទីលានប្រកួតសំខាន់ៗប៉ុន្មានទេ ជាពិសេសរាប់ចាប់តាំងពី ក្រុមប៉ារីសបានទិញកីឡាករ ណីម៉ា (Neymar) ពីក្រុមបាសឺឡូន ( Barcelone FC) និងកីឡាករវ័យក្មេង គីលីយ៉ាន អ៊ឹមបាពេ (Kylian Mbappé) ពីក្រុមម៉ូណាកូ (AS Monaco) កាលពីឆ្នាំមុននោះមក។
ចំពោះកីឡាករអាជីពណាក៏ដោយ ការចេញប្រកួតនៅក្នុងការប្រកួតសំខាន់ មានលក្ខណៈចាំបាច់ណាស់។ វត្តមាននៃការចេញប្រកួត ជាទៀងទាត់ នៅក្នុងក្រុមបាល់ទាត់នីមួយៗ នឹងត្រូវគិតបញ្ចូល ដើម្បីជាឱកាសសម្រាប់ការជ្រើសរើស ចេញទៅចូលរួមប្រកួត នៅបាល់ទាត់ពិភពលោក ក្នុងពាក់កណ្ដាលឆ្នាំក្រោយ នៅឯប្រទេសរ៉ូស្ស៊ី។ ដូច្នេះហើយ កីឡាករទាំងពីរដែលគេស្គាល់ថា សុទ្ធតែមានថ្វីជើងដ៏ចំណានៗនោះ បានសម្រេចចិត្តចាកចេញ ពីក្រុមប៉ារីស បន្ទាប់ពីពួកគេរកបានក្រុមបាល់ទាត់ថ្មី ដែលអាចឲ្យពួកគេមានឱកាសច្រើន ក្នុងការចេញប្រកួត។
គឺគេហទំព័រ «Yahoo Sport» ក្នុងប្រទេសបារាំង ជាអ្នកបញ្ជាក់ព័ត៌មានខាងលើ កាលពីប៉ុន្មានម៉ោងមុននេះ តែមិនបានអះអាងថា តើកីឡាករទាំងពីរ នឹងត្រូវទៅទាត់ឲ្យក្រុមថ្មីណានោះឡើយ។
កីឡាករ ហ្សាវីយ៉េ ប៉ាស្តូរ៉េ (ជាតិអាហ្សង់ទីន) បានចូលមកទាត់ឲ្យក្រុមប៉ារីស នៅក្នុងរដូវក្ដៅឆ្នាំ២០១១ ជាមួយនឹងទឹកប្រាក់៤២លានអ៊ឺរ៉ូ ដែលក្រុមបាល់ទាត់ នៃរដ្ឋធានីរបស់ប្រទេសបារាំង បានទិញពីក្រុម «Palerme» នៃប្រទេសអ៊ឺតាលី។ កីឡាករបានចេញទាត់ឲ្យក្រុមប៉ារីស នៅក្នុងការប្រកួតផ្លូវការ ចំនួន២៤៩ដង រកគ្រាប់បាល់បាន ៤៤គ្រាប់ និងបញ្ជូនបាល់ឲ្យទាត់បញ្ចូលទី បាន៥៧ដង។
រីឯកីឡា លូកាស មួរ៉ា (ជាតិប្រេស៊ីល) វិញ បានមកដល់រដ្ឋធានីប៉ារីស នៅឆ្នាំ២០១៣ ដោយបានចាកចេញពីក្រុម សាវ ប៉ូឡូ (Sao Paulo) នៃប្រទេសប្រេស៊ីស ជាថ្នូរនឹងទឹកប្រាក់៤០លានអ៊ឺរ៉ូ ដែលក្រុមប៉ារីសបានចំណាយ ទិញយកកីឡាករនៅពេលនោះ។ កីឡាករបានចេញទាត់ឲ្យក្រុមប៉ារីស នៅក្នុងការប្រកួតផ្លូវការ ចំនួន២២៩ដង រកគ្រាប់បាល់បាន ៤៦គ្រាប់ និងបញ្ជូនបាល់ឲ្យទាត់បញ្ចូលទី បាន៥០ដង។
យ៉ាងណាក៏ការចាកចេញ របស់កីឡាករទាំងពីរ ត្រូវបានគេមើលឃើញថា នឹងអាចជួយសម្រួល ដល់ខ្ទង់ចំណូលចំណាយ «Financial Fair Play» របស់ក្រុមប៉ារីស ដែលកំពុងស្ថិតក្រោមការអង្កេត ពីសហភាពបាល់ទាត់អ៊ឺរ៉ុប «UEFA» បន្ទាប់ពីក្រុមប៉ារីស បានចំនាយប្រាក់ដ៏មហាសាល មិនដែលធ្លាប់មាន ដើម្បីទិញយកកីឡាករ ណីម៉ា (២២២លានអ៊ឺរ៉ូ) និងកីឡាករ អ៊ឹមបាពេ (១៨០លានអ៊ឺរ៉ូ) មកទាត់ឲ្យខ្លួន កាលពីក្នុងរដូវក្ដៅឆ្នាំមុន៕