ហ៊ុន សែន អះអាងថាគ្មានលាក់ប្រាក់ នៅក្រៅប្រទេសទេ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៥ ធ្នូ ២០១៧
- កែប្រែចុងក្រោយ: December 15, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សម្រាប់លោក ហ៊ុន សែន ការអះអាងម្ដងហើយម្ដងទៀត ថារូបលោកមានលាក់ប្រាក់ ឬទ្រព្យសម្បត្តិនៅក្រៅប្រទេសនោះ វាជាការបង្ហោះព័ត៌មាន «មិនពិត» និង«បំប៉ោង» របស់«ជនខិលខូចមួយចំនួន» ហើយលោកបានលើកទឹកចិត្តបរទេសណាក៏ដោយ ឲ្យបង្កកប្រាក់ មេដឹកនាំគណបក្សប្រជាជនកម្ពុជា ឬមន្ត្រីរដ្ឋាភិបាល កាន់តែលឿន កាន់តែល្អ។
នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា បានប្រកាសយ៉ាងដូច្នេះ នៅមុននេះបន្តិច លើទំព័រហ្វេសប៊ុករបស់លោក ថា៖ «ដោយសារមានការបង្ហោះព័ត៌មានមិនពិត ជាដដែលៗ ខ្ញុំសូមបញ្ជាក់សារជាថ្មី ឲ្យបងប្អូនជនរួមជាតិបានជ្រាបថា ខ្ញុំគ្មានប្រាក់លាក់ទុក នៅបរទេស ដូចការបំប៉ោង [ព័ត៌មាន] ដ៏អាក្រក់បំផុត របស់ជនខិលខូចមួយចំនួនទេ។ បើបរទេសណាចង់បង្កកប្រាក់ មេដឹកនាំគណបក្សប្រជាជន ឬមន្រ្តីរាជរដ្ឋាភិបាល គឺខ្ញុំសូមលើកទឹកចិត្តបន្ថែម ឲ្យធ្វើចុះ។»។
លោក ហ៊ុន សែន បានរៀបរាប់ពីទ្រព្យសម្បត្តិរបស់លោកថា៖ «គឺអាចមើលឃើញ នៅតាមវត្តអារាម សាលារៀន មជ្ឈមណ្ឌលកុមារកំព្រា បណ្ណាល័យ ស្រះទឹក អណ្តូងទឹក ស្ពាន ផ្លូវថ្នល់ កូនក្មួយចៅៗសិស្សានុសិស្ស និងកូនក្មួយកីឡាករកីឡាការិនី និងសម្រាប់សង្រ្គោះ និងព្យាបាលអ្នកជំងឺ នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ»។
កាលពីម្សិលម៉ិញ សភាអ៊ឺរ៉ុបបានអនុម័តដំណោះស្រាយមួយ លេខ«P8_TA(2017)0497» មាន១៣ចំណុច ដើម្បីដាក់ប្រឆាំងនឹងរដ្ឋាភិបាលលោក ហ៊ុន សែន ជុំវិញការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង ទទួលបានសម្លេងគាំទ្រពីពលរដ្ឋ ជិតកន្លះប្រទេសកម្ពុជា។ នៅក្នុងចំណុចទី១២ នៃដំណោះស្រាយនោះ មានសរសេរថា៖
«សភាអ៊ឺរ៉ុបអញ្ជើញ "ការិយាល័យអ៊ឹរ៉ុប ដើម្បីកិច្ចការខាងក្រៅ (The European External Action Service ហៅកាត់ EEAS - ហៅកាត់ជាភាសាបារាំង SEAE)" និងគណៈកម្មការអ៊ឺរ៉ុប ឲ្យរៀបចំបញ្ជីឈ្មោះ នៃមន្ត្រីកម្ពុជាទាំងឡាយណា ដែលទទួលខុសត្រូវ ចំពោះការរំលាយគណបក្សប្រឆាំង និងការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរដទៃទៀត នៅក្នុងប្រទេសកម្ពុជា ដើម្បីឈានទៅដាក់កំហិត ផ្នែកទិដ្ឋាការ (ហាមឃាត់ចូលទឹកដីអ៊ឺរ៉ុប) និងការបង្កកទ្រព្យសម្បត្តិរបស់ពួកគេ»។
នៅមុននេះបន្តិច ក្នុងជំនួបជាមួយក្រុមកីឡាករ កីឡាការិនី នាវិមានសន្តិភាព រាជធានីភ្នំពេញ លោក ហ៊ុន សែន បានប្រតិកម្មតប ទៅនឹងសភាអ៊ឺរ៉ុបវិញ ដោយចាត់ទុកសេចក្ដីសម្រេចខាងលើ គ្មានឥទ្ធិពលអ្វី មកលើរដ្ឋាភិបាលកម្ពុជានោះទេ។ លោកនាយករដ្ឋមន្ត្រី បានពន្យល់ថា បើទោះជាក្រុមសមាជិកសភាអ៊ឺរ៉ុប លើកឡើងបែបណាក្តី ប៉ុន្តែការសម្រេចចិត្តអនុវត្តអ្វីមួយ មកលើកម្ពុជានោះ គឺអាស្រ័យលើរដ្ឋាភិបាលសហភាពអឺរ៉ុបប៉ុណ្ណោះ។
បុរសខ្លាំងកម្ពុជា បានថ្លែងពន្យុះថា៖ «សូមអញ្ជើញធ្វើទៅ ខ្ញុំអញ្ជើញឲ្យអ្នកឯងធ្វើ ដើម្បីរកឲ្យឃើញ មេដឹកនាំកម្ពុជាណាខ្លះ មានលុយនៅក្រៅប្រទេស រឹបទៅ ខ្ញុំរុញឲ្យអ្នកឯងរឹប អ្នកឯងរឹបទៅ សូមអញ្ជើញធ្វើទៅ។ មេដឹកនាំណាខ្លះ មានលុយនៅក្រៅប្រទេស? សូមអញ្ជើញធ្វើទៅ។ វាមិនបានប៉ះក្បាល ហ៊ុន សែន ទេ កុំឆ្ងល់។»។
លោក ហ៊ុន សែន បន្តថា៖ «ហើយគូសមក មនុស្សណាខ្លះ ដែលត្រូវហាមឃាត់ មិនឲ្យចូលប្រទេសអ្នកឯង។ បានតើ! នៅពេលដែលគេមិនហាមឃាត់ សួរថាមន្ត្រីទាំងអស់ហ្នឹង ត្រូវការទៅនៅស្រុកគេឬអី? នៅស្រុកឯងវាងាប់ឬអី? នៅស្រុកឯងមួយជីវិតហើយ ម៉េចក៏ចាំបាច់ ទៅនៅស្រុកគេធ្វើអី?»។
សារព័ត៌មាន «Washinton Post» ធ្លាប់ស្រង់ប្រភពមន្ត្រីផ្លូវការអាមេរិក មកបញ្ជាក់កាលពីប៉ុន្មានឆ្នាំមុន ថាលោក ហ៊ុន សែន និងក្រុមគ្រួសារមានទ្រព្យសម្បត្តិលាក់ទុក នៅក្រៅប្រទេស មិនតិចជាង៥០០លានដុល្លារនោះទេ។ ហើយព័ត៌មាននេះ ក៏ត្រូវបានអះអាងបន្ថែម ដោយលោក ប្រេដ អាដាម (Brad Adams) នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅជាភាសាអង់គ្លេសថា «Human Rights Watch»នោះដែរ។
ប៉ុន្តែទ្រព្យសម្បត្តិរបស់លោក ហ៊ុន សែន និងក្រុមគ្រួសារលោក ទំនងជាមានទំហំកើនឡើងទ្វេដង នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយ។ នេះ បើតាមរបាយការណ៍ របស់សារព័ត៌មានបារាំងមួយឈ្មោះ «LIBERATION» ដែលទើបនឹងចេញផ្សាយ កាលពីពីរខែមុន។ ម្ចាស់អត្ថបទរបស់សារព័ត៌មានបារាំង ដែលគេស្គាល់ថា មានជំនាញខាងប្រមាញ់ព័ត៌មាន នៅក្នុងតំបន់អាស៊ីប៉ាស៊ីភិក លោក អារណូ ឌូប៊ូស (Arnaud Dubus) បានសរសេរថា ទ្រព្យសម្បត្តិរបស់ក្រុមគ្រួសារ របស់បុរសខ្លាំងកម្ពុជារូបនេះ អាចមានទំហំយ៉ាងតិច ក៏មួយពាន់លានដុល្លារ ($ 1.000.000.000) ដែរ៕