កែម ឡី៖ បក្សសង្រ្គោះជាតិគួរចូលសភា តែបក្សប្រជាជនគួរព្រមបោះឆ្នោតមុនអាណត្តិ
ក្នុងពេលដែលវិបត្តិនយោបាយកម្ពុជាបច្ចុប្បន្ន ត្រូវបានគេមើលឃើញថា កំពុងមានភាពកាន់តែជ្រាលជ្រៅនោះ អ្នកវិភាគនយោបាយឯករាជ្យកម្ពុជាក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងទូចឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សស្រង្រ្គោះជាតិ គួរធ្វើសម្បទានឲ្យគ្នាទៅវិញទៅមក ដោយធ្វើយ៉ាងណាឲ្យវិបត្តិនយោបាយនេះ ត្រូវបិទបញ្ចប់ឲ្យបានឆាប់ ដើម្បីផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងជាការជម្រុញឲ្យប្រទេសកម្ពុជា ធ្វើដំណើរទៅមុខដោយប្រក្រតីភាព។
បណ្ឌិតកែម ឡី អ្នកវិភាគនយោបាយកម្ពុជាឯករាជ្យ នៅក្នុងសន្និសីទការសែតថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ នៅសណ្ឋាគារអ៊ីមភើរៀល។ (រូបថត MONOROOM.info/ O. Vary)
នយោបាយកម្ពុជា - លោក កែម ឡី អ្នកវិភាគនយោបាយកម្ពុជាឯករាជ្យ ក្នុងពិធីមួយនៅសាកលវិទ្យល័យខេមរៈ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ នេះ បានពន្យល់ថា គួរដល់ពេលហើយដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ថយមួយជំហានម្នាក់ ដើម្បីផ្តល់ប្រយោជន៍ពិតប្រាកដដល់ពលរដ្ឋ និងប្រទេសកម្ពុជា ជាជាងការយកឈ្នះតែរៀងៗខ្លួន ដើម្បីឡើងទៅកាន់អំណាច ដោយមិនមានការព្រួបារម្ភ ពីផលលំបាកដែលកើតចេញការប្រកួតប្រជែងទាំងនោះ។
អ្នកវិភាគដដែលនេះលើកឡើងថា វាជារឿងគ្រោះថ្នាក់ និងគួរឲ្យព្រួយបារម្ភខ្លាំងណាស់ ពីជោគវាសនារបស់ប្រទេសកម្ពុជា នៅពេលដែលគណបក្សសង្រ្គោះជាតិ ប្តឹងមន្រ្តីរដ្ឋាភិបាល ឬមន្រ្តីគណបក្សប្រជាជនកម្ពុជា ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ រីឯគណបក្សប្រជាជនកម្ពុជា ឬរដ្ឋាភិបាល ប្តឹងមន្រ្តីគណបក្សសង្រ្គោះជាតិទៅកាន់តុលាការកម្ពុជា ក្នុងពេលដែលស្ថានការណ៍នយោបាយកំពុងមានភាពតានតឹង និងដោះស្រាយមិនទាន់រួចផងនោះ ព្រោះគណបក្សមួយអាងកម្លាំងប្រជាពលរដ្ឋ រីឯគណបក្សមួយទៀតអាងកម្លាំងប្រដាប់អាវុធដែលពួកគេជាខ្មែរដូចគ្នា។
លោក កែម ឡី បានបញ្ជាក់ថា៖ «គណបក្សទាំងពីគួរធ្វើការជាមួយគ្នាក្នុងសភា ហើយព្រមព្រៀងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយអនុញ្ញាតឲ្យបោះឆ្នោតមុនអាណត្តិឡើងវិញ មុនឆ្នាំ២០១៥ ឬក្រោយឆ្នាំ២០១៦។ (...) គណបក្សទាំងពីខាតមួយជំហានម្នាក់ តែអ្នកចំណេញគឺប្រជាពលរដ្ឋ និងប្រទេសកម្ពុជាទាំងមូល ព្រោះបានបញ្ចប់វិបត្តិនយោបាយ និងសេដ្ឋកិច្ចអាចដំណើរការឡើងវិញបានល្អ។»
ជុំវិញករណីនេះទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូមិនអាចទាក់ទង មន្រ្តីអ្នកនាំពាក្យគណបក្សង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជាដើម្បីធ្វើការអត្ថាធិប្បាយបាននៅឡើយទេ។ តែបើយោងលើគោលជំហររបស់ គណបក្សទាំងពីរក្នុងពេលចុងក្រោយ បានបង្ហាញថា នៅតែមិនទាន់ឯកភាពគ្នានៅឡើយ ព្រោះគណបក្សសង្រ្គោះជាតិ មិនទទួលស្គាល់រដ្ឋាភិបាល និងរដ្ឋសភា«ឯកបក្ស»បច្ចុប្បន្ន ហើយទាមទារឲ្យបោះឆ្នោតមុនបញ្ចប់អាណត្តិឡើងវិញ ក្រោយការធ្វើកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។
រីឯគណបក្សប្រជាជនកម្ពុជា បើទោះជាចង់ចរចាជាមួយគណបក្សសង្រ្គោះជាតិ តែបានអះអាងពីភាពស្របច្បាប់របស់រដ្ឋាភិបាល និងរដ្ឋសភាបច្ចុប្បន្ន ហើយក៏បានបដិសេធការឆ្នោតមុនបញ្ចប់អាណត្តិឡើងវិញផងដែរ។ ជាងនេះទៅទៀតគណបក្សគ្រប់គ្រងអំណាចមួយនេះ បានប្ដេជ្ញាប្រើប្រាស់កម្លាំងប្រដាប់អាវុធ គ្រប់គ្រងដោយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ក្នុងការការពារស្ថាប័នដែលត្រូវបានគណបក្សសង្រ្គោះជាតិបដិសេធមិនទទួលស្គាល់៕
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤