ស មួរ៉ា៖ មិនខ្លាចការចាប់ខ្លួន រហូតបញ្ហាមានការដោះស្រាយ
«ខ្ញុំជឿថា ការដាក់ញត្តិទៅ អង្គការសហប្រជាជាតិ នឹងបានយកទៅជជែកពិភាក្សា ព្រមទាំងដាក់សំពាធកាន់តែខ្លាំង លើរដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន ដើម្បីជំរុញអោយឈប់ជាបន្ទាន់ ការបំភិតបំភ័យប្រើហិង្សាលើប្រជាពលរដ្ឋ»។ នេះជាការបញ្ជាក់ របស់លោក ស មួរ៉ា ប្រធានសហពន្ធ័សហជីពកម្មករចំណីនិងសេវាកម្ម ទៅកាន់អ្នកសារព័ត៌មាននៅថៃ្ងទី១៣ ខែមករា ឆ្នាំ២០១៤។
លោក ស មួរ៉ា ប្រធានសហពន្ធ័សហជីពកម្មករចំណី និងសេវាកម្ម នៅមុខការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)
វិបត្តិការងារ - ក្នុងបទសំភាសន៍ជាមួយអ្នកកាសែតជាច្រើននាក់ លោក ស មួរ៉ា ប្រធានសហពន្ធ័សហជីពកម្មករចំណី និងសេវាកម្ម និងជាតំណាងផ្ទះសាមគ្គី រួមជាមួយក្រុមការងារដែលធ្វើការផ្នែកសិទ្ធិមនុស្ស បានមកដាក់ញតិ្តជូនឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានពន្យល់ថា ការដាក់ញត្តិនេះ គឺដើម្បីអោយមានការដោះលែងសកម្មជនសិទ្ធិមនុស្ស លោក វន់ ពៅ និង កម្មករទាំង២២នាក់ដទៃទៀត។
លោក មួរ៉ា ក៍បានអះអាងដែរថា ប្រសិនជាបញ្ហាមិនមានការដោះស្រាយ និងដោះលែងសកម្មជនទាំងនោះទេ លោក និងក្រុមការងារសិទ្ធិមនុស្សនៅបន្តជួបជុំ ធ្វើយុទ្ធនាការយកញត្តិជូនស្ថានទូតអន្តរជាតិ និងប្រទេសមហាអំណាច រាល់៣ថៃ្ងម្តងៗ ក្នុងគោលបំណងអោយស្ថាប័នទាំងនោះ ជួយធ្វើអន្តរាគមន៍ និងយកចិត្តទុកដាក់លើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។
ជុំវិញការដាក់ញត្តិនេះ លោក ចាន់ សូវេត មន្ត្រីមកពីសមាគមការពារសិទ្ធិមនុស្សអាកហុក បានយល់ឃើញថា នេះជាបែបបទនៃការតស៊ូមតិ និងជានិតិវិធីសមរម្យសំរាប់សង្គមប្រជាធិបតេយ្យ ជាមួយការចរចាដោយសន្តិវិធី និងមិនប្រើទេកងកំលាំងប្រដាប់អាវុធមកដោះស្រាយ។ លោកបានអោយឧទាហរណ៍ដែរថា ការទាមទារមានច្រើនបែបដូចជាខាងសហជីពទាមទារអោយដំឡើងប្រាក់ខែសមរម្យ ខាងគណបក្សសង្គ្រោះជាតិទាមទារអោយ បោះឆ្នោតឡើងវិញ និងខាងសង្គមស៊ីវិលតម្រូវអោយមានការបើកចំហព័ត៌មាន និងគោរពសិទ្ធិប្រជាពលរដ្ឋ ហើយកង្វល់ទាំងនេះគឺទាមទារអោយមានដំណោះស្រាយផងដែរ។
ទស្សនាវដ្តីមនោរម្យព័ងអាងហ្វូ នៅមិនអាចសុំការបញ្ជាក់ពីបញ្ហាខាងលើនេះ ដោយមន្រ្តីរាជរដ្ឋាភិបាលបាននៅឡើយ នៅថ្ងៃអង្គារទី១៤ ខែមករានេះ។ តែលោក ជាម យៀម មន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីតាមទូរស័ព្ទកាលពីថ្ងៃទី១០ ខែមករា កន្លងមកបានបញ្ជាក់ថា «ដោយសារតែមានការប្រើនូវហឹង្សា ទើបមានការចាប់ខ្លួនទាំងនេះ»។ លោកបានបន្តរថា ការស្នើសុំឲ្យមានការដោះលែង ជាលទ្ធភាពរបស់តុលាការ ដើម្បីធ្វើការស្រាវជ្រាវ និងប្រមូលផ្តុំនូវរាល់ឯកសារដែលពាក់ព័ន្ធទាំងអស់។ លោកបានបញ្ជាក់ដោយខ្លីយ៉ាងដូច្នេះថា «លែង មិនលែង ជាសិទ្ធិរបស់តុលាការ។ (…) អ្នកណាមានទោស អ្នកណាដែលត្រូវរួចខ្លួនយ៉ាងណានោះ ស៊ីសងលើតុលាការ។»
សូមរម្លឹកដែរថា កាលពីថ្ងៃទី ០២ ខែមករា សប្តាហ៍មុន លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានដឹកនាំកម្មករប្រមាណជាង ១០០ នាក់ ធ្វើការតវ៉ាទាមទារប្រាក់ខែគោល ១៦០ ដុល្លារ តែត្រូវទទួលការបង្ក្រាប់ពីកងកម្លាំងយ៉ាងចាស់ដៃ ដែលអង្គការជាតិ និងអន្តរជាតិសំដែងប្រតិកម្មដោយចាត់ទុកថា ជាការដើរផ្ទុយលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ៕
--------------------------------------
ដោយ ក. ស៊ន សុខឃៀង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤