ការបារម្ភជុំវិញការរុករក គ្រប់គ្រង រ៉ែ ប្រេងនិងឧស្ម័ននៅកម្ពុជា
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៨ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 16, 2015
- ប្រធានបទ: ប្រេង ឧស្ម័ន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើទោះជាមានការអះអាង ជា«វិជ្ជមាន» ពីមន្រ្តីជំនាញផ្នែករ៉េ និងថាមពលដ៏ដោយ បណ្តាមន្រ្តីអង្គការជាតិ និងអន្តរជាតិ នៅតែបង្ហាញពីការព្រួយបារម្ភនេះ បើសិនជារដ្ឋ គ្មានយន្តការគ្រប់គ្រងណាមួយ ច្បាស់លាស់នោះទេ។ ការព្រួយបារម្ភ ឈានទៅរកដំណោះស្រាយនេះ ត្រូវបានក្រសួងរ៉ែ និងថាមពល សហការជាមួយ អង្គការសង្គមស៊ីវិល រួមនឹងយុវជនមួយចំនួនធំ បានធ្វើការជួបជុំ ក្នុងឆាកវេទិការតុមូលមួយ ស្តីពី «យន្តការគ្រប់គ្រងចំណូលប្រេងកាត និងឧស្ម័ន សម្រាប់មនុស្សជំនាន់ក្រោយ»។
លោក ជាង សុខា នាយកប្រតិបត្តិ នៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន បានបញ្ជាក់ថា កម្ពុជាបច្ចុប្បន្នខ្វះទាំងធនធានមនុស្ស ខ្វះទាំងបច្ចេកទេស និងច្វះខាតទាំងយន្តការ នៃការគ្រប់គ្រងជម្លោះ។ លោកបានបន្ថែមថា បញ្ហារុករករ៉ែ ឧស្ម័ន និងប្រេងកាត នៅកម្ពុជា នៅពេលនេះ មិនទាន់មានអ្វីច្បាស់លាស់ ស្តីពីការគ្រប់គ្រងវានៅឡើយ ទាំងបញ្ហា និងដំណោះស្រាយ។ លោកបន្តថា ការជួបជុំលើកនេះ ចង់បង្ហាញ និងប្រាប់ថា ទាំងយុវជន ទាំងអង្គការ មិនចង់ឃើញការងាណាមួយ ដែលដាក់ចេញ ដោយគ្មានគម្រោងច្បាស់លាស់នោះឡើយ។ មិនចង់ឃើញបញ្ហាកើតឡើងហើយ មានហានិភ័យដល់ធម្មជាតិ ដល់ពលរដ្ឋ តែមិនដឹងថា ត្រូវដោះស្រាយយ៉ាងណានោះ ឬរុញដាក់គ្នាទៅវិញទៅមក គ្មានការទទួលខុសត្រូវនោះដែរ។
លោក ជាង សុខា បានថ្លែងឡើងថា៖ «យន្តការនៃការទទួលបានរតម្លាភាព និងគណនីភាព នៅមានកម្រិត ពិសេសរឿងរ៉ែ ប្រេង និងឧស្ម័ននេះតែម្តង។ (..) ចង់ឲ្យយុវជនជជែកពីរឿងនេះ យុវជនមានតួនាទីសំខាន់ និងជាក្រុមមួយមានចំនួនច្រើន ដេលត្រូវធ្វើការចូលរួម ជាមួយរាជរដ្ឋាភិបាល ជម្រុញឲ្យមានតម្លាភាព និងគណនេយ្យភាព។ ដំណើរការ នៃការធ្វើសកកម្មភាព តែងមានបញ្ហាប្រឈម ជៀសមិនផុតឡើយ។ គុណសម្បត្តិ និងគុណវិបត្តិរបស់វា ត្រូវតែមាន គ្រាន់តែតូច និងធំប៉ុណ្នោះ។»
លោកបានលើកថា សូម្បីឡើយបណ្តាប្រទេស ដែលមានបច្ចេកវិទ្យាខ្ពស់ នៅមានការធ្វសប្រហែស ឬខុសបច្ចេកទេស ដែលបណ្តាលឲ្យកំពុបប្រេង ហូរហៀរពេញលើផ្ទៃសមុទ្រ។ តើប្រទេសគេមានបច្ចេសវិទ្យាខ្ពស់ជាងកម្ពុជា ឬកម្ពុជាមានបច្ចេកទេសខ្ពស់ជាង?។ លោក សុខា បានថ្លែងឲ្យដឹងទៀតថា៖ «បច្ចេកទេសគេខ្ពស់ណា រឿងអ្វីគេនៅតែថ្លោះធ្លោយ ធ្វើឲ្យប្រេងហូរហៀរ ពេញផ្ទៃសមុទ្រធ្វើឲ្យស្លាប់ត្រី ខូចទឹកសមុទ្រ ខូចឆ្នេរជាដើម។ (...) ចុះទម្រាំកម្ពុជា ធនធានមនុស្សក៏អត់ ធនធានបច្ចេកទេសក៏អត់ បទដ្ឋានគតិយុត្តិផ្សេងៗ ក៏នៅមានកំរិត តើយើងមានស្អីជាមូលដ្ឋានគ្រឹះ ធានាថា វានឹងអត់មានផលប៉ះពាល់នោះ? មានអ្វីដែលត្រូវប្រាប់មហាជនថា មិនចាំបាច់បារម្ភ មានអ្វីដែលបង្ហាញ ឲ្យមានភាពកក់ក្តៅ?»
លោកបានលើកជាឧទាហរណ៏ នូវសកម្មភាពតូចៗមួយចំនួន នាប៉ែកឥសាននៃប្រទេសកម្ពុជា មកបង្ហាញថា៖ «ការរុករករ៉ែ នៅខេត្តរតនគីរី មណ្ឌលគីរី មានការប្រើប្រាស់នូវជាតិគីមី ដែលបណ្តាលឲ្យខូចទឹក ស្លាប់សត្វពាហនៈ ឯពលរដ្ឋដំបៅពេញដៃ ជើង។ នោះតូចផង ចុះនេះទំហំធំ? តើធានាបានទេ តើទៅរួចទេ នៅពេលដែលយើងគ្មានធនធានមនុស្ស និងបច្ចេកទេសនេះ?»
សូមស្តាប់ការបកស្រាយទាំងស្រុងដូចខាងក្រោម៖
សម្រាប់លោក ជា សុជាតិ អគ្គនាយករង នៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល ថាមិនមានអ្វីដែលត្រូវព្រួយបារម្ភឡើយ ហើយក៏គ្មានរងផលប៉ះពាល់អ្វីទៅដល់ប្រជាពលរដ្ឋនោះឡើយ។ លោកបានលើកឡើងថា នេះមិនមេនជាលើកទីមួយទេ ដែលរដ្ឋាភិបាលចាប់ផ្តើមធ្វើ និងនិយាយពីបញ្ហារ៉ែ ប្រេង និងឧស្ម័ននៅកម្ពុជានោះ ហើយកម្ពុជាធ្លាប់បានទទួលជោគជ័យ ម្តងរួចមកហើយ នៃការរុករករ៉ៃ នៅតំបន់ព្រះវិហារជាដើម។ យ៉ាងណា លោកក៏នឹងមិនទទួលខុសត្រូវ នូវហេតុការណា ដែលកើតឡើងដោយចៃដន្យនោះដែរ ព្រោះគ្មានអ្នកណាម្នាក់ ចង់ឲ្យរឿងនេះកើតឡើងនោះទេ។
សូមស្តាប់ការបកស្រាយទាំងស្រុងដូចខាងក្រោម៖
នាយកប្រតិប័ត្រនៃសម្ព័ន្ធភាពកម្ពុជា ដើម្បីតម្លាភាពចំណូលធនធាន អ្នកស្រី គឹម ណាតាសា បានអះអាងថា ស្ថានភាពរុករករ៉ែនៅកម្ពុជា អាចនឹងមានបញ្ហាកើតឡើង តាមដំណើរការស្របគ្នា នៃការអភិវឌ្ឍន៍ប្រទេសជាតិ ជាមួយនឹងការផ្តល់អាជ្ញាប័ណ្ណ ទៅដល់ក្រុមហ៊ុននានា។ ការផ្តល់អាជ្ញាប័ណ្ណ ដល់បណ្តាក្រុមហ៊ុននានា ត្រូវបានធ្វើក្នុងពេលកន្លងមក ដោយរដ្ឋនោះ ដោយហេតុថា រដ្ឋគ្មានធនធានមនុស្ស គ្មានធនធានបច្ចេកទេស ពិសេសគ្មានធនធានថវិការគ្រប់គ្រាន់ សម្រាប់បំរើឲ្យកិច្ចការនៃការរុករករ៉ែ ជាមួយនឹងសកម្មភាពទាញយក។ យ៉ាងណា អ្នកស្រីក៏បានបង្ហាញថា ក្រុមហ៊ុនមួយចំនួន ដេលចាប់ដៃគូ ជាមួយរដ្ឋាភិបាលនោះ ក៏មិនបានធ្វើការបង្ហាញ និងប្រកាសពីសកម្មភាពរបស់ខ្លួន ដើម្បីតម្លាភាព និងគណនីភាពនោះដែរ។
អ្នកស្រី ណាតាសា បានថ្លែងបន្តថា ក្រុមហ៊ុនទាំងនោះ ត្រូវសហការជាមួយរដ្ឋាភិបាល ផ្តល់ជាដំណឹង ជូនទៅភាគីពាក់ព័ន្ទនានា ពិសេសប្រជាពលរដ្ឋឲ្យបានដឹងជាមុន និងច្បាស់លាស់ នូវយុទ្ធការការរបស់ខ្លួន។ អ្នកស្រី បានថ្លែងឲ្យដឹងថា៖ «ការបូបប្រេង មានឥទ្ធិពលប៉ះពាល់ដល់បរិដ្ឋាន និងការរស់នៅរបស់ប្រជាពលរដ្ឋ។ (...) ពលរដ្ឋមានសិទ្ធិ ដើម្បីទទួលបានការយល់ដឹង និងទទួលព័ត៌មាន។ មានសិទ្ធិបង្ហាញ និងលើកឡើង នូវការព្រួយបារម្ភរបស់ខ្លួន ដែលនៅមិនទាន់ទទួលបាន ព័ត៌មានគ្រប់គ្រាន់ ច្បាស់លាស់នៅឡើយនោះ។ (...) ត្រូវជូនព័ត៌មាន ទៅពលរដ្ឋឲ្យច្បាស់ និងពន្យល់ពួកគាត់ ឲ្យបានយល់ពីវិស័យនោះ។»
សូមស្តាប់ការបកស្រាយទាំងស្រុងដូចខាងក្រោម៖
សម្រាប់យុវតី ម្នាក់ក្នុងចំណោមយុវជនជាច្រើន ដែលបានចូលរួមទទួល យកចំណេះដឹងពីវេទិការនេះ បានបង្ហាញនូវទស្សនៈ យល់ឃើញរបស់ខ្លួនថា អ្វីសំខាន់ក្នុងការចូលរួមនេះ ចង់ដឹងថាតើពិតប្រាកដ នៃប្រទេសកម្ពុជា មានធនធានអ្វីខ្លះ នៅកន្លែងណាខ្លះ ហើយកម្ពុជាខ្លួនឯងមានសមត្ថភាព ធនធានគ្រប់គ្រាន់ដែរឬទេ ក្នុងការសម្រេចចិត្ត ទៅទទួលយកនូវធនធានទាំងនោះ ដោយខ្លួនឯង ដោយពុំចាំបាច់ពឹងផ្អែក លើឈ្មួញនោះ។ យ៉ាងណា សម្រាប់កញ្ញា បានបង្ហាញភាពមិនជឿជាក់ លើសកម្មភាពរបស់រដ្ឋាភិបាល ជាមួយនឹងក្រុមហ៊ុនទាំងនោះ តាមរយៈការលាក់លាមនូវព័ត៌មាន។ កញ្ញា ស្នើឲ្យរដ្ឋាភិបាលបង្កើតនូវក្រុម គ្រប់គ្រងលើមូលនិធិ រ៉ែ ប្រេង និងឧស្ម័ន នៅកម្ពុជាឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងការបែកធ្លាក់ ឬធ្លាក់នៅតាមផ្លូវ។
យុវតីរូបនេះ បានថ្លែងឡើងថា៖ «ការគ្រប់គ្រងនេះ បើរាជរដ្ឋាភិបាលអនុញ្ញាត ឲ្យស្ថាប័នពាក់ព័ន្ធនានា ក្រៅពីរដ្ឋ បានចូលរួមជួយឃ្លាំមើល ឬការពារ ផ្លូវនោះវាមិនអាចបែកបានទេ។ តែបើមានតែរាជរដ្ឋាភិបាលតែមួយ (ម្នាក់ឯង) នោះ ប្រាកដជាមានកន្លែងធ្លាយហើយ។»
សូមស្តាប់ការបកស្រាយទាំងស្រុងដូចខាងក្រោម៖