វិភាគ៖ មូលហេតុទាំង៥ និងផលប៉ះពាល់ នៃនិទណ្ឌភាពនៅកម្ពុជា
បទល្មើសជាច្រើន ដូចជាឃាតកម្មលើអ្នកនយោបាយ លើអ្នកសារព័ត៌មាន លើប្រធានសហជីព លើចៅក្រម លើតារាចម្រៀង ឬបទ រំលោភសេពសន្ធវះ ... ដែលមកទល់នឹងពេលនេះ មានជនប្រព្រឹត្តិបទល្មើសពិតប្រាកដតិចតួចបំផុត ដែលត្រូវបាន តុលាការ យកមកកាត់ទោស។ មានករណីខ្លះ រហូតមកទល់នឹងថ្ងៃនេះ អាជ្ញាធរនៅមិនទាន់រកជនល្មើសឃើញនៅឡើយ។ ហើយមានករណីខ្លះទៀត គេបែរជាយកជនល្មើសក្លែងក្លាយ យកមកលាបពណ៌អោយគ្នា ក៍មានដែរ។ ទាំងនេះហើយដែលយើងហៅថា «និទណ្ឌភាព»។
«និទណ្ឌភាព» គឺជាភាពដែលអាច ឬងាយគេចពីការទទួលខុសត្រូវ ខាងផ្លូវច្បាប់ នូវរាល់ទង្វើខុសច្បាប់ទាំងឡាយ។ និយាយអោយខ្លី «និទណ្ឌភាព» គឺសំដៅលើ «ភាព»ដែលអ្នកទទួលខុសត្រូវ ជាជនប្រព្រឹត្តិ ទោះបីផ្ទាល់ ឬដោយ ប្រយោលក៍ដោយ រស់នៅក្រៅប្រព័ន្ធច្បាប់ និងមិនទាន់ទទួលការផ្ដន្ទាទោស ដោយតុលាការ។
មនោរម្យព័ងអាំងហ្វូ សូមលើកយក ការសិក្សាវិភាគមួយចំនួន ដោយផ្អែកលើប្រភព ដែលស្និតនឹងប្រព័ន្ធ តុលាការខ្មែរ យកមកជំរាបជូនលោកអ្នក ដូចតទៅ៖
១. ភាពខ្វះចន្លោះនៃច្បាប់
ទោះបីជាច្បាប់ដែលបានអនុម័តនោះ មានលក្ខណៈល្អឥតខ្ចោះ យ៉ាងណាក៏ដោយ ក៏ភាពខ្វះខាតនៅតែកើតមាន ក្នុង ចន្លោះណាមួយ ជៀសមិនផុត ហើយភាពខ្វះចន្លោះនេះហើយ ដែលជាមូលហេតុមួយនៃនីទណ្ឌភាព។ ដូចជានៅក្នុង ករណីរំលោភសេពសន្ធវះ ក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ ពុំមានចែង ពី «បទល្មើសស្មន្ធ»នោះទេ ព្រោះថាបទល្មើសស្មន្ធនេះ សំដៅដល់ការរួមភេទ រវាងឪពុក និងកូនស្រី រវាងម្តាយ និងកូនប្រុស ឬរវាងឪពុកចិញ្ចឹមនិងកូនចិញ្ចឹម ។ ដូច្នេះបើឪពុក ម្នាក់បានរួមភេទ ជាមួយកូនស្រីរបស់ខ្លួន ឪពុកនោះអាចនឹងមានទោសទៅបាន កាលបើជាមានការចាប់បង្ខំ ឬកូនស្រីនោះ នៅក្មេងពេកតែប៉ុណ្ណោះ ពោលគឺអនុវត្តន៍ ដូចជាបទរំលោភសេពសន្ថវៈធម្មតា (មាត្រ២៣៩នៃក្រមព្រហ្មទណ្ឌ២០០៩) ដែរ។ ករណីខាងលើនេះ ជនល្មើសដែលជាឪពុក អាចនឹងរួចផុតពីការចោទប្រកាន់ ទោះបីជាអំពើនេះ ត្រូវសង្គមស្អប់ខ្ពើម យ៉ាងណាក៏ដោយ ។
២. ភាពមិនហ៊ានអនុវត្តច្បាប់
ករណីមន្ត្រីនគរបាលយុត្តិធម៌ ស្វែងរកឃើញថាជនណាម្នាក់ មានពាក់ពន្ធ័នឹងការប្រព្រឹត្តបទល្មើសណាមួយ តែមិនហ៊ាន ចាប់ជននោះ ដោយសារតែជននោះមានអំណាច មានសាច់ញាតិជាថ្នាក់ដឹកនាំ ឬក៏មានអ្នកមានអំណាច ណាមួយជា ខ្នងបង្អែក ដែលអាចធ្វើឲ្យជនល្មើស ទទួលបានអន្តរាគមន៍ ដើម្បីរួចផុតពីការចោទប្រកាន់ ។
ដូចជាករណីនៃការបំផ្ទុះគ្រាប់បែកដៃ ទៅលើហ្វូងបាតុករ ដែលដឹកនាំដោយមេដឹកនាំបក្សប្រឆាំងកាលពីថ្ងៃទី ៣០ មីនា ឆ្នាំ១៩៩៧ ដែលមកទល់នឹងពេលនេះ មានរយះពេល១៥ឆ្នាំហើយ ឯជនល្មើសវិញ មិនត្រូវបានធ្វើការចាប់ខ្លួន ដើម្បីផ្តន្ទាទោសតាមច្បាប់នៅឡើយ។ នៅក្នុងអត្ថបទមួយ ផ្សាយកាលពីថ្ងៃទី៣១ ខែមិនាកន្លងទៅ ដោយវិទ្យុអាស៊ីសេរី បានបង្ហាញថា «របាយការណ៍សំងាត់របស់ FBI ដែលលេចធ្លាយចេញផ្សាយតាមគេហទំព័រនានានោះ បានសរសេរថា ជនដៃដល់ដែលវាយប្រហារគ្រាប់បែកដៃ ទៅហ្វូងបាតុករនាពេលនោះ ជាមនុស្សរបស់កងកម្លាំងអង្គរក្សនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។» តែខាងក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាននិយាយាថា រដ្ឋាភិបាលពិតជាមានឆន្ទៈពិតប្រាកដ ក្នុងការចាត់វិធានការភ្លាមៗ ហើយថែមទាំងបានកំណត់មុខសញ្ញា គូសចេញជាគំនូរព្រាងមុខជនដៃដល់ទៀតផង។ ទោះជាយ៉ាងណាក៏ដោយ ក៏មុខសញ្ញានោះ នៅត្រឹមតែជា«ការអោយដឹង»របស់ក្រសួងប៉ុណ្ណោះ ហើយមិនដែលបញ្ចេញ អោយសាធារណជន ដឹងនិងស្គាល់ថា ជានរណានោះឡើយ។
៣. អសមត្ថភាព ឬភាពខ្វះជំនាញ
- អសមត្ថភាពក្នុងការអង្កេត៖ ករណីនៃការស៊ើបអង្កេតមានការខ្វះខាត ដោយសារតែមន្រ្តីអនុវត្តច្បាប់អសមត្ថភាព ខ្វះខាតខាងសម្ភារៈ ឬថវិការមិនគ្រប់គ្រាន់ នាំឲ្យការស៊ើបអង្កេតខ្សោយ មិនមានលទ្ធភាព ក្នុងការចាប់ជនល្មើស នោះបាន ។
- អសមត្ថភាពក្នុងការចោទប្រកាន់៖ ករណីនៃការស៊ើបអង្កេត របស់មន្រ្តីអនុវត្តច្បាប់ធ្វើបានល្អ និងមានភស្តុតាង គ្រប់គ្រាន់ ដើម្បីធ្វើការដាក់បន្ទុកលើជនល្មើសនោះហើយ គួបផ្សំជាមួយគ្នានេះដែរ ក្នុងអង្គសវនាការត្រូវមាន តួរអង្គសំខាន់មួយទៀត នោះគឺតំណាងអយ្យការដែលមានសមត្ថភាពខ្ពស់ ដើម្បីបង្ហាញឲ្យតុលាការជឿជាក់ ទៅលើភស្តុតាងដែលរកបានទាំងអស់នោះ ។ ភាពគ្មានសមត្ថភាព ក្នុងការចោទប្រកាន់ របស់អយ្យការក៏ជា មូលហេតុមួយ នៃនីទណ្ឌភាពនេះដែរ ។
៤. ភាពលំអៀងនៃនីតិវិធី
- ការលំអៀងដោយអំពើពុករលួយ៖ ទោះស្ថិតក្នុងនីតិវិធីណាក៏ដោយ ទាំងការស៊ើបអង្កេត ទាំងការជំរះក្តី បើមន្ត្រី យុត្តិធ៌មណាម្នាក់ ទទួលយកសំណូកពីជនល្មើស ឬសាច់ញាតិនៃជនល្មើស ហើយធ្វើការដោះលែង ឬមិនព្រម ធ្វើកា ចោទប្រកាន់ ឬដោយការកាត់សេចក្តីដោយលំអៀង ធ្វើឲ្យជនល្មើសនោះរួចខ្លួន ។
- ការលំអៀងដោយការភ័យខ្លាច៖ គ្រប់នីតិវិធីទាំងអស់ ទាំងការស៊ើបអង្កេត ទាំងការជំរះក្តី បើមន្ត្រីយុត្តិធ៌មទាំងនោះ ខ្លាចនូវអំណាច របស់ជនល្មើស ឬខ្លាចសាច់ញាតិជនល្មើសជាថ្នាក់ដឹកនាំ ឬក៏មានអ្នកមានអំណាចណាមួយ ជាខ្នងបង្អែករបស់ជនល្មើស រួចធ្វើការដោះលែង នឹងមិនបានចោទប្រកាន់ ករណីទាំងនេះធ្វើឲ្យជនល្មើសពិត ត្រូវរួចខ្លួន ។
ហេតុការណ៍ដែលទាក់ទង នឹងភាពលំអៀងនៃនីតីវិធី មិនពិបាកស្វែងរកករណីជាក់ស្តែងទាំងឡាយ ដែលធ្លាប់កើតរួច មកហើយនោះទេ។ គេនៅចាំបាន ពីព្រឹត្តិការណ៍បាញ់បោះមួយ ទៅលើក្រុមកម្មការិនី ជាបាតុករ នៅក្រុងបាវិត កាលពី ថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០១២ កន្លងមក ដែលអ្នកដៃដល់ ត្រូវលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង លាតត្រដាងមុនគេថាជា ចៅហ្វាយក្រុងនៅទីនោះ ឈ្មោះ ឈូក បណ្ឌិត។ តែមកទល់នឹងថ្ងៃនេះ តុលាការនៅមិនទាន់ សម្រេចវិនិច្ឆ័យទោស ថាយ៉ាងដូចម្ដេចនៅឡើយ។
រីឯព្រឹត្តិការណ៍មួយទៀត នៅក្នុងសណ្ឋាគារមួយនាខេត្តកោះកុង កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១២ ដែលកាមេរ៉ា សុវត្ថិភាពរបស់ សណ្ឋាគារ ចាប់រូបភាពបាន និងបានដាក់បង្ហោះទៅលើអាំងធើណែត បានបង្ហាញថា អង្គរក្សថានៈផ្ដាយ ពីរម្នាក់ របស់នាយករដ្ឋមន្ត្រី រួមទាំងអង្គរក្ស៣នាក់ផ្សេងទៀត បានធ្វើការវាយដំ ទាត់ធាក់ទៅលើ់បុរស៤នាក់ រហូតមាន ជនរងគ្រោះម្នាក់សន្លប់ ។ គេហទំព័ររបស់មជ្ឈមណ្ឌលព័ត៌មានសកល បានធ្វើរបាយការណ៍ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២ កន្លងមកថា តុលាការខេត្ដកោះកុងសម្រេច លើកលែងការចោទប្រកាន់ លើជនសង្ស័យឈ្មោះ ប៊ុន សុខានេះ បើទោះជាមានវត្ថុតាងគ្រប់គ្រាន់ និងអនុសាសន៍ព្រមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលនោះក៏ដោយ។
៥. ភាពជាទម្លាប់ នៃអ្នកនយោបាយខ្មែរ
កាលពីសម័យអាណានិគមនិយមបារាំង បណ្ដាជននិងបញ្ញាវ័ន្ដខ្មែរជាច្រើននាក់ បានរត់ចូលព្រៃ ដើម្បីធ្វើការតស៊ូប្រយុទ្ធ ក្នុងបំណងបណ្ដេញបារាំងអោយចេញពីស្រុក។ កាលនោះ មានចលនាជាច្រើន បានរីកព្រោងព្រាត ហើយមិនមានរចនា សម្ព័ន្ធច្បាស់លាស់ អ្វីនោះទេ ដោយមានទាំងក្រុម អ្នកដែលមានបុព្វហេតុត្រឹមត្រូវ និងក្រុមដែលបង្កើតឡើង ដើម្បីស្វែង រកតែផលប្រយោជន៍ផ្ទាល់ខ្លួន ដើរលួចឆក់ប្លន់គេ ឬដើរចាប់កូនក្រមុំអ្នកស្រុក ជាដើម។ ក្រោយមក នៅពេលប្រទេស កម្ពុជា ត្រៀមទាមទារឯករាជ្យពីអាណានិគមនិយមបារាំង ព្រះមហាក្សត្រនរោត្តម សីហនុ បានបង្កើតចលនាបង្រួបបង្រួម ជាតិមួយ ដើម្បីហៅប្រមែប្រមូល ក្រុមអ្នកតស៊ូទាំងនោះ អោយចូលមករួមរស់ក្នុងសង្គមជាតិវិញ។ ការហៅអោយចូល មកវិញនេះ គេបានបំភ្លេចចោលធ្វើមិនដឹងមិនលឺ នូវសកម្មភាពល្មើសទាំងឡាយ ដែលជន«អ្នកតស៊ូ»ខ្លះទាំងនោះ បាន ប្រព្រឹត្តិក្នុងពេលកន្លងមក។
ក្នុងសម័យខ្មែរក្រហមរបស់ ប៉ុល ពត ប្រជាពលរដ្ឋខ្មែររាប់លាននាក់បានស្លាប់ ដោយសារការធ្វើទារុណកម្ម ភាពអត់ឃ្លាន បាក់កម្លាំង និងឈឺស្កាត់។ មកទល់នឹងពេលនេះ មានមេដឹកនាំខ្មែរក្រហម ចំនួនតែ«មួយដំបរស្វា» ប៉ុណ្ណោះ ដែលត្រូវគេ ចាប់មកកាត់ទោស ក្នុងតុលាការកូនកាត់មួយ ដែលមើលទៅ ហាក់មិនបានផ្ដល់ជំនឿប៉ុន្មានឡើយ ដល់ជនរងគ្រោះរាប់លាននាក់ទាំងនោះ។ ក្រុមខ្មែរក្រហមមួយចំនួនទៀត បានងាកត្រឡប់ប្រឆាំងនឹង របបខ្មែរក្រហមដឹកនាំដោយប៉ុលពត នេះ តែពួកគេសព្វថ្ងៃ មានអ្នកខ្លះ កំពុងកាន់មុខដំណែងខ្ពង់ខ្ពស់ រស់នៅយ៉ាងសុខដុម្យរម្យនា និងមិនត្រូវបានតុលាការកូនកាត់នេះ ប៉ះពាល់សូម្បីតែមួយសរសៃសក់ឡើយ បើទោះជាគេដឹងថា មានពួកនេះខ្លះ បានប្រព្រឹត្តិខុសក៏ដោយ។
ការជ្រកនៅក្រោមពាក្យ«បង្រួបបង្រួមជាតិ» និង«ស្ថិរភាពរបស់សង្គម» អាចជាហេតុផលមួយ តែការទុកអោយជន ប្រព្រឹត្តិខុសទាំងនោះ នៅធ្វើមិនដឹងមិនលឺ ពីទង្វើរបស់ខ្លួនទោះជានៅក្នុងអតីតកាលក្ដី វារឹតតែបង្កអោយវប្បធម៌ គ្មាន ទោសពៃ ឬ «និទណ្ឌភាព» នៅតែជាស្រមោលអន្ទោលតាមប្រាណ ឬជាជំងឺដ៏រ៉ាំរ៉ៃ ដែលចេះតែកើតមាន មិនចេះឈប់មិនចេះឈរ នៅក្នុងសង្គមខ្មែរ។
ជាពិសេស ការមិនគោរពច្បាប់ជាធរមាន ជាញឹកញាប់បែបនេះ បង្កើតឲ្យមាននិទណ្ឌភាព ហើយវាបានជំរុញអោយផ្នត់ គំនិត នៃការ«មិនគោរពច្បាប់» និង ផ្នត់គំនិត នៃ«ច្បាប់របស់អ្នកខ្លាំង» ចាក់ឬសកាន់តែជ្រៅ។ កុមារដែលគ្នាកើតមក ឃើញសភាពបែបនេះ នឹងថតដក់ទុកក្នុងចិត្ត ហើយនឹងរៀនសូត្រ យកគំរូតាម។ សង្គមមួយ ដែលមានបណ្ដាជន រស់នៅតែជាមួយផ្នត់គំនិតបែបនេះ ភាពអាណាធិបតេយ្យ នឹងកើតមានច្រើនពិបាកគ្រប់គ្រង ពលរដ្ឋត្រូវរស់នៅ ក្នុងសភាពភ័យខ្លាច។ ហើយសង្គមនោះ ក៏នឹងក្លាយជាមានសភាពផុយស្រួយ ដោយហេតុថា នៅថ្ងៃណាមួយ ពួកក្រុម មនុស្សរងគ្រោះ នឹងយក «ច្បាប់របស់អ្នកខ្សោយ» មកអនុវត្តន៍វិញ មិនខុសអ្វីនឹងការចូលមកកាន់អំណាច របស់ពួក ខ្មែរក្រហម នៅឆ្នាំ១៩៧៥យ៉ាងដូច្នេះនោះទេ៕
----------------------------------------------
ដោយៈ ភ្នំធំ - ភ្នំពេញថ្ងៃទី ០៣ តុលា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ