អូស្រ្តាលី៖ កញ្ចប់បារីដូចៗគ្នាទាំងនេះ តើមានអ្វីប្លែកទៅ?
- ដោយ: សុខជា រស្មី
- កែប្រែចុងក្រោយ: October 04, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ចាប់ពីខែធ្នូខាងមុខនេះទៅ អ្នកជក់បារីនៅក្នុងប្រទេសអូស្រ្តាលី នឹងទិញបារីដែលមានកញ្ចប់ដូចៗគ្នា។ ទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ សូមលើកយកមកបកស្រាយ តាមចំនុចនីមួយៗ ដូចខាងក្រោម៖
តើកញ្ចប់បារីដែលហៅថា «មានរូបរាងដូចៗគ្នា»ទាំងនេះ មានរាងស្រដៀងដូចទៅនឹងអ្វី?
ចាប់ពីពេលនេះតទៅ កញ្ចប់បារីទាំងអស់នៅប្រទេសអូស្រ្តាលី នឹងមានផ្ទៃពណ៌បៃតងចាស់ ហើយគ្មានយីហោ គ្មានរូប សញ្ញា និង គ្មានពណ៌ ដែលធ្វើអោយទាក់ទាញអ្វីទាំងអស់ នៅពីលើកញ្ចប់នោះ។ ផ្ទុយទៅវិញ ពាក្យដាស់តឿនរំលឹក ស្ដីពីគ្រោះថ្នាក់នៃការជក់បារី ដូចជា «ជក់បារីបង្កជម្ងឺមហារីកបំពង់ក និងមាត់» និងរូបថតគួរអោយខ្លាច នឹងត្រូវបានបិត នៅលើកញ្ចប់បារី។
ហេតុអ្វី ក៏មានវិធានការនេះ ?
វាជាអនុសាសន៍ របស់អង្គការសុខភាពពិភពលោក (OMS) ហើយប្រទេសអូស្ត្រាលីគឺជាប្រទេសមុនគេ ដែលអនុវត្តន៍ អនុសាស្រ្តនេះ។ គោលបំណងគឺ កាត់បន្ថយចំនាប់អារម្មណ៍ធ្វើនៅលើកញ្ចប់បារី ពីសំណាក់ក្មេងៗ និង យុវវ័យជំទង់ៗ។ លោក ហ្យូហ្សែប អូសស្មាន (Joseph Osman) នាយកការិយាល័យប្រឆាំងជាតិនីកូទីនបារាំង (OFT) បាននិយាយថា «អតិថិជនក្នុងវ័យទាំងនេះ ឆាប់ មានអារម្មណ៏ទាក់ទាញ ទៅនឹងការផ្សាយពាណិជ្ជកម្មបែបនេះណាស់។»
កាត់បន្ថយអ្នកជក់ច្រើនបន្តិចម្តងៗ
លោក ហ្សូហ្សិប អូសស្មាន់ បានកត់សំគាល់ថា «ប្រសិនបើអ្នកជក់ច្រើន នោះបានន័យថា អ្នកគឺជាអ្នកញៀនថ្នាំជក់ ហើយ។» ដូច្នេះ ការចាប់អារម្មណ៍របស់អ្នកជក់ទាំងនេះ ត្រូវតែកាត់បន្ថយ នៅពេលបានឃើញ«រូបរាងដូចៗគ្នា»របស់ កញ្ចប់បារី។ លោកបានបញ្ជាក់ថា ទោះបីជាយ៉ាងណាក៏ដោយ វានៅតែជា «វិធានការថ្មីមួយនៃការប្រឆាំងនឹងថ្នាំជក់» ដែលមិនមានលក្ខណៈលេងសើចនោះទេ។ លោកបានពន្យល់ទៀតថា «ត្រូវតែមើលថា តើយើងធ្លាប់ធ្វើអ្វីខ្លះ? គូររំលឹក ដែរថា នៅក្នុងទស្សវត្តឆ្នាំ៥០ ការផ្សាយពាណិជ្ជកម្ម បានធ្វើជាមួយនឹងតារាស្អាតៗ ឬកីឡាករល្បីៗ ហើយបង្អួតពីគុណ ប្រយោជន៍របស់ថ្នាំជក់ ដើម្បីបញ្ចុះបញ្ចូលមនុស្សអោយទិញបារី។»
តើវាមានប្រសិទ្ធភាពរឺទេ ក្នុងកាត់បន្ថយចំនួននៃអ្នកជក់បារី?
ពិបាកនឹងបកស្រាយបន្ដិច ដោយហេតុថាវិធានការនេះ នឹងត្រូវចូលជាធរមាន ជាលើកទីមួយនៅលើពិពភលោក ជា ពិសេសនៅប្រទេសអូស្រ្តាលី ក្នុងខែធ្នូខាងមុខនេះ។ អ្នកជំនាញផ្នែកថ្នាំជក់ដដែល បានវាយតំលៃថា «ដោយផ្អែកលើ ការសិក្សាបែបវិទ្យាសាស្រ្តដែលបានធ្វើឡើង យើងគិតថាគឺវានឹងមានប្រសិទ្ធភាព។» លោកបន្តថា «វាជាចំនុចបន្ថែម មួយទៀត» តែលោកស្តាយ នឹងរាល់វិធានការនៃការប្រឆាំងនឹងថ្នាំជក់នេះ ដែលបានធ្វើឡើងដូច «ដំណក់ទឹកម្តងមួយ ដំណក់ៗ»។
តើអ្នកផលិតបារី មានប្រតិកម្មយ៉ាងណាខ្លះ?
វាច្បាស់ណាស់ហើយ ដែលពួកគេប្រឆាំងទៅនឹងវិធានការនេះ។ ក្រុមហ៊ុនថ្នាំជក់ ប្រ៊ីតធីស អាមេរិខែន ថូបាក់ខូ (British American Tobacco) អាំផេរៀលថូបាកខុ (Imperial Tobacco) ហ្វ៊ីលីបម៉ូរីស (Philip Morris) និង ចាប៉ែនថូបាក់ខូ (Japan Tobac) បានធ្វើការតវ៉ា នៅចំពោះតុលាការយុត្តិធម៌ជាន់ខ្ពស់អូស្រ្តាលី ដើម្បីទាមទារអោយលុបចោលនូវវិធានការនេះ ប៉ុន្តែការតវ៉ារបស់ពួកគេត្រូវបានបដិសេដ។ អំណះអំណាងចម្បងរបស់ពួកគេ គឺ : ភាពដូចគ្នានៃកញ្ចប់បារី អាចនឹងធ្វើ អោយមាន នូវការផលិតបារីក្លែងក្លាយ និងចរាចរណ៍បារីក្លែងក្លាយនេះកើនឡើង។ តែជាការបារម្ភមួយ ដែលមកទល់ បច្ចុប្បន្ននេះ មិនទាន់មានការសិក្សាស្រាវជ្រាវណាមួយ បានបញ្ជាក់នៅឡើយ៕
-----------------------------------------
ដោយ៖ សុជារស្មី - ភ្នំពេញថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១២
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ