កម្ពុជា​«ហាម​ជក់ ឬ​បង្ហុយ​ថ្នាំ​ជក់» ក្នុង​កន្លែង​ធ្វើការ​និង​ទី​សាធារណៈ

ជាដំណឺងថ្មីសម្រាប់ប្រជាជនកម្ពុជា កាលពីថ្ងៃទី ០៤ ខែកុម្ភៈ កន្លងទៅ រដ្ឋាភិបាលកម្ពុជា បានសម្រេចចេញ​សារាចរ​ណែនាំមួយ ស្តីពីវិធានការហាមឃាត់ការជក់ និងការបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅកន្លែងធ្វើការនិង​កន្លែង​សាធារណៈ។ សារាចរនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាល បានមើលឃើញផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ​ដល់សុខភាព​ប្រជាជនតាមរយៈការជក់ និងស្រូបផ្សែងថ្នាំជក់ពីគេ។
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: February 12, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាដំណឺងថ្មីសម្រាប់ប្រជាជនកម្ពុជា កាលពីថ្ងៃទី ០៤ ខែកុម្ភៈ កន្លងទៅ រដ្ឋាភិបាលកម្ពុជា បានសម្រេចចេញ​សារាចរ​ណែនាំមួយ ស្តីពីវិធានការហាមឃាត់ការជក់ និងការបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅកន្លែងធ្វើការនិង​កន្លែង​សាធារណៈ។ សារាចរនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាល បានមើលឃើញផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ​ដល់សុខភាព​ប្រជាជនតាមរយៈការជក់ និងស្រូបផ្សែងថ្នាំជក់ពីគេ។


លោក ហ៊ុន សែន នៅពេលលោកនៅជកបារីនៅឡើយ។ (រូបថត ឯកសារ)

សុខភាព - កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០១៤ កន្លងទៅ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បាន​សម្រេចចេញសារាចរណែនាំថ្មីលេខ ០០៣ ស្តីពីវិធានការហាមឃាត់ការជក់និងការបង្ហុយផ្សែងផលិតផលថ្នាំជក់ ពោលគឺបារីនេះឯង នៅក្នុងកន្លែងធ្វើការនិងកន្លែងសាធារណៈនៅទូទាំងប្រទេសកម្ពុជាទាំងអស់។ សារាចរ​ហាម​ប្រាមនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា ផ្សព្វផ្សាយឲ្យដឹងនៅថ្ងៃទី ១១ ខែកុម្ភៈនេះ នៅទីស្តីការក្រសួងសុខាភិបាល ក្រោមវត្តមាន រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង ។

សារាចរនេះ ធ្វើឡើងក្នុងគោលដៅ ដើម្បីចូលរួមការការពារសុខមាលភាពរបស់ប្រជាជន និងទប់ស្កាត់ការ​រង​ផ្សែង​ផលិតផលថ្នាំជក់ ដែលបង្កឲ្យមានហានិភ័យដល់សុខភាពអ្នកនៅជុំវិញ និងបរិស្ថាន ព្រមទាំងដើម្បីកាត់បន្ថយការ​ប្រើ​ប្រាស់ថ្នាំជក់នៅក្នុងប្រទេសកម្ពុជា។ កម្ពុជា ដែលក្នុងមួយឆ្នាំៗមានប្រជាជនយ៉ាងហោចណាស់​ក៏១ម៉ឺននាក់​ បានស្លាប់បាត់បង់ជីវិត ពោលគឺគិតជាមធ្យម ៣០ នាក់ ក្នុងមួយថ្ងៃ ដោយសារការប្រើប្រាស់ថ្នាំជក់។

នៅក្នុងសារាចរនោះ បានណែនាំប្រជាពលរដ្ឋមិនឲ្យជក់ និងបង្ហុយផលិតផលថ្នាំជក់នៅក្នុងបរិវេណ​គ្រឹះស្ថាន​សុខាភិបាល គ្រឹះស្ថានសិក្សា ទារកដ្ឋាន សួនកុមារ គ្រឹះស្ថានសាសនា សារមន្ទីរ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត ស្ថានីយប្រេងឥន្ធនៈ និងកន្លែងងាយឆាបឆេះត្រូវហាមឃាត់។

លើសពីនេះទៅទៀត សារាចរនេះ ក៏បានណែនាំអ្នកគ្រប់គ្រងឬម្ចាស់កន្លែងធ្វើការ និងអ្នកគ្រប់គ្រងឬម្ចាស់​កន្លែង​សាធារណៈ ត្រូវបិទផ្សាយឬដាក់បម្រាមពីការហាមជក់ ឬការបង្ហុយផ្សេងផលិតផលថ្នាំជក់នៅតាមផ្លូវចូល​និង​កន្លែងសមស្របផ្សេងទៀត ដែលឲ្យសាធាណៈជនអាចមើលឃើញច្បាស់។ បម្រាមទាំងនេះ ត្រូវសរសេរជាលាយ​លក្ខណ៍អក្សរថា «ហាមជក់បារី» និងរៀបចំសញ្ញាពីការហាមឃាត់។ លើសពីនេះ ក្រសួងក៏ហាមមិនឲ្យដាក់តាំងបារី រូបភាព ឬប្រដាប់ជក់បារីដែរ នៅក្នុងឬនៅតាមកន្លែងធ្វើការ ទីសាធារណៈ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងនៅក្នុងពិធីផ្សព្វផ្សាយសារាចរណែនាំនៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៤ នេះថា នាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរប្រមាណជាជាង ៩០ ភាគរយកំពុងស្រូបផ្សេងបារី​ពីគេនៅ​តាម​ភោជនីដ្ឋាន អាហារដ្ឋាន និង ៦០ ភាគរយ នៅតាមមធ្យោបាយធ្វើដំណើរសាធារណៈ និង ៥០ ភាគរយនៅកន្លែង​ធ្វើការ។ ការណ៍នេះគឺជាក្តីកង្វល់របស់រដ្ឋាភិបាល ដែលត្រូវដោះស្រាយជាបន្ទាន់។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល​រូប​នេះ បានស្នើឲ្យបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ ជួយផ្សព្វផ្សាយពីសារាចរណែនាំនេះ ឲ្យដល់ប្រជាជនទូទៅ ដើម្បីកាត់បន្ថយអត្រាអ្នកប្រើប្រាស់ថ្នាំជក់នៅកម្ពុជា។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត ម៉ម គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា បានថ្លែងនៅក្នុងពិធីផ្សព្វផ្សាយ​សារចរនោះថា ក្នុងមួយថ្ងៃៗប្រជាពលរដ្ឋខ្មែររាប់សិបនាក់ បានស្លាប់ដោយសារការជក់បារី និងស្រូបផ្សែងបារីពីគេ។ លោក បានអំពាវនាវឲ្យប្រជាជនខ្មែរទាំងអស់ ត្រូវចូលរួមអនុវត្តនូវសារចរណែនាំរបស់រដ្ឋាភិបាលនេះ ឲ្យបាន​ខ្ជាប់​ខ្ជួន ដើម្បីឲ្យសុខភាពរបស់ប្រជាជនកម្ពុជាមានភាពល្អប្រសើរឡើង។ ពីព្រោះថា ការប្រើប្រាស់ថ្នាំជក់បានធ្វើឲ្យ​ប្រទេស​ជាតិ​ត្រូវខាតបង់ថវិកាជាច្រើនលានដុល្លារក្នុងមួយឆ្នាំៗ។

សូមបញ្ជាក់ថា ថ្នាំជក់គឺជាមូលហេតុដែលនាំឲ្យកើតមានជំងឺមហារីក ហើយក្នុងមួយឆ្នាំៗថ្នាំជក់បានសម្លាប់ប្រជាជន​នៅលើសកលលោកចំនួន ៦ ម៉ឺននាក់ ដែលនៅក្នុងនោះអ្នកស្លាប់ដោយសារស្រូបផ្សែងបារីពីគេមានចំនួន ៦ សែន​នាក់។ ម្យ៉ាងវិញទៀត ប្រសិនបើមិនមានវិធាការទប់ស្កាត់ឲ្យមានប្រសិទ្ធិភាពជុំវិញផលិតផលថ្នាំជក់នេះទេ នៅឆ្នាំ ២០៣០ ខាងមុខ គេរំពឹងថា អត្រាអ្នកស្លាប់ដោយសារការប្រើប្រាស់ថ្នាំជក់នឹងកើនដល់ ៨ លាននាក់៕


ពិធីផ្សព្វផ្សាយការហាមប្រាមជក់ និងបង្ហុយបារី នៅកន្លែងធ្វើការនិងទីសាធារណៈ កាលពីថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ Thyrith)

-------------------------------------------------
ដោយ ជា ធីរិទ្ធ (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...