កម្ពុជា៖ តុលាការអោយ ម៉ម សុណង់ដូ ជាប់ពន្ធនាគារ២០ឆ្នាំ

ជាអ្នកទោសដ៏ល្បីឈ្មោះម្នាក់ ដែល ត្រូវតុលាការរកឃើញថា មានកំហុសចុងក្រោយគេបង្អស់ នៅក្នុងការកាន់អំណាច របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើគិតមកទល់នឹងពេលនេះ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: October 02, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សាលក្រម ដែលក្រុមអ្នកការពារសិទ្ធិមនុស្សបរិហាថា ជាការ«ជំរះបញ្ជីមានលក្ខណៈនយោបាយ»មួយ បានប្រកាស ដោយចៅក្រមសាលាដំបូង រាជធានីភ្នំពេញកាលពីថ្ងៃ ០១តុលាឆ្នាំ២០១២ បានកាត់សេចក្ដីអោយ ប្រធានវិទ្យុសំបុកឃ្មុំ មួយរូប​ អោយជាប់ពន្ធនាគារចំនួន ២០ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានរៀល។ ជាអ្នកទោសដ៏ល្បីឈ្មោះម្នាក់ ដែល ត្រូវតុលាការរកឃើញថា មានកំហុសចុងក្រោយគេបង្អស់ នៅក្នុងការកាន់អំណាច របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើគិតមកទល់នឹងពេលនេះ។


លោកម៉ម សូណង់ដូ ពេលនាំខ្លួនត្រឡប់ទៅពន្ធនាគារព្រៃសរវិញ។ រូបថត AFP។

លោកម៉ម សុណង់ដូ អាយុ៧១ឆ្នាំ ជាស្ថាបនិក និងប្រធានវិទ្យុសំបុកឃ្មុំ ដែលល្បីថា ជាអ្នកពូកែវោហាស័ព្ទ ខាងបញ្ហា សង្គម-នយោបាយ រិះគន់នយោបាយរបស់រដ្ឋាភិបាល ត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីថ្ងៃទី ១៥កក្កដា តាមការបញ្ជា របស់លោកនាយករដ្ឋមន្ត្រី  ពីបទញុះញង់អោយមានការបះបោរ ប្រឆាំងនឹងអាជ្ញាធរស្របច្បាប់របស់ប្រទេស និងមាន បំណងបង្កើតតំបន់អបគមន៍។ បទចោទប្រកាន់ទាំងនេះ បានធ្វើឡើង នៅក្រោយពេលដែល មានការងើបឡើងតវ៉ារបស់ ពលរដ្ឋអ្នករស់នៅ នៅក្នុងភូមិប្រមា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ កាលពីថ្ងៃទី ១៥ និងទី១៧ឧសភាកន្លងមកនេះ ប្រឆាំងនឹងនឹងការបណ្ដេញដោយបង្ខំ ចេញពីដីធ្លីផ្ទះសម្បែងរបស់ពួកគាត់ ដើម្បីយកដីនោះទៅដាំកៅស៊ូ ។ ការតវ៉ានេះ បានត្រូវបង្ក្រាបយ៉ាងហឹង្សា ពីកងកម្លាំងប្រដាប់អាវុធ ដែលបណ្ដាលអោយក្មេងស្រីជំទង់ម្នាក់ ត្រូវគ្រាប់កាំភ្លើងស្លាប់ ខណៈនាងកំពុងនៅក្នុងផ្ទះឈើរបស់នាង។

ឆន្ទានុសិទ្ធិ និងឯករាជ្យភាពរបស់តុលាការ

ទីភ្នាក់ងារពត៌មានបារាំង បានស្រង់សំដីលោក អ៊ូ វីរះ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបរិហាសាលក្រមនោះ​ ថាមានចរិកនយោបាយ។ លោកបញ្ជាក់ថា «គ្មានភស្ដុតាងណាមួយ បានរកឃើញថា លោកម៉ម សុណង់ដូ មានកំហុស ដូចការចោទប្រកាន់នោះទេ។»  នៅក្នុងសេចក្ដីប្រកាសពត៌មានមួយ របស់លោករូប៊ែរ អាបុត (Rupert Abbott)  អ្នកទទួល ខុសត្រូវប្រចាំទ្វីបអាស៊ីម្នាក់ មកពីអង្គការលើកលែងទោសអន្តរជាតិ (Amnesty international) បានចាត់ទុក លោកម៉ម សុណង់ដូ ថាជា«អ្នកទោសសម្បជញ្ញៈ»ម្នាក់ ហើយបានបរិហាខ្លាំងៗ ថាជា«សាលក្រមគួរអោយខ្មាសអៀនដ៏ខ្លាំង»មួយ។ លោក រូប៊ែរ អាបុត បាននិយាយាថា ប្រធានវិទ្យុសំបុកឃ្មុំរូបនេះ ត្រូវបានគេចាប់ដាក់ឃុំ ដោយសារតែគាត់ បានធ្វើ អោយគេយល់ ពីសិទ្ធិនៃការបញ្ចេញមតិ។

ពេលចេញពីជំនុំជំរះ និងបើទោះត្រូវតុលាការផ្ដន្ទាទោសក៏ដោយ ក៏លោកម៉ម សុណង់ដូ បានថ្លែងទៅកាន់អ្នកកាសែត នូវឃ្លាមួយយ៉ាងខ្លីថា «ខ្ញុំសប្បាយចិត្ត ដោយបានជួយជាតិរបស់ខ្ញុំ។» ភរិយារបស់លោកម៉ម សូណង់ដូ បានប្រាប់ទៅ អ្នកសារពត៌មាន ថាស្វាមីរបស់លោកស្រី​ នឹងប្ដឹងឧទ្ទរណ៍។ នៅក្នុងពេលប្រកាសសាលក្រមនោះ បណ្ដាជនអ្នកស្រឡាញ់ និងគាំទ្រលោកម៉ម សូណង់ដូប្រមាណជា ៤០០នាក់ បានជញ្ជូនគ្នាទៅជួបជំគ្នា នៅខាងមុខសាលាដំបូងរាជធានី ទល់នឹង កងកម្លាំងថែរក្សាសន្ដិសុខ ជាច្រើនរយនាក់ ដែលត្រូវគេដាក់ពង្រាយអោយនៅទីនោះ ដូចគ្នាដែរ។ ចរាចរណ៍នៅលើ ដងវិថីមុន្នីរ៉េត ពីរង្វង់មូលនាងគង្ហីញ ទៅដល់អាងទឹកអូឡាំពិក ត្រូវបានគេបិត។


បណ្ដាអ្នកគាំទ្រលោកម៉ម សូណង់ដូ។

សហគមអ៊ឺរ៉ុប បានបង្ហាញនូវកង្វល់របស់ខ្លួន ពីការកាត់ទោសនេះ ដែលបញ្ជាក់«ពីភាពមន្ទិលកាន់តែច្បាស់ ទៅលើ ឆន្ទានុសិទ្ធិ និងឯករាជ្យភាពរបស់ប្រព័ន្ធតុលាការ។» អ្នកការទូតម្នាក់របស់សហគមអ៊ឺរ៉ុប លោកស្រី កាតឺរីន អាស្តុន (Catherine Ashton) ​បានថ្លែង នៅក្នុងសេចក្ដីប្រកាសពត៌មានមួយថា «រដ្ឋាភិបាលមានកតពកិច្ច ក្នុងការការពារ សិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងឯករាជ្យភាព នៃប្រព័ន្ធផ្សព្វផ្សាយ។» រីឯក្រសួងការបរទេសបារាំង បាននិយាយថា បាន«រំជួលចិត្ត» នៅចំពោះមុខការដាក់ទោសនេះ ហើយអំពាវនាវអោយ អាជ្ញាធររបស់ប្រទេសកម្ពុជា «អោយធានា អោយបាន ដោយមិនតម្អក់ទុក នូវការប្ដឹងឧទ្ទរណ៍សារទុក្ខ ដើម្បីសើរើឡើងវិញពីសំនុំរឿងនេះ អោយមានលក្ខណៈ សមស្រប និងយុត្តិធម៌»

បរាជ័យ នៃស្ថាប័នយុត្តិធម៌របស់ប្រទេស

លោកម៉ម សូណង់ដូ មិនគ្រាន់តែជាប្រធានស្ថាបនិក នៃវិទ្យុសំបុកឃ្មុំរបស់លោក ប៉ុណ្ណោះទេ តែលោកក៏ជា ប្រធាន សមាគមអ្នកប្រជាធិបតេយ្យ ដ៏មានប្រជាប្រិយភាពម្នាក់ផងដែរ។ លោកធ្លាប់ត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារ  នៅ ឆ្នាំ២០០៣ និង២០០៥ រួចមកហើយ ដោយសារតែសកម្មភាពរបស់លោក មាននិន្នាការប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន។  ក្រុមអង្គការ សមាគម និងសកម្មជន ដែលធ្វើការដើម្បីការពារសិទ្ធិមនុស្ស ក្នុងប្រទេសកម្ពុជា បានកត់ សំគាល់ថា ចរន្ដនៃការរឹបអូស និងការបណ្ដេញចេញ ពីផ្ទះសម្បែងដីធ្លី ដោយបង្ខំ មានកំណើនកើនឡើង យ៉ាងខ្លាំង នៅក្នុងប្រទេស។ ពួកគេបានបន្ថែមថា សាលក្រមដែលសម្រេចក្ដី ដាក់ទោសលើប្រធានវិទ្យុសំបុកឃ្មុំមួយនេះ វាបាន បញ្ជាក់អោយកាន់តែច្បាស់ថែមទៀត ពីប្រតិកម្មឆ្លើយតបរបស់រដ្ឋាភិបាល ទៅលើពលរដ្ឋអ្នករងគ្រោះ និងភាពអាស្រូវ យ៉ាងជូចត់ នៃប្រព័ន្ធតុលាការខ្មែរ៕

----------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ០២ ខែតុលា ឆ្នាំ២០១២
ប្រភព៖ ទីភ្នាក់ងារពត៌មានបារាំង អាហ្វេប៉េ (AFP)
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...