ឈូក បណ្ឌិត ត្រូវបានតុលាការខេត្តស្វាយរៀង លើកលែងការចោទ
ភ្នំពេញ៖លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ត្រូវបានសម្រេច លើកលែង ការចោទប្រកាន់ កាលពីសប្តាហ៍កន្លងមកនេះ ដោយសំអាងថា គ្មានភស្ដុតាង គ្រប់គ្រាន់ដើម្បី ចោទប្រកាន់។ លោក ឈូក បណ្ឌិត បានជាប់ចោទក្នុងរឿង បាញ់ស្ត្រីកម្មករ ៣នាក់ ឲ្យរបួសធ្ងន់ នៅពេលក្រុមកម្មករ ធ្វើការតវ៉ាក្នុង តំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន នៅទីក្រុងបាវិត ជាប់ព្រំដែនវៀតណាម កាលពី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ ។ ក្រោយមកប៉ូលិសក្រសួងមហាផ្ទៃ បានបញ្ជូនសំណុំរឿងទៅកាន់តុលាការ ខេត្តស្វាយរៀង ។ តុលាការក៏បានចោទប្រកាន់លោក ឈូក បណ្ឌិត ពីបទបង្ករបួសស្នាម ដោយអចេតនា។ ដោយចាប់តាំងពីថ្ងៃកើតហេតុមក លោក មិនត្រូវបានឃុំខ្លួនឡើយ។
លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត។ រូបថត VOA។
លោក មឿន តុលា ប្រធានផ្នែកសិទ្ធិការងារ របស់មជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ លោកបានលើកឡើងថា តុលាការមានឆន្ទានុសិទ្ទិ ក្នុងការសំរេច ផ្អែកតាម ការស៊ើបអង្កេត ។ លោកបន្តថាករណីនេះ ជាបទល្មើសជាក់ស្តែង នគរបាលមានសិទ្ទិចាប់ជននោះតែម្តង តែអាជ្ញាធរមិនបានអនុវត្តឡើយ ។ ហើយក្រោយមកជនដៃដល់ (លោក ឈូក បណ្ឌិត) ត្រូវបានដកហូតតំណែង និងបញ្ជូនទៅតុលាការ (...)។ លោកសង្កត់ធ្ងន់ពីការព្រួយបារម្ភ ចំពោះបញ្ហានីទណ្ឌភាព ដោយហេតុកម្ពុជាសព្វថ្ងៃ កំពុងរងនូវការរិះគន់ ថាប្រពន្ធ័តុលាការមិនមានយុត្តិធម៌ មិនមានឯករាជ្យ ទទួលរងនូវសម្ពាធ នយោបាយ ។ លោកបានលើកឡើងថា៖ «ទាំងអ្នកវិនិយោគ ទាំងបណ្តាក្រុមហ៊ុន មានការព្រួយបារម្មណ៍ ដោយជនដៃដល់មិនបានកាត់ទោស ហើយចាប់អ្នកបាញ់សប្បនិម្មិតដាក់ទោស ដែលជាបញ្ហាបង្កើតឲ្យមាននីទណ្ឌភាព និងការបាញ់បោះ បែបអាណាជិបតេយ្យ»។
«មកពីចៅក្រម ឬមកពីច្បាប់?»
ឯលោកស្រី ជា វណ្ណាត អ្នកវិភាគឯករាជ្យ បានលើកឡើងថា ករណីនេះមិនដឹងថាលោក ព្រះរាជអាជ្ញា មានមនុស្សធម៌ ឬធ្វើតាមច្បាប់យ៉ាងណានោះទេ តែលោកស្រី បានធ្វើការប្រៀបធៀបថា ករណីលោក ម៉ម សូណង់ដូ បើលោកព្រះរាជអាជ្ញានោះ ជាអ្នកធ្វើអង្កេតវិញ ប្រហែលជាឲ្យលោក ម៉ម សូណង់ដូ រួចខ្លួនហើយ។ លោកស្រីមិនយល់ ព្រោះមិនដឹងថាមកពីចៅក្រម ឬមកពីច្បាប់ បានជាលោក ឈូក បណ្ឌិត ធ្វើឲ្យគេរងរបួស បែជារួចខ្លួន ឯអ្នកដែលមិនបានធ្វើឲ្យអ្នកណារងរបូសម្នាក់ផង បែរជាមានទោស។
ករណីនេះ លោកមេធាវី ហុង គឹមសួន ប្រធានក្រុមមេធាវី នៃអង្គការស៊ីឌីភី (CPD ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា) លើកឡើងថា វា ជារឿងជាក់ស្តែងមួយ ដែលជនសង្ស័យបានប្រើប្រាស់ ដល់អាវុធជាតិផ្ទុះ បណ្តាលឲ្យមានរបួស ទោះមិនដល់ស្លាប់ក្តី។ លោកបន្ត «មានការរើសអើងខ្លាំង តាមច្បាប់ត្រូវមាន ការចាប់ខ្លួនភ្លាម តែនេះជាអំណាចឆន្ទានុសិទ្ធិ របស់ចៅក្រម បើចៅក្រមនៅតែបន្ត ប្រើអំណាចឆន្ទានុសិទ្ធិ ដោយក្បត់ឆន្ទះ ក្បត់មនសិកាខ្លួនឯង នោះនាំឲ្យ ប្រជាជនអស់ជំនឿ ទៅលើតុលាការ »។
- សូមអានអត្ថបទមុនរបស់មនោរម្យព័ងអាំងហ្វូ ដែលនិយាយវិភាគពី ឆន្ទានុសិទ្ធិ របស់ចៅក្រមកម្ពុជា (ចុចលើទីនេះ) និងអត្ថបទវិភាគ ស្ដីពី មូលហេតុទាំង៥ និងផលប៉ះពាល់ នៃនីទណ្ឌភាពនៅកម្ពុជា (ចុចលើទីនេះ)។
ឯព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តស្វាយរៀង លោក ហ៊ីង ប៊ុនជា បានប្រាប់អ្នកកាសែត កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១២ ថា តាមរយៈការស៊ើបអង្កេត របស់តុលាការ និងវត្ថុតាង ពុំមានគ្រប់គ្រាន់ ដើម្បីដាក់សំអាង ចោទលើលោក ឈូក បណ្ខិត ទេ។ ដូច្នេះលោកបានសម្រេចលើកលែង ការចោទប្រកាន់ លើអតីតអភិបាលក្រុង បាវិត កាលពីសបា្តហ៍មុន៕
---------------------------------------------------------
ដោយៈ ភ្នំធំ - ភ្នំពេញថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ