ចៅក្រម៩រូបជាអ្នកសម្រេចករណីរំលាយ CNRP ក្នុងនោះ៥រូបមកពី CPP
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៥ វិច្ឆិកា ២០១៧
- កែប្រែចុងក្រោយ: November 15, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ចៅក្រមទាំង ៩ រូប រួមមាន លោក ឌិត មន្ទី ប្រធានតុលាការកំពូល និងសមាជិក ៨ រូប ផ្សេងទៀត មានលោក ជីវ កេង - លោក ឃឹម ប៉ុណ្ណ - លោក យូរ ឧត្តរា - លោក គង់ ស្រ៊ីម -លោក គង់ តារាឆាត - លោក សេង នាង - អ្នកស្រី សែម សក្កិកូឡា និងអ្នកស្រី ចាំង ស៊ីណាត។ ចំណែកអគ្គព្រះរាជអាជ្ញា គឺអ្នកស្រី ជា លាង។ នេះ បើតាមលោក នៅ មុនីជោត អ្នកនាំពាក្យតុលាការកំពូល ដែលត្រូវបានស្រង់សំដី ដោយសារព័ត៌មានភ្នំពេញប៉ុស្ដ៍។
នៅក្នុងបញ្ជីសមាជិកគណបក្សប្រជាជនកម្ពុជា លោក ឌិត មន្ទី គឺជាសមាជិកជាន់ខ្ពស់ម្នាក់ នៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មការប្រចាំការ និងគណៈកម្មការកណ្ដាលរបស់គណបក្ស។ ខណៈលោក ឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល ក៏ជាសមាជិកមួយរូប នៃគណកម្មាធិការកណ្តាល របស់គណបក្សកាន់អំណាចមួយនេះដែរ។
រីឯលោក ជីវ កេង អនុប្រធានតុលាការកំពូល ត្រូវបានគេស្គាល់ថា ជាប្រធានក្រុមការងារ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីចុះ«ពង្រឹងមូលដ្ឋាន» នៅក្នុងខេត្តតាកែវ។ អ្នកស្រី សែម សក្ដិកូឡា និងអ្នកស្រី ចាំង ស៊ីណាត ក៏ធ្លាប់មានឈ្មោះ នៅក្នុងសមាជិកក្រុមការងារ របស់គណបក្សប្រជាជនកម្ពុជា នៅខេត្តតាកែវដូចគ្នាដែរ។
ដោយឡែក អ្នកស្រីអគ្គព្រះរាជអាជ្ញា ជា លាង វិញ ដែលមានតំណែងជាព្រះរាជអាជ្ញា អមសាលាក្ដីវិសាមញ្ញ ដើម្បីកាត់ទោសមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ដែរនោះ ត្រូវបានគេស្គាល់ ថាជាមន្ត្រីម្នាក់ ដែលមានជំហរការពារយ៉ាងមុតមាំ នយោបាយរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលមិនចង់ឲ្យមានជនជាប់ចោទផ្សេង ក្រៅពី នួន ជា - អៀង សារី (ស្លាប់) - ខៀវ សំផន - អៀង ធីរិទ្ធ (ស្លាប់) និង កាំង ហ្កេចអ៊ាវ ហៅឌុច មេគុកទួលស្លែង នោះឡើយ។ កាលពីពេលថ្មីៗនេះ នៅក្នុងសំនុំរឿងព្រំដែន កម្ពុជា-ឡាវ អ្នកស្រី ជា លាង ធ្លាប់បានថ្លែងកោតសរសើលោក ហ៊ុន សែន ថាមានភាពវៃឆ្លាត ទាំងផ្នែកនយោបាយ ការទូត និងយោធា គ្មានអ្នកនយោបាយណា អាចមកប្រកួតប្រជែងបានឡើយ៕