ឃាត់ខ្លួន ញឹក ប៊ុនឆៃ៖ ដីកាបញ្ជាក់ថា សំនុំរឿងកើតឡើងតាំងពី១០ឆ្នាំមុន
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ សីហា ២០១៧
- កែប្រែចុងក្រោយ: August 03, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការឃាត់-នាំខ្លួនអតីតឧត្ដមសេនីយ៍យោធា លោក ញឹក ប៊ុនឆៃ ដែលបានរងការចោទប្រកាន់ ពីគណបក្សប្រជាជនកម្ពុជា ថាបាន«ក្បត់សម្ព័ន្ធភាព» ទៅចូលរួមជាមួយគណបក្សប្រឆាំងនោះ ត្រូវបានធ្វើឡើង ក្នុងរសៀលថ្ងៃនេះ ក្រោមបទសង្ស័យនៅក្នុងសំនុំរឿងមួយ ដែលបានកើតឡើង តាំងពី១០ឆ្នាំមុន។ នេះ បើគេយោងតាមដីកាឲ្យនាំខ្លួន ចេញដោយលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
ដីកាចុះថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧នេះ បានសរសេរបញ្ជា ឲ្យលោក ញឹក ប៊ុនឆៃ បង្ហាញខ្លួននៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានី «ដើម្បីសាកសួរពីដំណើររឿង សមគំនិត ពីបទផលិតគ្រឿងញៀនខុសច្បាប់ និង នាំចូលសរធាតុផ្សំគ្រឿងញៀន ប្រព្រឹត្តនៅចំណុចភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០០៧»។
បើតាមដីកាដដែលនោះ បានឲ្យដឹងទៀតថា សំណុំរឿងព្រហ្មទណ្ឌ ដែលទំនងជាជាប់ពាក់ព័ន្ធ នឹងលោក ញឹក ប៊ុនឆៃ ក៏ទើបត្រូវបានបង្កើតថ្មី នៅថ្ងៃទី១ ខែសីហានេះប៉ុណ្ណោះ ខណៈដីកាបញ្ជូន របស់អយ្យការអមសាលាដំបូងរាជធានី ត្រូវបានធ្វើឡើង នៅថ្ងៃទី២ ខែសីហាម្សិលម៉ិញ។
សូមរំលឹកឡើងវិញថា កាលពីឆ្នាំ២០០៧ ក្រុមអាជ្ញាធរ បានចុះបង្ក្រាបទីតាំង ផលិតគ្រឿងញៀនមួយ ស្ថិតក្នុងឃុំ ត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រង់ចំណុចគីឡូម៉ែត្រលេខ៨១-៨២។ ក្នុងការចុះបង្ក្រាបនោះ ជនជាតិថៃ១នាក់ ចិន១នាក់ និងខ្មែរពីរនាក់ ក្នុងមានឈ្មោះ ជា ជុង ដែលជាម្ចាស់ទីតាំងដី ទំហំ៥ហិចតាខាងលើ ត្រូវបានឃាត់ខ្លួន។
ទីប្រឹក្សាដ៏មានមន្ទិល...
សារព័ត៌មានក្នុងស្រុកមួយចំនួន ដែលស្និតនឹងរដ្ឋាភិបាល និងគណបក្សកាន់អំណាច បានអះអាងថា លោក ជា ជុង ធ្លាប់ជាទីប្រឹក្សារបស់លោក ញឹក ប៊ុនឆៃ។ សារព័ត៌មានមួយ បានរំលឹករឿងរ៉ាវនេះមកវិញថា នៅពេលនោះ ក្រុមសមត្ថកិច្ចប្រឆាំងគ្រឿងញៀនបានរកឃើញ វត្ថុធាតុដើមសំរាប់ផលិតគ្រឿងញៀនជាច្រើន ហើយគេក៏បានឃើញ រថយន្តកាមរីពណ៌ស ដាក់ស៊ីរ៉ែន ពាក់ស្លាកលេខរដ្ឋ ដែលគេដឹងថា រថយន្តស៊ីរ៉ែន សំរាប់បើកនាំមុខក្បួនរថយន្ត របស់លោក ញឹក ប៊ុនឆៃ ចតនៅទីនោះដែរ។
ក្នុងខែមករា ឆ្នាំ២០០៨ កន្លងទៅ លោក ជា ជុង ត្រូវបានសាលាដំបូងរាជធានី ប្រកាសសាលក្រមផ្តន្ទាទោស ឲ្យជាប់គុក ២៥ឆ្នាំ និងផាកពិន័យចំនួន ១លានរៀល ស្មើនឹង ២៥០ដុល្លារអាមេរិក។ លោក ជា ជុង និងជនសង្ស័យដទៃទៀត ត្រូវបានតុលាការរកឃើញ ថាពិតជាបានផលិត និងជួញដូរគ្រឿងញៀន ចេញពីមូលដ្ឋានខាងលើ។
បន្ទាប់មក នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១១ តុលាការកំពូលបានប្រកាសតម្កល់សាលក្រម របស់តុលាការជាន់ក្រោមទាំងពីរថ្នាក់ គឺសាលាឧទ្ធរណ៍ និងសាលាដំបូង ទុកជាបានការ ហើយលោក ជា ជុង និងមនុស្សដទៃទៀត បានជាប់ពន្ធនាគារ មកទល់នឹងថ្ងៃនេះ។ តែរាប់ចាប់តាំង ពីឆ្នាំ២០០៧ មកដល់ឆ្នាំ២០១១ គ្មានសារព័ត៌មានណាមួយ រាយការណ៍ឲ្យដឹងថា លោក ជា ជុង ជាទីប្រឹក្សារបស់លោក ញឹក ប៊ុនឆៃ ទេ៕
» ដីការឲ្យបង្ហាញខ្លួនលោក ញឹក ប៊ុនឆៃ ចេញថ្ងៃនេះ ដោយលោក សៀង សុខ ព្រះរាជអាជ្ញារង៖