ព័ត៌មាន​ផ្លូវការ៖ ណីម៉ា ក្លាយ​ជា​កីឡាករ​របស់​ក្រុម​ប៉ារីស សម្រាប់​៥ឆ្នាំ

ក្រុមបាល់ទាត់ «PSG» នៃរដ្ឋធានីប៉ារីស (បារាំង) បានប្រកាសជាផ្លូវការ ពីការចុះហត្ថលេខា ទៅលើកិច្ចសន្យារវាងក្រុម និងកីឡាករអន្តរជាតិ មកពីប្រទេសប្រេស៊ីល កីឡាករ ណីម៉ា (Neymar) សម្រាប់រយៈពេល៥ឆ្នាំ។ អតីតកីឡាកររបស់ក្រុមបាសឺឡូន (FC Barcelone) រូបនេះ បានក្លាយជាកីឡាករ ដែលមានតម្លៃថ្លៃជាងគេបំផុត នៅក្នុងប្រវត្តិបាល់ទាត់ពិភពលោក។
ព័ត៌មាន​ផ្លូវការ៖ ណីម៉ា ក្លាយ​ជា​កីឡាករ​របស់​ក្រុម​ប៉ារីស សម្រាប់​៥ឆ្នាំ
កីឡាករ ណីម៉ា បានក្លាយជាកីឡាកររបស់ក្រុមប៉ារីសជាផ្លូវការហើយ។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ សីហា ២០១៧
  • កែប្រែចុងក្រោយ: August 04, 2017
  • ប្រធានបទ: ផ្ទេរកីឡាករ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅទីបំផុត កីឡាករ ណីម៉ា (NeyMar) បានក្លាយជាកីឡាករ របស់ក្រុមប៉ារីស សាំងហ្សែរម៉ាំង (Paris Saint-Germain - PSG) ជាផ្លូវការហើយ!

កីឡាករទើបនឹងចុះហត្ថលេខា ក្នុងរយៈពេល៥ឆ្នាំ ជាមួយក្រុមបាល់ទាត់ នៃរដ្ឋធានីប៉ារីស (ប្រទេសបារាំង) នៅមុននេះបន្តិច បន្ទាប់ពីពាក្យចចាមអារាម បានពន្លេចពី«ការផ្ទេរប្រចាំសតវត្សន៍»នេះ ត្រូវបានឲ្យដឹង តាំងពីច្រើនសប្ដាហ៍មកហើយ និងបន្ទាប់ពីបានទូទាត់សំណងនូវទឹកប្រាក់ ២២២លានអ៊ឺរ៉ូ កាលពីរសៀលថ្ងៃនេះ ដើម្បីរំលោះកិច្ចសន្យាដែលកីឡាករ បានចុះហត្ថលេខាជាមួយក្រុមបាសឺឡូន (FC Barcelone)។

កីឡាករអាយុ២៥ឆ្នាំ នឹងបង្ហាញខ្លួន នៅក្នុងសន្និសីទកាសែត ក្នុងថ្ងៃសុក្រនេះ វេលាម៉ោង១៣។ កីឡាករ ណីម៉ា នឹងបង្ហាញខ្លួន ជាសាធារណៈ សម្រាប់អ្នកគាំទ្រ ក្នុងថ្ងៃសៅរ៍ វេលាម៉ោង១៥ និង៤៥នាទី នៅមុនការប្រកួតបើករដូវកាល ដែលក្រុមប៉ារីស ត្រូវជួបជាមួយក្រុម «Amiens» នៅម៉ោង១៧ ល្ងាចថ្ងៃដដែល។ (បញ្ជាក់៖ ម៉ោងដែលជម្រាបជូននេះ សុទ្ធសឹងជាម៉ោងនៅក្នុងប្រទេសបារាំង)

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយក្រុមប៉ារីស អតីតកីឡាកររបស់ក្រុម បាសឺឡូន រូបនេះ បានបន្លឺពាក្យពេជន៍ដំបូងរបស់ខ្លួនថា៖ «ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ដែលបានចូលរួមជាមួយក្រុម ប៉ារីស សាំងហ្សែរម៉ាំង។ តាំងពីខ្ញុំ បានមកដល់ទ្វីបអ៊ឺរ៉ុបដំបូង រហូតមកដល់បច្ចុប្បន្ន ក្រុមបាល់ទាត់មួយនេះ បានក្លាយជាក្រុមមួយ ដែលមានការប្រកួតប្រជែងដ៏ខ្លាំងក្លា និងពោរពេញដោយមហិច្ឆតា ដ៏ធំបំផុត។ ការចូលប្រកួត នៅក្នុងវិញ្ញាសារដ៏ធំជាងគេបង្អស់ (ដូចជានៅក្នុងជើងឯកអ៊ឺរ៉ុបជាដើម) បានជំរុញឲ្យខ្ញុំ ចូលរួមជាមួយ​មិត្តរួមក្រុមថ្មីៗរបស់ខ្ញុំ ដើម្បីជួយឲ្យក្រុម ឈ្នះពានរង្វាន់ ដែលក្រុមអ្នកគាំទ្រទាំងឡាយ កំពុងសុបិន្ដចង់បាន។ មហិច្ឆតារបស់ក្រុមប៉ារីស ក៏ដូចជាជម្នក់ចិត្ត និងសក្ដានុពល  បានអង្រួនបេះដូងខ្ញុំ។»។

 

ចំណែកឯប្រធានក្រុមបាល់ទាត់ លោក «Nasser Al-Khelaïfi» បានថ្លែងនៅក្នុង​សេចក្ដីប្រកាសព័ត៌មាន ដដែលនោះដែរថា៖ «ជាមួយនឹងក្ដីអំណរ ដ៏ធំធេង និងមោទនភាពក្រៃលែង ដែលយើងបើកដៃទទួលកីឡាករ ណីម៉ា នៅក្នុងក្រុម ប៉ារីស សាំងហ្សែរម៉ាំង។ ណីម៉ា ជាកីឡាករមួយរូប ពីក្នុងចំណោមកំពូលកីឡាករផ្សេងទៀត នៅក្នុងពិភពលោក។ ជម្រៅចិត្តរបស់កីឡាករ ដែលតែង​ចង់បាន​ជ័យជំនះ ចរិយាសម្បត្តិដ៏ប្រពៃ និងភាពជាអ្នកដឹកនាំ របស់កីឡាករម្នាក់នេះ បានធ្វើឲ្យរូបគេ ក្លាយជាកំពូលកីឡាករ ដែលក្រុមប៉ារីស ត្រូវការ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...