ក្រសួងការងារ ILO និងសហជីព កំពុងធ្វើសិក្ខាសាលា ជជែករឿងប្រាក់ឈ្នួលអប្បបរិមា
- ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ១៧ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 18, 2014
- ប្រធានបទ: វិបត្តិកម្មករ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សិក្ខាសាលា ពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា បានរៀបចំឡើងនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៤ ដែលមានរយៈពេលពេញមួយថ្ងៃ។ វត្តមាននៅក្នុងសិក្ខាសាលានេះ លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករ (CUMW) បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «ទូរលេខដែលយើងដាក់ ១៧៧ដុល្លា គឺជាលេខដែលយើង ដាក់ធ្វើការចរចា។ មានន័យថា យើងស្នើរឡើងដោយភាគីកម្មករ ដូច្នេះហើយលេខនេះមិនមែនជាលេខឈរទេ មានន័យថាវាជាលេខដែលអាចបត់បែនបាន ហើយលេខនេះ គឺយើងត្រៀមខ្លួនក្នុងការចរចារ។»
ច្រើនឆ្នាំកន្លងមក កម្មកររោងចក្រកាត់ដេរ ក្នុងប្រទេសកម្ពុជាជាច្រើនរយនាក់ បានដួលសន្លប់ និងធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ ដោយសារបញ្ហាសុខភាព បណ្តាលមកពីប្រាក់ឈ្នួលតិច ការហូបចុកមិនបានគ្រប់គ្រាន់ ការទទួលដំណេក និងសម្រាកមិនគ្រប់គ្រាន់ ដោយសារត្រូវបង្ខំចិត្តធ្វើការបន្ថែមម៉ោងច្រើន។
លោក ប៉ាវ ស៊ីណា បានបន្តទៀតថា៖ «ប្រសិនបើយើងជំរុញឲ្យប្រាក់ឈ្នួលកម្មករ ស្ថិតក្នុងជីវភាពមួយសមរម្យ អាចទទួលយកបាន មានន័យថា គាត់អាចកាត់បន្ថយនូវករណីសន្លប់បាន»។
ស្របនឹងគ្នានោះដែរ លោក អ៊ិត សំហេង រដ្ឋបន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា បញ្ហាប្រាក់ឈ្នួល នឹងមានការតម្លើងជារាងរាល់ឆ្នាំ។ ក្នុងមួយឆ្នាំម្តង នឹងមានការពិភាក្សាគ្នា ហើយនៅពេលដែលមានការពិភាក្សាម្តងៗ ការបូកបន្ថែម ពិតជាត្រូវមាន ក្នុងអត្រាមួយ ដែលរោងចក្រអាចអនុវត្តបាន និងនៅតែមាននិរន្តរភាព។ បងប្អូនកម្មករ នៅតែមានការងារធ្វើ ហើយប្រាក់ឈ្នួលកាត់តែប្រសើរឡើងទៀត។
គួបញ្ជាក់ថា នៅថ្ងៃទី ១៧ ខែកញ្ញានេះដដែល ក្រុមកម្មកររោងចក្រជាង ៣០០រោងចក្រ បានធ្វើយុទ្ធនាការទូទាំងប្រទេស ដើម្បីទាមទារប្រាក់ឈ្នួល១៧៧ដុល្លាក្នុងមួយខែ ហើយយុទ្ធនាការនេះធ្វើសំរាប់តែថ្ងៃទី១៧ ខែកញ្ញានេះមួយថ្ងៃទេ ដែលប្រើរយៈពេល ត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ ក្នុងវេលាដែលកម្មករឈប់សំរាកពិសារអាហារថ្ងៃត្រង់។
ប្រធានសហព័ន្ធសហជីព ចលនាកម្មករ លោក ប៉ាវ ស៊ីណា បានពន្យល់ទៀតថា៖ «ការប្រកាសលទ្ធផល នៃការពិភាក្សាក្នុងខែនេះ គឺក្នុងចន្លោះខែ ១០។ ដូច្នេះហើយសហជីពយើង គ្រោងនឹងមានការជួបជុំកម្មករនៅមុនខែ១០ ដើម្បីបង្ហាញសារទៅកាន់ក្រសួងពាក់ព័ន្ធថា យើងត្រូវការប្រាក់ឈ្នួល ដែលអាចទទួលយកបាន។ ដូច្នេះប្រសិនបើលទ្ធផលការប្រកាសរបស់ក្រសួង ក្នុងកម្រិតទាបដែលយើងមិនអាចទទួលយកបាន បានន័យថា អ្វីដែលយើងជួបជុំ គឺជាសារមួយចុងក្រោយហើយ ថាយើងនិងធ្វើអី។»៕