បក្សសង្គ្រោះជាតិ គ្រោងកែច្បាប់កំណត់ប្រាក់ឈ្នួលអប្បបរិមា ១៥០ដុល្លារ
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៧ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 18, 2014
- ប្រធានបទ: វិបត្តិកម្មករ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្របពេលដែលបញ្ហាប្រាក់ឈ្នួល១៧៧ដុល្លានេះ កំពុងក្លាយជាប្រធានបទថ្មី សម្រាប់ក្រុមកម្មកនិយោជិត និងនិយោជក រួមទាំងភាគីរដ្ឋាភិបាលកំពុងប្រឈមមុខយក្យដាក់គ្នានោះ មន្រ្តីនៃគណបក្សសង្គ្រោះជាតិ (CNRP) បានប្រកាសជាផ្លូវការថា ក្រុមខ្លួននឹងធ្វើវិសោធនកម្មច្បាប់ការងារ កំណត់ប្រាក់បៀវត្សន៍អប្បបរិមាតិចបំផុត ត្រឹម១៥០ដុល្លារ សម្រាប់កម្មករ និយោជិកក្នុងវិស័យកាត់ដេរ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ នៅចំពោះអ្នកសារព័ត៌មាន បានធ្វើការកត់សម្គាល់ថា បើធៀបទៅនឹងប្រទេសជិតខាងប្រាក់ខែកម្មករនៅកម្ពុជា ពិតជាមានកម្រិតទាបជាង ព្រោះតែបញ្ហាពុករលួយ បក្សពួកនិយម និងភាពទន់ខ្សោយនៃប្រព័ន្ធតុលាការ លើបុគ្គលមានអំណាចមួយចំនួន។
លោក សុវណ្ណ បានបន្តដូច្នេះថា៖ «គណបក្សសង្គ្រោះជាតិ នឹងធ្វើការតស៊ូមតិបន្តទៀត គឺពិនិត្យ ពិចារណា ទៅលើការធ្វើ វិសោធនកម្មច្បាប់ការងារ ដែលកំណត់ប្រាក់បៀវត្សរ៍អប្បបរិមាយ៉ាងតិច ១៥០ដុល្លារ។ ហើយទន្ទឹមនឹងនេះ យើងនឹងជួយបរិយាកាសផ្នែកវិនិយោគទុន ធ្វើយ៉ាងណាទប់ស្កាត់អំពើពុករលួយ ពោល គឺជំរុញឲ្យមានការគោរពច្បាប់ ត្រឹមត្រូវ។»។
ការថ្លែងរបស់មន្ត្រីគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រខាងលើ បានធ្វើឡើងស្របពេលដែលថ្ងៃទី១៧ ខែកញ្ញា នេះ ជាថ្ងៃបើកយុទ្ធនាការទាមទារប្រាក់ខែគោល ១៧៧ដុល្លារ របស់ក្រុមសហជីព និងកម្មករ នៅតាមបណ្តារោងចក្រនានា នៅទូទាំងប្រទេស។ ពួកគេបានធ្វើយុទ្ធនាការនេះ តែក្នុងរយៈពេលកន្លះម៉ោង នាពេលសម្រាកអាហាថ្ងៃត្រង់ប៉ុណ្ណោះ។ ដោយឡែក តំណាងរបស់សហជីព ក៏កំពុងចូលជួបប្រជុំជាមួយ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីដោះស្រាយពីបញ្ហាប្រាក់ឈ្នួល១៧៧ដុល្លានេះដែរ។
នៅឯខេត្តព្រៃវែងឯណោះវិញ ក្នុងថ្ងៃទី១៧ ខែកញ្ញានេះ បុគ្គលិកពីររូប នៃសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូ (CCAWDU) លោក សុត សៀម និង លោក ឃុន សុខុម ត្រូវបានក្រុមអាជ្ញាធរធ្វើការឃាត់ខ្លួនបញ្ជូនទៅ សាលាស្រុកកំចាយមារ ស្របពេលដែលក្រុមខ្លួន និងកម្មករផ្សេងទៀតកំពុងធ្វើកូដកម្ម។
ចំពោះការលើកឡើងរបស់គណបក្សសង្គ្រោះជាតិខាងលើ នៅមិនទាន់ឃើញប្រតិកម្មតប ពីខាងរដ្ឋាភិបាល ឬពីខាងនយោជកនៅឡើយ រហូតមកដល់រសៀលថ្ងៃដដែលនេះ។
សូមបញ្ជាក់ដែរថា តំណាងសហជីពបានប្រកាសថា នឹងអាចទទួលយកបាន ល្គឹកណាកម្មករកាត់ដេរទាំងអស់ មានប្រាក់ខែយ៉ាងហោចណាស់ ត្រឹម១៥០ដុល្លារ។ ឯភាគីនិយោជក អាចបន្ថែមត្រឹមតែ១០ ទៅ ១៥ដុល្លារ លើប្រាក់ឈ្នួលបច្ចុប្បន្ន១០០ដុល្លារ ក្នុងមួយខែប៉ុណ្ណោះ។ គាំទ្រនឹងការលើកឡើង របស់និយោជក ក្រសួងការងារប្រកាសថា ប្រាក់ឈ្នួលប្រចាំខែនោះ អាចដំឡើងបានត្រឹមតែ១១០ ដុល្លារ។
តែយ៉ាងណាក៏ដោយ ទាំងអង្គការសង្គមស៊ីវិល ទាំងសហជីព ទាំងក្រសូងស្ថាប័នពាក់ព័ន្ធ បានសម្ដែងក្ដីសង្ឃឹមថា នាខែតុលាខាងមុខនេះ ប្រាក់ឈ្នួលអប្បបរមា របស់កម្មករក្នុងវិស័យឧស្សាហកម្មវាយនភ័ណ្ឌ នឹងត្រូវបានកំណត់ ឲ្យចេញរូបរាងជាផ្លូវការ៕