បែកធ្លាយឈ្មោះសមាជិកទាំង៩ របស់ គ.ជ.ប ថ្មី
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៣ មេសា ២០១៥
- កែប្រែចុងក្រោយ: April 03, 2015
- ប្រធានបទ: បោះឆ្នោត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មកទល់នឹងថ្ងៃទី៣ ខែមីនានេះ បេក្ខជនទី៩ របសប់ គ.ជ.ប ត្រូវបានគណបក្សសង្គ្រោះជាតិ បានទទួលយកបេក្ខភាព នាយកប្រតិបត្តិនៃអង្គការនិកហ្វិក លោក ហង្ស ពុទ្ធា ជាផ្លូវការហើយ ក្នុងកិច្ចប្រជុំបន្ទាន់ របស់គណកម្មការនាយក នៃ គណបក្សនេះ កាលពីរសៀលថ្ងៃទី២ ខែមេសា ម្សិលម៉ិញនេះ។
ការទទួលយកបេក្ខភាព លោក ហង្ស ពុទ្ធា ដោយគណបក្សសង្គ្រោះជាតិនេះ បន្ទាប់ពីមានការព្រមាន ដោយពាក្យសម្តី ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មុននេះមួយថ្ងៃ ពីខេត្តស្ទឹងត្រែង ថាគណបក្សប្រជាជនកម្ពុជា ទទួលយកបេក្ខភាពទី៩ របស់ គ.ជ.ប ដែលមកពីសង្គមស៊ីវិល តែម្នាក់គត់ គឺលោក ហង្ស ពុទ្ធា។ លោកនាយករដ្ឋមន្រ្តីថា បើគណបក្សសង្គ្រោះជាតិ មិនទទួលយកបេក្ខភាព លោកហង្ស ពុទ្ធា ទេ មានន័យថា គណបក្សទាំងពីរ នឹង«មិនត្រូវរ៉ូវ»គ្នាឡើយ ហើយលោកនឹងដាក់ គ.ជ.ប ចាស់ នៅបន្តដំណើរការរបស់ខ្លួន ទៅមុខទៀត។
ដូច្នេះ បេក្ខភាពទី៩ (១) ត្រូវបានដឹងហើយ ក្នុងពេលនេះ បន្ទាប់ពីលោក ហង្ស ពុទ្ធា បានដាក់ពាក្យចូលជាសមាជិក គ.ជ.ប នេះរួចរាល់ (កាលពីថ្ងៃទី៣១ ខែមីនា នៅឯវិមានរដ្ឋសភា)។ រីឯសមាសភាព ដែលជាសមាជិក គ.ជ.ប ថ្មីនេះ ចំនួន៨រូបទៀត នៅមិនទាន់បានបង្ហាញ សមាសភាព ជាផ្លូវការនៅឡើយ៖ ក្នុងនោះមាន៤រូប ត្រូវបានជ្រើសតាំងដោយ គណបក្សប្រជាជនកម្ពុជា (ឬគណបក្សសម្លេងភាគច្រើន) និង៤រូប មកពីគណបក្សសង្គ្រោះជាតិ (គណបក្សសម្លេងភាគតិច)។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីលោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាបានទេ នាព្រឹកនេះ ដោយសម្លេងបញ្ជាក់ពីខ្សែរទូរស័ព្ទលោក ថាជាប់រវល់។ តែតាមការបញ្ជាក់ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១ ខែមេសា នេះថា បេក្ខភាពដែលបានដាក់ពាក្យ ទៅកាន់រដ្ឋសភា សុំជាសមាជិក គ.ជ.ប នោះមានចំនួនច្រើន ជាង៥០រូបហើយ ក្នុងនោះមានតែ៤រូបទេ ដែលមកពីគណបក្សប្រជាជនកម្ពុជា ហើយភាគច្រើន មកពីគណបក្សសង្គ្រោះជាតិ។ លោកក៏មិនបានបញ្ជាក់ថា តើបេក្ខភាពទាំង៤ ដែលជ្រើសរើស ដោយគណបក្សប្រជាជននោះ ជានរណាឡើយ។ តែតាមអ្វី ដែលលោកបានអះអាង ទំនងជាសមាជិក នៃក្រុមការងារទាំងបួន របស់ក្រុមចរចារកិច្ចការបោះឆ្នោត នាពេលកន្លងមក។
បើតាមប្រភពដែលស្និទ្ធិ នឹងគណបក្សសង្គ្រោះជាតិ បានបង្ហើបថា សហប្រធានក្រុមការងារបច្ចេកទេស នៃក្រុមកំណែទម្រង់ការបោះឆ្នោត លោក គួយ ប៉ុនរឿន ជាបេក្ខភាពទីមួយ មកពីគណបក្សសង្គ្រោះជាតិ នឹងជាសមាសភាពសមាជិកម្នាក់ (២) នៃសមាជិក គ.ជ.ប ថ្មី។ ឯខាងគណបក្សប្រជាជនកម្ពុជា មានលោក ប៊ិន ឈិន ជាសហប្រធាន ក្រុមការងារបច្ចេកទេស នៃក្រុមកំណែទម្រង់ការបោះឆ្នោតដូចគ្នានេះ ជាសមាសសភាពសមាជិកម្នាក់ (៣) ទៀត។
ដោយឡែក បើតាមការអះអាងពីលោក កឹម សុខា កាលពីថ្ងៃទី៣០ ខែមីនា ក្នុងពេលរំលឹកទី១៨ ឆ្នាំនៃការបោកគ្រាប់បែក មុខរដ្ឋសភាថា សមាសភាពទាំង៤ របស់ គ.ជ.ប ដែលជ្រើសរើស ដោយគណបក្សសង្គ្រោះជាតិ ភាគច្រើនចេញពីសង្គមស៊ីវិល។ លោក សម រង្ស៊ី ខ្លួនលោក ក៏ធ្លាប់បានអះអាងដូចគ្នាថា បេក្ខភាពទាំងបួន ដែលត្រូវមកធ្វើជាសមាជិក គ.ជ.ប ហើយត្រូវបានជ្រើសតាំងមាន២រូប ចេញពីគណបក្ស និង ២រូប ទៀតចេញពីសង្គមស៊ីវិល។ ពីររូបដែលចេញពីសង្គមស៊ីវិលនោះ អាចជ្រើសតាំងយក ប្រធានអង្គការខុមហ្វ្រែល លោក គល់ បញ្ញា (៥) និងប្រធានមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ លោក យ៉េង វីរៈ (៦)។ សូមអានអត្ថបទទាក់ទង៖ តើនណាខ្លះ អាចជាសមាជិកទាំង៩រូប របស់គ.ជ.ប ថ្មី?
ប្រភពខាងលើ បានទម្លាយឲ្យដឹងទៀតថា លោក ថាច់ សេដ្ឋា អតីតសមាជិកព្រឹទ្ធិសភា និងជាសមាជិក នៃគណកម្មការគណបក្សសង្គ្រោះជាតិ ដែលមានជំនាញខាងកិច្ចការបោះឆ្នោតនោះ ក៏នឹងអាចក្លាយជាសមាសភាព នៃសមាជិកគ.ជ.ប ថ្មីនេះ (៤) ម្នាក់ដែរ។
តែលោក ថាច់ សេដ្ឋា បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លោកមិនបានដឹងខ្លួនឡើយ ថានឹងមានការជ្រើសតាំង ពីគណបក្សសង្គ្រោះជាតិ ដោយតម្រូវឲ្យរូបលោក ក្លាយជាសមាជិកនៃ គ.ជ.ប ថ្មីនេះ។ យ៉ាងណា លោកកំពុងរៀបចំបេបបទ ស្នើសុំធ្វើជាបេក្ខភាព ជាសមាជិកមួយរូប ទៅកាន់រដ្ឋសភា។ លោកបានថ្លែងថា៖ «ទេ មកដល់ពេលនេះ ខ្ញុំមិនដឹងទេ។ មិនបានដឹងផង។ លិខិតតែងតាំង ឬជ្រើសរើស ក៏មិនទាន់មាន មិនទាន់បានទទួលនៅឡើយទេ។ បើមានមែន ក៏អបអរដែរ ឥឡួវខ្ញុំកំពុងរៀបចំ បំពេញបែបបទ ដាក់ពាក្យទៅរដ្ឋសភា សុំធ្វើជាសមាជិក គ.ជ.ប។»
តាមប្រភពព័ត៌មានស្និត នឹងគណបក្សប្រជាជនកម្ពុជា និងតាមប្រភព នៃមន្រ្តីគណបក្សសង្គ្រោះជាតិ ដែលស្និតនឹងគណបក្សប្រជាជនកម្ពុជា បានលើកឡើងស្រដៀងគ្នា នឹងការអះអាងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងលើថា ក្រុមការងារចរចា ផ្នែកកិច្ចការបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា តែងតែរក្សានូវសមាសភាពដដែល នាពេលចចារម្តងៗ។ ដូច្នេះក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមចរចា ក្នុងកិច្ចការបោះឆ្នោតម្តងៗនោះ អាចក្លាយ ជាសមាសភាពសមាជិក គ.ជ.ប ថ្មី។ ក្រុមចចារ ក្រោមការដឹកនាំរបស់លោក ប៊ិន ឈិន នាពេលកន្លងមក រួមមានរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ព្រំ សុខា ក៏អាចជាសមាជិកម្នាក់(៧), រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក កើត រិទ្ធ អាចជាសមាជិកម្នាក់(៨), និងតំណាងរាស្រ្តបណ្ឌលកំពង់ធំ លោក ស៊ិក ប៊ុនហុក អាចជាសមាជិកម្នាក់ទៀត(៩)។
ដូច្នេះ ជាសរុបមកវិញ សមាជិកទាំង៩ របស់ គ.ជ.ប ថ្មី អាចជា (កំណត់លេខរៀង ដែលចេញឈ្មោះ តាមអត្ថបទនេះ)៖
១- លោក ហង្ស ពុទ្ធា តំណាងមកពី អង្គការសង្គមស៊ីវិល
២- លោក គួយ ប៊ុនរឿន តំណាងមកពី គណបក្សសង្គ្រោះជាតិ
៣- លោក ប៊ិន ឈិន តំណាងមកពី គណបក្សប្រជាជនកម្ពុជា
៤- លោក ថាច់ សេដ្ឋា តំណាងមកពី គណបក្សសង្គ្រោះជាតិ
៥- លោក គល់ បញ្ញា តំណាងមកពី គណបក្សសង្គ្រោះជាតិ
៦- លោក យ៉េង វីរះ តំណាងមកពី គណបក្សសង្គ្រោះជាតិ
៧- លោក ព្រំ សុខា តំណាងមកពី គណបក្សប្រជាជនកម្ពុជា
៨- លោក កើត រិទ្ធ តំណាងមកពី គណបក្សប្រជាជនកម្ពុជា
៩- លោក ស៊ិក ប៊ុនហុក តំណាងមកពី គណបក្សប្រជាជនកម្ពុជា។
យ៉ាងណាក៏ដោយ មកទល់ថ្ងៃទី៣ ខែមេសានេះ នៅមិនទាន់ មានប្រភពផ្លូវការណាមួយ អះអាង ឬបញ្ជាក់ពីបេក្ខភាព នៃសមាជិកទាំង៨របស់ គ.ជ.ប ថ្មីនេះជានណាខ្លះនៅឡើយ ដោយការដាក់ពាក្យ សុំជាសមាជិក គ.ជ.ប មិនទាន់ផុតសុពលភាពនៅឡើយ រហូតដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៥ខាងមុខនេះ៕