នគរបាលបាញ់បាតុករស្លាប់ នៅនេប៉ាល់
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី២០ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 21, 2015
- ប្រធានបទ: សិទ្ធិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមបាតុករទាំងនោះ សុទ្ធសឹងជាបណ្ដាជន ម៉ាដេស៊ី (Madhesi) ជនជាតិភាគតិចមួយ ក្នុងចំណោមជនជាតិភាគតិចជាច្រើន ដែលមានការបារម្ភថា ច្បាប់កំពូលដែលបានអនុម័ត្រថ្មី នឹងធ្វើការគៀបសង្កត់ ដោយស្របច្បាប់ទៅលើពួកគេ។ ច្បាប់រដ្ឋធម្មនុញ្ញថ្មី ដែលបានបែងចែកប្រទេសនេប៉ាល់ ទៅជា៧តំបន់ផ្សេងគ្នា ហើយអាចនឹងធ្វើឲ្យចំនួនតំណាងរាស្ត្រ នៅរដ្ឋសភាជាតិ មានការថយចុះ។ នេះបើតាមការផ្សាយឲ្យដឹង របស់ទីភ្នាក់ងារសារព័ត៌មានបារាំង អាអេហ្វប៉េ (AFP)។
រលកបាតុកម្មជាថ្មីនេះ បានធ្វើឡើងប្រឆាំងនឹងច្បាប់អាជ្ញាសិក ដែលបានដាក់ឲ្យដំណើរការ បន្ទាប់ពីអំពើហិង្សាជាច្រើន បានកើតឡើងនៅក្នុងសប្ដាហ៍ចុងក្រោយនេះ រវាងកងកម្លាំងអាជ្ញាធរ និងក្រុមបាតុករ នៃបណ្ដាជនភាគតិច ម៉ាដេស៊ី និង ថារូ (Tharu)។ អំពើហិង្សាក្នុងពេលកន្លងមក បានធ្វើឲ្យមនុស្ស៤០នាក់ បាត់បង់ជីវិត នៅទូទាំងប្រទេស។
នាយនគរបាលប្រចាំតំបន់ បានថ្លែងប្រាប់ទីភ្នាក់ងារ តាមទូរស័ព្ទថា៖ «មនុស្សម្នាក់ត្រូវបានសម្លាប់ នៅពេលដែលកងកម្លាំងអាជ្ញាធរ បានបើកការបាញ់ប្រហារ បន្ទាប់ពីមនុស្សរាប់ពាន់នាក់ បានចេញមកដើរនៅតាមផ្លូវ ដែលល្មើសនឹងច្បាប់អាជ្ញាសឹក» នាយនគរបាលនោះ បានអះអាងទៀតថា ក្រុមបាតុករបានធ្វើការវាយប្រហារ ទៅលើកងកម្លាំងនគរបាល ដោយប្រើដុំថ្ម និងដប។ លោកបានបន្ថែមថា មានអ្នករងរបួសច្រើននាក់ ទាំងសងខាង។
សូមបញ្ជាក់ដែរថា រដ្ឋធម្មនុញ្ញថ្មី ត្រូវបានអនុម័ត្រកាលពីថ្ងៃពុធ ដោយសម្លេងភាគច្រើន នៅក្នុងរដ្ឋសភានៃប្រទេសនេប៉ាល់។ យ៉ាងណាក៏ដោយ ក៏តួលេខខាងលើនេះ នៅមិនទាន់មានការបញ្ជាក់អះអាង ពីប្រភពឯករាជ្យណាផ្សេងទៀតនៅឡើយ មកទល់នឹងម៉ោងនេះ៕